ពីនេះ ពីនោះ
ព័ត៍មានសុខភាព
​លេង​វីដេអូ​ហ្គេម​ច្រើន ល្អ​ដែរ​ទេ​?
22, Oct 2016 , 12:30 pm        
រូបភាព
ដោយ: ថ្មីៗ
​ការសិក្សា​បានបង្ហាញ​ថា ការលេង​វីដេអូ​ហ្គេម​ច្រើន​អាច​ពង្រឹង​ដល់​ការប្រើប្រាស់​ដៃ និង​ភ្នែក ជំនាញ​ក្នុងការ​ដោះស្រាយ​បញ្ហា និង​សមត្ថភាព​ក្នុងការ​ដំណើរការ​ព័ត៌មាន​អ្វីមួយ​ក្នុង​អារម្មណ៍​។​



​ពេលខ្លះ វីដេអូ​ហ្គេម​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​ដល់​សុខភាព​ច្រើនជាង​មាន​ប្រយោជន៍​ទៅវិញ​។ អ្នក​ដែល​ចំណាយពេល​អង្គុយលេង វីដេអូ​ហ្គេម​ច្រើនពេក គឺ​មិនបាន​ហាត់ប្រាណ​គ្រប់គ្រាន់​ឡើយ​។ ការ​កង្វះ​ការហាត់​ប្រាណ​អាចធ្វើ​ឲ្យ​កើតជា​បញ្ហា​ចំពោះ​សុខភាព​ច្រើន​ដែរ ជាពិសេស​ការ​ធាត់​ជ្រុល​តែម្តង​។​

​អ្នកជំនាញ​ក៏​បារម្ភ​ដែរ​ថា ការលេង​វីដេអូ​ហ្គេម​ច្រើនពេក​អាច​រំខាន​ដល់​ជីវិត​របស់​មនុស្ស ធ្វើ​ឲ្យ​ខូចខាត​ដល់​ទំនាក់ទំនង​មិត្តភាព ឬ​ការងារ​ក្នុង​សាលារៀន​តែម្តង​។ អ្នកជំនាញ​ខាង​ចិត្តសាស្ត្រ​មួយចំនួន​បញ្ជាក់ថា អ្នក​អាច​នឹង​ញៀន​ការលេង​ហ្គេម​នេះ​រហូតដល់​អត់​វា​មិនបាន​។ ទោះបីជា​យ៉ាងនេះ​ក្តី វា​មិនទាន់មាន​មូលហេតុ​អ្វីមួយ​ច្បាស់លាស់​ដែលថា វីដេអូ​ហ្គេម​នេះ​ប៉ះពាល់​ដល់​ខុស​ក្បាល​ដូចម្តេច​ឡើយ​។​

​ថ្វីបើ​រឿង​ខាងលើ​ជា​អ្វីដែល​គិតថា​មាន​បញ្ហា​ក៏ដោយ ប៉ុន្តែ​សម្រាប់​សម័យ​បច្ចុប្បន្ន​ដែល​ហ្គេម​កាន់តែ​ទំនើប​ទៀត​នោះ ទើប​ធ្វើ​ឲ្យ​វីដេអូ​ហ្គេម​ភាគច្រើន​ផ្ទុក​ទៅដោយ​វិធីសាស្ត្រ​ភ្ញោ​ច​ដល់​ខួរក្បាល​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​កើតមាន​ក្នុងពេល​កំពុងតែ​លេង​វា ប៉ុន្តែ​ពេលខ្លះ​វា​ក៏​រំខាន​ដល់​ជីវិត​រស់នៅ​មិន​ឲ្យ​ធ្វើ​អ្វី​ផ្សេង​ក្រៅពី​អង្គុយ​សំកុក​លេង​ដែរ​។​

​វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​នោះ​គឺថា អ្នក​ត្រូវតែ​ដាក់​កំហិត​ខ្លួនឯង ដោយ​លេង​ហ្គេម​តែ ១ ទៅ​២​ម៉ោង​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ​បាន​ហើយ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com