ជាតិ
ថ្ពាល់ខួច​ជាម​ន្ត​ស្នេហ៍ និង​ជា​សម្រស់​ទាក់ទាញ​…
22, Oct 2016 , 3:30 pm        
រូបភាព
​ភ្នំពេញ​៖ អ្នកខ្លះ​គិតថា បុរស និង​នារី ដែលមាន​ថ្ពាល់ខួច អាចជា​មនុស្ស​មានសំណាង រួសរាយ រាក់ទាក់ និង​មាន​មន្ត​ស្នេហ៍​។ បើទោះបីជា​គ្មាន​ការសិក្សា​ណា​បញ្ជាក់ថា មនុស្ស​មាន​ថ្ពាល់ខួច ជា​មនុស្ស​មានសំណាង និង​ជា​បុគ្គល​មាន​មន្ត​ស្នេហ៍​ទាក់ទាញ​ក៏ដោយ  ក៏ប៉ុន្តែ​មនុស្ស​មួយចំនួន ជឿជាក់ថា អ្នកមាន​ថ្ពាល់ខួច ច្រើន​មានសំណាង និង​ត្រូវបាន​អ្នកផង​ទាំងពួង​ចូលចិត្ត​រាប់អាន​។



​មិនមែន​តែ​នារី​នោះទេ ដែលមាន​ថ្ពាល់ខួច​។ តែ​បុរសៗ​ក៏មាន​ថ្ពាល់ខួច​គួរ​ឲ្យ​ស្រឡាញ់​ដែរ​។ យុវជន ជី ដា​ណា ច្រើន​បញ្ចេញ​សម្រស់​ថ្ពាល់​របស់លោក​នៅពេល​គាត់​បង្ហាញ​ភាព​ញញឹម​។ នៅពេល​គាត់​ញញឹម ថ្ពាល់​ទាំងសងខាង​បញ្ចេញ​សម្រស់​ខួច​។ សម្រស់​ខួច​របស់លោក ជី ដា​ណា ធ្វើ​ឲ្យ​មនុស្ស​ដែល​និយាយ​ជាមួយ​លោក​មាន​អារម្មណ៍​ថា លោក ដា​ណា ញញឹម​ស្រស់​ប្រកបដោយ​មន្ត​ស្នេហ៍​។

​ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយ​នៅ​ទីក្រុង​ភ្នំពេញ លោក ជី ដា​ណា ដែល​ធម្មជាតិ​បានផ្តល់​ឲ្យ​រូបលោក​នូវ​ថ្ពាល់ខួច​ទាំងសងខាង​នោះ បាន​និយាយ​របៀប​កំប្លែង​បន្តិច​ទៅកាន់​អ្នកសារព័ត៌មាន​ថា​៖«​មាន​ថ្ពាល់ខួច ពេល​សើច ឬ​ញញឹម វា​មាន​ភាព​ទាក់ទាញ ហើយ​វា​អាច​លើក​សម្រស់ និង​កាត់បន្ថយ​ភាព​ចាស់​ដោយសារ​ស្នាម​ថ្ពាល់ខួច​»​។ ថ្ពាល់ខួច​មិនមែន​ត្រឹមតែ​ធ្វើ​ឲ្យ ដា​ណា មាន​ភាព​ទាក់ទាញ​ពី​អ្នកផ្សេង​ទេ​។ តែ​សម្រស់​នេះ ធ្វើ​ឲ្យ​អ្នកផ្សេង​ទប់​មិន​សរសើរ​យុវជន ដា​ណា មិនបាន​ឡើយ​។

​លោក ជី ដា​ណា បាន​ប្រាប់ទៀតថា​៖«​មាន​គេ​សរសើរ​ច្រើន​គួរសម​ដែរ ហើយ​មាន​គេ​ចូលចិត្ត​ឲ្យ​ខ្ញុំ​សើច ឬ​ញញឹម ឲ្យ​បាន​ច្រើន​ទៀតផង ព្រោះ​គេ​គិតថា​មាន​ប្រជាប្រិយ រួសរាយ រាក់ទាក់​។ ម្យ៉ាងទៀត បងប្អូន​ខ្ញុំ​ក៏បាន​ហៅ​ឈ្មោះ​ខ្ញុំ​ថា​«​ខួច​»​ផងដែរ​។ ជាពិសេស​ស្រីៗ​មួយចំនួន​ក៏​ចាប់អារម្មណ៍​នឹង​ស្នាម​ថ្ពាល់ខួច​របស់ខ្ញុំ​ថែម​ទៀតផង​»​។​


មាន​សម្បុរ​សណ្ដែកបាយ សក់វែង​ត្រឹម​ស្មា មាន​ថ្ពាល់ខួច ប្រកប​ទឹកមុខ​ញញឹម​ប្រិមប្រិយ​នោះ​គឺជា​កញ្ញា ផល លីវយី​។ យុវតី លីវយី ជា​និស្សិត​ឆ្នាំ​ទី​២ នៃ​សាកលវិទ្យាល័យ​កម្ពុជា ជា​នារី​ដែលមាន​ថ្ពាល់ខួច​ទាំងសងខាង​គួរ​ឲ្យ​ស្រឡាញ់ និង​ចាប់អារម្មណ៍​ពី​មនុស្ស​គ្រប់គ្នា​។ យុវតី លីវយី បាន​និយាយ​ប្រាប់ថា​៖«​ធ្លាប់មាន​គេ​សរសើរ​ថា ពេល​សើច​ទៅ​ឃើញ​ថ្ពាល់ខួច​ស្អាត​»​។ កញ្ញា លីវយី មាន​អារម្មណ៍​ចង់​សើច​ឲ្យ​បាន​ច្រើន ព្រោះ​បាន​បញ្ចេញ​ស្នាម​ថ្ពាល់ខួច​ដ៏​ស្រស់ស្អាត​។​


