អន្តរជាតិ
អាមេរិក-ជប៉ុន ត្រៀមធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំជាលើកដំបូង ខណៈស្ថានភាពអាស៊ីបូព៌ាកំពុងតែតានតឹង សមាជិកកងទ័ពស្វ័យការពារជប៉ុន (Japan Times)
× ក្រសួងការពារជាតិជប៉ុន បានប្រកាសថា កងទ័ពស្វ័យការពារជប៉ុន (SDF) និងកងទ័ពអាមេរិក នឹងធ្វើសមយុទ្ធរួមគ្នាជាលើកដំបូងនៅចុងខែតុលារហូតដល់ដើមខែវិច្ឆិកាខាងមុខដ៏ខ្លីនេះ ដោយយោងតាមច្បាប់សន្តិសុខថ្មីដែលបានអនុម័តនៅឆ្នាំមុននោះ។ សមយុទ្ធនេះ ក៏រាប់បញ្ចូលទាំងសមយុទ្ធយោធាប្រឆាំងនឹងមីស៊ីលបាលីស្ទីកផងដែរ។
កងទ័ពស្វ័យការពារជប៉ុន និងកងទ័ពអាមេរិក នឹងធ្វើលំហាត់យោធារួមដែលមានឈ្មោះថា «Keen Sword» ចាប់ពីថ្ងៃទី៣០ខែតុលា ដល់ថ្ងៃទី១១ ខែវិច្ឆិកា ដែលនឹងមានការចូលរួមដោយកងទ័ពជើងគោក ទ័ពជើងទឹក និងទ័ពអាកាសជប៉ុន សរុប២៥០០០នាក់ និងទ័ពអាមេរិក ១១ ០០០នាក់។ Keen Sword គឺជាប្រភេទនៃលំហាត់យោធាមួយរបស់អាមេរិក និងជប៉ុន ដែលត្រូវបានធ្វើឡើងដើម្បីហ្វឹកហាត់ពីការការពារពីការឈ្លានពានពីខាងក្រៅ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Japan Times នៅថ្ងៃទី២២ ខែតុលានេះ។
តាមប្រភពព័ត៌មានដដែល លំហាត់យោធានោះ នឹងផ្តោតលើការហ្វឹកហ្វឺនជាច្រើនរួមមានទាំងការសង្គ្រោះ និងរុករកបន្ទាន់ ការឆ្លើយតបនឹងសកម្មភាពបន្ទាន់ និងជាពិសេសនោះ កងទ័ពទាំងពីរ ក៏នឹងធ្វើសមយុទ្ធយោធាក្នុងការចាត់វិធានការឆ្លើយតបទៅនឹងមីស្ទីលបាលីស្ទីកផងដែរ។
សូមជម្រាបផងដែរថា តាមច្បាប់សន្តិសុខថ្មីរបស់ជប៉ុនដែលបានអនុម័តជាផ្លូវការកាលពីឆ្នាំមុន កងទ័ពស្វ័យការពាររបស់ជប៉ុន (Self-Defense Forces) អាចមានលទ្ធភាពក្នុងអនុវត្តប្រតិបត្តិការយោធាជាច្រើនរួមមានទាំងភស្តុភា និងផ្គត់ផ្គង់អាមេរិកកងទ័ពអាមេរិក និងកងទ័ពបរទេស និងប្រតិបត្តិការសង្គ្រោះ និងអន្តរាគមន៍លើបញ្ហាសន្តិសុខក្រៅប្រទេសផងដែរ។
អ្វីគួរកត់សម្គាល់នោះ សមយុទ្ធយោធារវាងជប៉ុន និងអាមេរិកនេះ ត្រូវធ្វើឡើងស្របពេលដែលស្ថានភាពនៅតំបន់អាស៊ីបូព៌ាកំពុងតែមានភាពតានតឹងស្រាប់នោះ។ ស្ថានភាពតានតឹងនោះ គឺការបាញ់សាកល្បង និងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះឯង។ ក្នុងឆ្នាំ២០១៦នេះ កូរ៉េខាងជើង បានបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ ដែលរួមទាំងមីស៊ីលបាលីស្ទីកជាច្រើនលើកច្រើនសារមកហើយ។ ក្នុងនោះ កូរ៉េខាងជើង ក៏ធា្លប់បាញ់សាកល្បងមីស៊ីល ធ្លាក់ចូលដែនទឹករបស់ជប៉ុន ដែលលោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្សូ អាបេ ចាត់ទុកថាជាសកម្មភាពព្រហើន និងព្រមានមិនលើកលែងឲ្យវិញផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com