ពីនេះ ពីនោះ
តើពាក្យ នំប៉័ង មានប្រភពមកពីណា?
× ខ្មែរគ្រប់រូបចេះពិសា នំប៉័ង។ ពិសា នំប៉័ង រួចហើយ ពួកគេច្រើនគិតថា នំប៉័ង ជានំមានរសជាតិឆ្ងាញ់។ គេអាចពិសា នំប៉័ង ទទេ, ពិសាជាមួយស្ករស, ពិសាជាមួយកាហ្វេ, ពិសាជាមួយខគោ ឬពិសា នំប៉័ង ជាមួយសាច់ជាដើម។ ពិសា នំប៉័ង ជាមួយសាច់ គេច្រើនហៅថា នំប៉័ងសាច់។ ពិសា នំប៉័ង ឆ្ងាញ់, តើគេដឹងទេថា ពាក្យ«នំប៉័ង»នេះ មានប្រភពមកពីណា?
មនុស្សមួយចំនួន ជាពិសេស អ្នកមានវ័យចំណាស់អាចដឹងឫសគល់នៃពាក្យនេះ។ តែយុវជនជំនាន់ថ្មីមិនបានដឹងពីប្រភពនៃពាក្យនេះទេ។ ពាក្យ នំប៉័ង គឺមានប្រភពមកពីភាសាបារាំងថា Pain។ ពាក្យ Pain ជាភាសាបារាំង មានន័យថា អាហារមួយប្រភេទធ្វើឡើងដោយម្សៅសាលី មានសណ្ឋានជានំដុតចម្អិនក្នុងឡ។
អ្វីដែលគួរឲ្យកត់សម្គាល់នៅក្នុងពាក្យនេះ បើគេគ្រាន់តែលុបពាក្យនំចេញពីពាក្យ ប៉័ង, ពាក្យ ប៉័ង ក្លាយទៅជាស្នូរនៃការប៉ះទង្គិចគ្នាទៅវិញ។ ឧទាហរណ៍ថា ទង្គិចក្បាលប៉័ង បាញ់ប៉័ង។ល។
គួររម្លឹកផងដែរថា នំប៉័ង គឺជានំដែលជនជាតិអឺរ៉ុបផលិតមុនខ្មែរ។ ជនជាតិខ្មែរចេះផលិតនំប្រភេទនេះ ពីជនជាតិបារាំងដែលបានមកដាក់អាណានិគមនិយមលើកម្ពុជាពីឆ្នាំ១៨៦៣ ដល់ឆ្នាំ១៩៥៣៕
© រក្សាសិទ្ធិដោយ thmeythmey.com