អន្តរជាតិ
យុវជន​និង​អ្នកជំនាញ​នយោបាយ​អាមេរិក​មួយចំនួន បារម្ភ​ពី​អំពើហិង្សា បើ​ត្រាំ​បដិសេធ​លទ្ធផល​បោះឆ្នោត
22, Oct 2016 , 5:30 pm        
រូបភាព
ដោយ: ថ្មីៗ
​កាលពី​ថ្ងៃ​ពុធ​បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​សាធារណរដ្ឋ លោក ដូ​ណា​ល់ ត្រាំ បាន​បដិសេធ​មិន​និយាយថា រូបលោក​នឹង​ទទួលយក​លទ្ធផល​នៃ​ការបោះឆ្នោត​ប្រធានាធិបតី​នៅ​ថ្ងៃទី ៨ ខែវិច្ឆិកា ខាងមុខ បើ​ខ្លួន​ចាញ់ឆ្នោត​នោះទេ​។ ជំហរ​របស់លោក ត្រាំ បែបនេះ បានធ្វើ​ឲ្យ​អ្នកសិក្សា​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​យុវជន​មួយចំនួន​នៅ​សហរដ្ឋ​អារ​ដ្ឋ​មេ​រិ​ក បារម្ភ​ពី​ការតវ៉ា ឬ​អំពើហិង្សា​កើតឡើង នៅពេលដែល​លោក ដូ​ណា​ល់ ត្រាំ បរាជ័យ ហើយ​បដិសេធ​លទ្ធផល​បោះឆ្នោត​នោះ​។



​ខណៈដែល​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក កាន់តែ​ខិតជិត​មកដល់ បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​សាធារណរដ្ឋ លោក ដូ​ណា​ល់ ត្រាំ បានប្រកាស  បានប្រកាស​ពី​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត ពោលគឺ​មានការ​រៀបចំ​លទ្ធផល​បោះឆ្នោត​ទុកជាមុន​។ កាលពី​យប់​ថ្ងៃ​ពុធ​ទី ១៩ ខែតុលា​នៅ​អំឡុងពេល​នៃ​ការជជែក​ដេញដោល​គ្នា​លើ​ទី ៣ និង​ជា​លើកចុងក្រោយ​រវាង​បេក្ខជន​ប្រធានាធិបតី​អាមេរិក​នៃ​គណបក្ស​ប្រជាធិបតេយ្យ និង​គណបក្ស​សាធារណរដ្ឋ លោក ដូ​ណា​ល់ ត្រាំ បាន​បដិសេធ​មិន​និយាយថា ខ្លួន​នឹង​ទទួលយក​លទ្ធផល​នៃ​ការបោះឆ្នោត​នៅពេល​ខាងមុខ​នោះទេ ប្រសិនបើ​ខ្លួន​ចាញ់ឆ្នោត​នោះឡើយ​។

​ជាការ​កត់សម្គាល់ ការប្រកាស​របស់លោក ដូ​ណា​ល់ ត្រាំ បែបនេះ បន្ទាប់ពី​លទ្ធផល​នៃ​ការស្ទង់មតិ​ជាច្រើន​នៅ​អាមេរិក​បានបង្ហាញ​ថា អ្នកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មាន​សំឡេងគាំទ្រ​ពី​ប្រជាពលរដ្ឋ​អាមេរិក​ច្រើនជាង​លោក ដូ​ណា​ល់​ត្រាំ ដល់​ទៅ​ប្រមាណ ១០ ភាគរយ​នៅ​ទូទាំងប្រទេស​អាមេរិក​។ វា​មានន័យថា ការរំពឹងទុក​ថា ទទួលបាន​ជ័យជំនះ​នាពេលខាងមុខ​របស់លោក​ត្រាំ ហាក់​នៅ​ឆ្ងាយ​បន្តិច​។

​លោក ឆាល ណូ​ប៊​ល ( Charles Npble) សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ នៅ​សកល​វិទ្យាល័យ California State University of Long Beach ក្នុង​រដ្ឋ​កាលីហ្វ័រ​នីញ៉ា មានប្រសាសន៍ថា លោក​មានការ​បារម្ភ​ខ្លាំងណាស់​ចំពោះ​ជំហរ​របស់​បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​សាធារណរដ្ឋ​ជុំវិញ​ដំណើរការ​នៃ​ការបោះឆ្នោត​ប្រធានាធិបតី​អាណត្តិ​នេះ​។ លោក​ថា កន្លងមក​មិនដែល​មាន​បេក្ខជន​ប្រធានាធិបតី​គណបក្ស​ណាមួយ ដែល​ចូលរួម​ប្រកួតប្រជែង​នៃ​ការបោះឆ្នោត​ហើយ ប្រកាស​មិន​ទុកចិត្ត​លើ​លទ្ធផល​នៃ​ការបោះឆ្នោត ដូចជា​លោក ត្រាំ នោះទេ​។ លោក ឆាល ណូ​ប៊​ល បន្ថែមថា ការមិនទុកចិត្ត​លើ​ការបោះឆ្នោត​របស់​ត្រាំ កំពុង​ក្លាយជា​បញ្ហា​ថ្មី​មួយ​នៅ​អាមេរិក​។

