អន្តរជាតិ
ចិន ខឹងសម្បារខ្លាំង ក្រោយអាមេរិក បញ្ជូននាវាចម្បាំងក្បែរតំបន់កោះដែលខ្លួនគ្រប់គ្រងនៅសមុទ្រចិនខាងត្បូង
× រដ្ឋាភិបាលក្រុងប៉េកាំង បានខឹងសម្បារនឹងរដ្ឋាភិបាលក្រុងវ៉ាស៊ីន ដែលបានបញ្ជូននាវាចម្បាំងទៅក្បែរតំបន់ប្រជុំកោះប៉ារ៉ាស្សែលនៃសមុទ្រចិនខាងត្បូង ដែលចិន បានចាត់ទុកថាជាតំបន់ស្ថិតក្រោមអធិបតេយ្យរបស់ខ្លួននោះ។ ក្រុងប៉េកាំង បានចាត់ទុកសកម្មភាពល្បាតនាវាចម្បាំងរបស់ក្រុងវ៉ាស៊ីនតោនថាជាសកម្មភាពបំពានធ្ងន់ធ្ងរ និងខុសច្បាប់។
ក្រសួងការពារជាតិចិន នៅយប់ថ្ងៃសុក្រទី២១ ខែតុលាម្សិលមិញ បានចេញសេចក្តីថ្លែងការណ៍ក្នុងគេហទំព័រខ្លួន ដោយអះអាងថា នាវាល្បាតចិនពីរគ្រឿង បានព្រមាន នាវាអាមេរិកមួយគ្រឿង ក្រោយពីនាវានោះ បានចូលក្នុងដែនទឹករបស់ចិន ដែលក្បែរនឹងបណ្តុំកោះប៉ារ៉ាស្សែល (Paracel Islands) នៃសមុទ្រចិនខាងត្បូង។
ជុំវិញបញ្ហានេះ ក្រសួងការបរទេសចិន ក៏បានចេញសេចក្តីថ្លែងការណ៍ដាច់ដោយឡែក ដោយបានចោទថា សកម្មភាពនោះ បានបំពានអធិបតេយ្យ និងផលប្រយោជន៍សន្តិសុខរបស់ចិនយ៉ាងធ្ងន់ធ្ងរ។ សេចក្តីថ្លែងការណ៍ដដែលនោះ ក៏បានបន្តទៀតថា សកម្មភាពនោះ ក៏បានរំលោភទាំងច្បាប់របស់ចិន និងច្បាប់អន្តរជាតិទៀតផង។
នៅថ្ងៃទី២១ ខែតុលានោះដែរ ក្រសួងការពារជាតិអាមេរិក បានអះអាងថា អាមេរិក បានបញ្ជូននាវាចម្បាំងប្រភេទ USS Decatur ក្បែរតំបន់កោះប៉ារ៉ាស្សែល តែ មិនមែនក្នុងតំបន់រយៈចម្ងាយ ១២ nautical mile នោះទេ។ ជាងនេះទៅទៀត ក្រសួង ក៏បានបញ្ជាក់ដែរថា សកម្មភាពនោះ ធ្វើឡើងដោយស្របតាមច្បាប់អន្តរជាតិ ជាពិសេសនោះ សេរីភាពនៃការធ្វើនាវាចរណ៍។
សូមជម្រាបផងដែរថា ជម្លោះសមុទ្រចិនខាងត្បូង គឺជាជម្លោះអធិបតេយ្យ ដែលមានរដ្ឋពាក់ព័ន្ធដូចជា ព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម និងចិន។ ចិន បានទាមទារស្ទើរតែតំបន់ទាំងស្រុងនៃតំបន់ជម្លោះដោយយោងតាមកត្តាប្រវត្តិសាស្ត្រ ខណៈរដ្ឋផ្សេងទៀត ទាមទារដោយយោងតាមច្បាប់អន្តរជាតិ។
បើទោះបីជាអាមេរិក មិនមែនជាភាគីជម្លោះក៏ដោយ អាមេរិក បានលូកដៃយ៉ាងសកម្មក្នុងជម្លោះនេះ តាមរយៈទាំងការចេញសេចក្តីថ្លែងការណ៍រិះគន់សកម្មភាពចិន និងការបញ្ជូននាវាល្បាត និងយន្តហោះស៊ើបការណ៍នៅតំបន់ជម្លោះ ដោយអះអាងថា ធ្វើតាមច្បាប់អន្តរជាតិដើម្បីប្រឆាំងនឹងចិន។ វត្តមានរបស់អាមេរិកនៅក្នុងតំបន់ជម្លោះនោះ ក៏មានហេតុផលមួយផ្នែកដើម្បីជួយជ្រោមជ្រែង និងការពារសម្ព័ន្ធមិត្តខ្លួនដូចជាហ្វីលីពីន និងវៀតណាម ដែលកំពុងតែប្រឈមនឹងចិននៅក្នុងតំបន់ជម្លោះនោះ។
អ្វីដែលគួរកត់សម្គាល់នោះ ការបង្ហាញវត្តមាននាវាល្បាតអាមេរិកនៅក្នុងសមុទ្រចិនខាងត្បូង ស្របពេលដែលអាមេរិក និងសម្ព័ន្ធមិត្តខ្លួនហ្វីលីពីនកំពុងតែមានភាពល្អក់កករលើកិច្ចសហប្រតិបត្តិការការពារផងដែរ។ លោកប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គូ ឌើទើតេ បានប្រកាសថាហ្វីលីពីន នឹងមិនផ្អែកលើអាមេរិកដើម្បីធានាពីវិស័យការពារជាតិរបស់ខ្លួនទៀតឡើយ។ នេះ ក៏មានន័យថា បើទោះបីជាអាមេរិក មានបញ្ហាជាសម្ព័ន្ធមិត្តខ្លួននៅក្នុងតំបន់ក៏ដោយ អាមេរិក នៅតែមិនបញ្ឈប់សកម្មភាពខ្លួននៅក្នុងសមុទ្រចិនខាងត្បូងឡើយ៕
Tag:
ចិន
អាមេរិក
សមុទ្រចិនខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com