ជាតិ
សេដ្ឋកិច្ច
កម្ពុជាខាតប្រមាណ២៤លានដុល្លារក្នុងមួយឆ្នាំ ដោយសារការបំបៅដោះកូនមិនបានពេញលេញ
× ការវិភាគថ្មីៗពីអង្គការយូនីសេហ្វ និងអង្គការស្បៀងអាហារពិភពលោក បង្ហាញថា កម្ពុជាខាតបង់ថវិកាប្រមាណ២៤លានដុល្លារក្នុងមួយឆ្នាំ ដោយសារការបំបៅកូនដោយទឹកដោះម្តាយមិនបានពេញលេញ។
ការប្រើប្រាស់ផលិតផលជំនួសទឹកដោះម្ដាយ (ម្សៅទឹកដោះសិប្បនិម្មិត) ដែលមានអាហារូបត្ថម្ភទាបជាងទឹកដោះម្ដាយ ដល់កុមារក្រោមអាយុ២ឆ្នាំ មានការកើនឡើងយ៉ាងឆាប់រហ័ស គឺជិតទ្វេដង ក្នុងចន្លោះឆ្នាំ២០០០-២០១០ ។ ការស្រាវជ្រាវ បានឲ្យដឹងទៀតថា ៤៣ ភាគរយនៃម្ដាយនៅភ្នំពេញ បានបំបៅទឹកដោះសិប្បនិម្មិត ដល់ទារក អាយុ០ ដល់៦ខែ។
ការប្រើប្រាស់អាហារូបត្ថម្ភមិនត្រឹមត្រូវ ដល់ទារក-កុមារ និងការប្រើប្រាស់ម្សៅទឹកដោះគោសិប្បនិម្មិត ដោយមិនបានបំបៅកូនដោយទឹកម្ដាយតែមួយមុខគត់ របស់ម្ដាយមួយចំនួនធំ បានធ្វើឲ្យមានហានិភ័យខ្ពស់ដល់ទារក-កុមារ។
ថ្លែងក្នុងវគ្គបណ្ដុះបណ្ដាលអ្នកសារព័ត៌មាន ស្ដីពីការចិញ្ចឹមទារកនិងកុមារ អនុក្រឹត្យលេខ១៣៣ និងការធ្វើការរាយការណ៍ប្រកបដោយប្រសិទ្ធភាព កាលពីថ្ងៃទី២០ តុលា លោក Keith Porter នាយកប្រតិបត្តិអង្គការ ហេឡែន ខេលល័រអន្តរជាតិ បានលើកឡើងថា៖ «ការបំបៅកូនដោយទឹកដោះម្ដាយភ្លាម អំឡុងម៉ោងដំបូងបន្ទាប់ពីសម្រាលរួច អាចទប់ស្កាត់ អត្រាមរណភាពទារកបានប្រហែល២០ភាគរយ។ លោក Keith Porter បានបន្ថែមថា កុមារដែលបានទទួលការបំបៅដោយទឹកដោះម្ដាយតែមួយមុខគត់រយៈពេល៦ខែដំបូង អាចកាត់បន្ថយជំងឺរាករូសវបាន ១១ដង និងជំងឺរលាកសួតបាន ១៥ដង បើធៀបនឹងកុមារមិនបានទទួលការបំបៅដោយទឹកដោះម្ដាយ។ ចំណែកការបន្តបំបៅកូនដោយទឹកដោះរហូតដល់២ឆ្នាំ ឬលើសពីនេះ អាចទទួលបានការលូតលាស់ និងបង្កើនសតិបញ្ញាស្មារតី។
ជាមួយគ្នានោះ លោកស្រីវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី នាយករងមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក នៃក្រសួងសុខាភិបាល បានលើកឡើងថា ការបំបៅកូនដោយទឹកដោះសិប្បនិម្មិតអាចធ្វើឲ្យទារក និងកុមារ ប្រឈមទៅនឹងជំងឺជាច្រើន ដូចជា ជំងឺទឹកនោមផ្អែម លើសឈាម រលាកពោះវៀន រលាកស្រោមខួរ រលាកផ្លូវដង្ហើមស្រួចស្រាវ និងជំងឺកង្វះកាល់ស្យូម។ លោកស្រីវេជ្ជបណ្ឌិត បានបញ្ជាក់ថា ចំពោះម្ដាយដែលបានបំបៅកូនដោយទឹកដោះ អាចកាត់បន្ថយនៃការកើតជំងឺមហារីកសុដន់ និងមហារីកដៃស្បូនផងដែរ។
ក្នុងអំឡុងឆ្នាំ ២០០០ មានទារកអាយុពី០ ដល់៦ខែ តែ១១ ភាគរយប៉ុណ្ណោះ ដែលបានបំបៅដោយទឹកម្ដាយតែមួយគត់។ នៅឆ្នាំ២០០៥ បានកើនឡើងដល់៦០ភាគរយ និងកើនឡើងដល់៧៤ភាគរយ នៅឆ្នាំ២០១០ ។ ប៉ុន្តែដល់ឆ្នាំ២០១៤ អត្រានៃការបំបៅដោយទឹកម្ដាយតែមួយគត់ បានធ្លាក់ចុះមកត្រឹម ៦៥ ភាគរយ ជំនួសដោយការបំបៅកូនដោយទឹកដោះសិប្បនិម្មិត៕
© រក្សាសិទ្ធិដោយ thmeythmey.com