​ស្តាប់​ប្រសាសន៍​របស់លោក ឆាល ណូ​ប៊​ល នៅពេលដែល​ផ្តល់​បទសម្ភាសន៍​ដល់​អ្ន​ក​កាសែត​ខ្មែរ ដែល​កំពុងតែ​បំពេញ​ទស្សនកិច្ច​សិក្សា​នៅ​សហរដ្ឋអាមេរិក​ខាងក្រោម​៖





«​ខ្ញុំ​បារម្ភ​ពី​បញ្ហា​នេះ ពីព្រោះ​តែ​អ្នកគាំទ្រ​របស់លោក​ត្រាំ​មាន​កំហឹង​ក្នុង​ខ្លួន​ខ្លាំង ហើយ​ភាគច្រើន​នោះ គឺមាន​កាំភ្លើង​។ នាពេល​កន្លងមកនេះ មាន​គេ​សម្ភាសន៍​អ្នកគាំទ្រ​លោក ដូ​ណា​ល់ ត្រាំ ដ៏​មុះ​មុត​នោះ គឺថា បើ​គណបក្ស​សាធារណរដ្ឋ​ចាញ់ឆ្នោត អាច​នឹងមាន​បដិវត្ត​កើតឡើង​។ ខ្ញុំ​យល់ថា អាច​នឹងមាន​អំពើហិង្សា ហើយ​អ្វីដែល​ខ្ញុំ​បារម្ភ​កាន់តែខ្លាំង​នោះ គឺ​ខ្លាច​មានការ​ធ្វើឃាត​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ទៀតផង​។ ពីព្រោះ​នៅក្នុង​ចិត្ត​អ្នកគាំទ្រ​លោក​ត្រាំ ចាត់ទុក​អ្នកស្រី គ្លី​ន​តុ​ន ប្រៀប​បីដូច​ជា​បិសាច​។ ពួកគេ​យល់ថា បញ្ហា​ដែល​កើតឡើង​នៅ​សហរដ្ឋអាមេរិក​ទាំង​ប៉ុន្មាន​សព្វថ្ងៃ ដោយសារតែ​អ្នកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន នេះឯង​។ វា​ជា​រឿង​គ្រោះថ្នាក់​ខ្លាំងណាស់​»​។



​ទាក់ទង​នឹង​បញ្ហា​ការលើកឡើង​ពី​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​របស់​បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​សា​ធារ​រដ្ឋ លោក ដូ​ណា​ល់ ត្រាំ វិញ សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​ខាងលើ យល់ថា លោក ដូ​ណា​ល់ ត្រាំ គ្រាន់តែ​និយាយ​ឲ្យ​តែ​រួចពីមាត់​តែប៉ុណ្ណោះ​។ តែ​យ៉ាងណា លោក​ទទួលស្គាល់ថា ជា​ការពិត​ការបោះឆ្នោត​មិនអាច​ត្រឹមត្រូវ​ទាំងអស់​នោះទេ វា​អាច​នឹងមាន​បញ្ហា​ខ្លះ​ដែរ​នៅ​តំបន់​មួយចំនួន ក៏ប៉ុន្តែ​វា​មិនអាច​ធ្វើ​ឲ្យ​ការបោះឆ្នោត​នៅ​អាមេរិក​ទាំងមូល​មាន​ភាពមិនប្រក្រតី​ដល់​ថ្នាក់​រៀបចំ​លទ្ធផល​ទុកជាមុន​នោះឡើយ​។​

​ស្តាប់​ប្រសាសន៍​របស់លោក ឆាល ណូ​ប៊​ល ខាងក្រោម​៖




« លោក​ត្រាំ គ្រាន់តែ​និយាយ​ឲ្យ​រួចពីមាត់ ដើម្បី​ការពារ​ខ្លួន​ទុកជាមុន នៅពេលដែល​ខ្លួន​មិន​ជាប់ឆ្នោត​ប៉ុណ្ណោះ​។ គាត់​និយាយ ដើម្បី​ត្រៀម​ផ្លូវ​ទុក​រកស៊ី ដើម្បី​រក្សា​របរ​របស់​គាត់​។ ព្រោះ​មួយរយៈ​នេះ សណ្ឋាគារ និង​កន្លែង​វាយ​កូន​ហ្គោល​របស់គាត់ មិនសូវមាន​ភ្ញៀវ​នោះទេ​»​។​