​ចំណែក​យុវជន លៀវ ពន្លក មាន​ថ្ពាល់ខួច​ទាំងសងខាង​ពី​កំណើត ក៏មាន​អារម្មណ៍​ពេញ​ចិត្តនឹង​សម្ផស្ស​ដែល​ទេវតា​ប្រទាន​ឲ្យ​ដែរ​។ លោក​ពន្លក បាន​និយាយថា​៖«​ខ្ញុំ​មាន​អារម្មណ៍​សប្បាយចិត្ត​ដែលមាន​ថ្ពាល់ខួច​ទាំងសងខាង​ពី​ធម្មជាតិ ហើយ​មនុស្ស​មួយ​ចំនូ​ន​មិនមាន​ដូច​ខ្ញុំ​។ ម្យ៉ាងទៀត ធ្លាប់មាន​គេ​ប្រាប់​ខ្ញុំ​ថា ពេល​ខ្ញុំ​ញញឹម​ទៅ​ចេញ​ថ្ពាល់ខួច​ទាំងសងខាង​ស្អាត ហើយ​បើ​និយាយ​ពី​សំណាង​វិញ​មាន​ខ្លះៗ​ដែរ​»​។


ងាក​មក​និយាយ​ពី​កញ្ញា សុខុន សុ​ម៉ា​ភា​វី វិញ​ម្តង​។ កញ្ញា​មាន​ថ្ពាល់ខួច​តែ​ម្ខាង​។ ម្តា​ង​ក៏​នាង​សប្បាយចិត្ត​ដែរ​។ នាង​បាន​ប្រាប់ថា​៖«​ខ្ញុំ​មាន​អារម្មណ៍​ធម្មតា ប៉ុន្តែ​ថ្ពាល់ខួច​បានធ្វើ​ឲ្យ​អ្នកដទៃ​ហៅ​ខ្ញុំ​ថា​ស្រី​ខួច ដោយសារ​ថ្ពាល់ខួច​នេះ​ផងដែរ​។ ម្យ៉ាងវិញទៀត ថ្ពាល់ខួច​ទាក់ទាញ​ការចាប់អារម្មណ៍​ពី​អ្នកដទៃ​»​។​

​កញ្ញា ពុ​ទ្ធី ហ៊ី​លែ​ន ជា​និស្សិត​វិទ្យាស្ថាន​វ៉ាន់ដា ដែលមាន​ថ្ពាល់ខួច​តែ​ម្ខាង​ផ្នែក​ខាងឆ្វេង បាន​លើកឡើងថា​៖«​ពេលមុន​ដំបូង​មាន​អារម្មណ៍​ធម្មតា ប៉ុន្តែ​នៅពេល​សើច​ឃើញ​ថ្ពាល់ខួច​ចឹ​ង​ទៅ ខ្ញុំ​មាន​អារម្មណ៍​ពេញចិត្ត​នឹង​ខ្លួនឯង ហើយ​ស្រឡាញ់​ថ្ពាល់ខួច​ដែល​ខ្លួនឯង​មាន​។ ខ្ញុំ​គិតថា មនុស្ស​ទាំងអស់​កើតមក​មិនមែន​សុទ្ធ​តែមាន​ថ្ពាល់ខួច​នោះទេ​។  ខ្ញុំ​គិតថា​ខ្ញុំ​ជា​មនុស្ស​មានសំណាង​។ ថ្ពាល់ខួច​អាច​តំណាង​ឲ្យ​ឈ្មោះ​ក៏បាន ព្រោះ​មាន​អ្នក​ហៅ​ឈ្មោះ​ខ្ញុំ​ថា​ស្រី​ខួច នៅពេលដែល​ឃើញ​មាន​ថ្ពាល់ខួច​។​

​ទាក់ទង​ទៅនឹង​រឿង​ថ្ពាល់ខួច​នេះ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ គឺ​ត្រង់​ថា ថ្ពាល់ខួច​ដែលមាន​ពី​ធម្មជាតិ​របស់​បុរស និង​នារី មិនថាតែ​ម្ខាង ឬ​ទាំងសងខាង​នោះទេ សុទ្ធតែ​បង្ហាញ​ពី​សម្រស់​ទាក់ទាញ​ទៅកាន់​មហាជន​។ តែ​រឿង​ថា សម្រស់​ខួច​មានសំណាង ឬក៏​គ្មាន​សំណាង​នោះ វា​ជា​រឿង​ផ្សេង​មួយទៀត​៕


Tag:
 ​ថ្ពាល់ខួច
© រក្សាសិទ្ធិដោយ thmeythmey.com