​លោក Ed Horowitz សាស្ត្រាចារ្យ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​សកល​វិទ្យាល័យ Cleveland State ក្នុង​រដ្ឋ Ohio យល់ឃើញ​ស្រដៀង​នឹង​លោក​សាស្ត្រាចារ្យ ឆាល ណូ​ប៊​ល ដែរ​ថា ការមិនទុកចិត្ត​លើ​ការបោះឆ្នោត​របស់លោក ដូ​ណា​ល់ ត្រាំ និង​អ្នកគាំទ្រ​ខ្លួន ធ្វើ​ឲ្យ​គេ​បារម្ភ​ពី​អំពើហិង្សា​កើតឡើង​នៅពេលដែល​លោក​ត្រាំ បរាជ័យ​នៅក្នុង​ការបោះឆ្នោត ហើយ​មិន​ទទួលយក​លទ្ធផល​។ ជាងនេះទៅទៀត បើតាម​លោក Ed Horowitz បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ​នោះ គឺ​ពលរដ្ឋ​អាមេរិកាំង​មាន​សិទ្ធិ​កាន់​កាំភ្លើង ដែល​ធ្វើ​ឲ្យ​គេ​បារម្ភ​ខ្លាច​ផ្ទុះអាវុធ​នៅពេលដែល​អ្នកគាំទ្រ​លោក​ត្រាំ​តវ៉ា​មិន​ទទួលយក​លទ្ធផល​នៃ​ការបោះឆ្នោត​។​



​យុវជន​អាមេរិកកាំង Devd Ochoa និង​យុវជន​អាមេរិកាំង​ម្នាក់ទៀត មាន​ដើមកំណើត​មិច​ស៊ី​កូ ឈ្មោះ Ivan Carcia  ដែល​សុទ្ធតែជា​និស្សិត​នៅ​សកលវិទ្យា​ល័យ ​CSUlB University ក្នុង​ទីក្រុង​ឡុង​ប៊ិច រដ្ឋ​កាលីហ្វ័រ​នីញ៉ា បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ពួកគេ​បារម្ភ​ដូចគ្នា​ខ្លាច​អំពើហិង្សា​កើតឡើង ប្រសិនបើ​លទ្ធផល​បោះឆ្នោត​ចេញមក លោក ដូ​ណា​ល់ ត្រាំ មិន​ទទួលយក​លទ្ធផល​នេះ​។ យុវជន Devd Ochoa បញ្ជាក់​យ៉ាងនេះ​ថា​៖ « ក្នុងនាម​ជា​យុវជន ខ្ញុំ​មានការ​បារម្ភ​ខ្លាំង​មែនទែន​។ ពីព្រោះថា ករណី​បេក្ខជន​មិន​ព្រម​ប្រកាសថា ខ្លួន​នឹង​ទទួលយក​លទ្ធផល​នៃ​ការបោះឆ្នោត វា​មិនដែល​កើតឡើង​សោះ​។ ខ្ញុំ​យល់ថា អ្វីដែល​លោក​ត្រាំ និយាយថា ការបោះឆ្នោត​នោះ​មិន​ត្រឹមត្រូវ មានការ​រៀបចំ​លទ្ធផល​នៃ​ការបោះឆ្នោត វា​នឹងធ្វើ​ឲ្យ​គាត់​កាត់​តែ​ធ្លាក់ចុះ​ប្រជាប្រិយភាព​បន្ថែមទៀត​»។

តែ​យ៉ាងណា យុវជន​អាមេរិកកាំង​ម្នាក់ដើមកំណើតអេស្បាញ​ឈ្មោះ Ed Adnor និស្សិត​នៅ​សកល​វិទ្យាល័យ ​CSUlB University ដែរនោះ​ យល់ឃើញថា ការបោះឆ្នោត​នៅក្នុង​អាណត្តិ​នេះ អាច​នឹង​មានការ​លម្អៀង​ខ្លះ​ទៅលើ​គណបក្ស​សាធារណរដ្ឋ​។ និស្សិត​រូបនេះ ដែល​អះអាងថា ខ្លួន​នឹង​បោះឆ្នោត​ឲ្យ​លោក ត្រាំ នោះ បានបញ្ជាក់​បែបនេះ​ថា​៖ «​ខ្ញុំ​ថា ទូទៅ យ៉ាងហោចណាស់​មានការ​រៀបចំ​តិច​តូច នឹង​លម្អៀង​ខ្លះ​ដែរ​ទៅរក​គណបក្ស​ប្រជាធិបតេយ្យ​របស់​អ្នកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន​»៕​



© រក្សាសិទ្ធិដោយ thmeythmey.com