អន្តរជាតិ
មន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់​អាមេរិក នឹង​បំពេញ​ទស្សនកិច្ច​នៅ​ហ្វីលីពីន ថៃ និង​កម្ពុជា​ដើម្បី​ជជែក​ពី​ទំនាក់ទំនង​ទ្វេភាគី​
22, Oct 2016 , 10:30 pm        
រូបភាព
លោកឧបការី Danial R. Russel
លោកឧបការី Danial R. Russel
ដោយ:
​ឧបការី​ទទួលបន្ទុក​កិច្ចការ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក លោក Daniel R. Russel នឹង​បំពេញ​ទស្ស​កិច្ច​នៅក្នុង​ប្រទេស​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ចំនួន​បី រួមមាន​ហ្វីលីពីន ថៃ​និង​កម្ពុជា ដែល​ត្រូវ​ចាប់ផ្តើម​ពីថ្ងៃ​ទី​២១​ដល់​ថ្ងៃទី​២៨ ខែតុលា​នេះ​។ ដំណើរ​ទស្សនកិច្ច​រប​ស់លោក ត្រូវបាន​ធ្វើឡើង ស្រប​ពេលដែល​ស្ថានភាព​ទំនាក់ទំនង​អាមេរិក និង​ហ្វីលីពីន កំពុង​តែមាន​ភាពល្អក់​កករ​ជាមួយនឹង​គ្នា​ផងដែរ​។

 


​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​អាមេរិក លោក​ឧបការី Daniel R. Russel នឹង​បំពេញ​ទស្សនកិច្ច​នៅក្នុង​ក្រុង​ម៉ានីល​នៃ​ប្រទេស​ហ្វីលីពីន​នៅ​ថ្ងៃទី​២២-២៥ ខែតុលា ដើម្បី​ជួបពិភាក្សា​ជាមួយនឹង​រដ្ឋាភិបាល​ហ្វីលីពីន និង​យុវជន​នៃ​គំនិត​ផ្តួចផ្តើម YSEALI​។

​មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​រូបនោះ នឹង​បន្តដំណើរ​ទៅកាន់​ថៃ​នៅ​ថ្ងៃទី​២៥-២៦ ដោយ​លោក នឹងចូលរួម​គោរព​វិញ្ញាណក្ខន្ធ​ព្រះមហាក្សត្រ​ថៃ Bhumibol Adulyadej ក៏ដូចជា​ជជែក​ពី​ទំនាក់ទំនង​ទ្វេភាគី និង​បញ្ហា​ក្នុង​តំបន់​ជាមួយនឹង​រដ្ឋាភិបាល​ក្រុង​បាងកក​ផងដែរ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល ដែល​បាន​បន្តទៀតថា លោក​ឧបការី នឹង​ឆ្ពោះ​មកកាន់​កម្ពុជា​ដែលជា​ទិសដៅ​ចុងក្រោយ​នៃ​ដំណើរ​ទស្ស​កិច្ច​នៅក្នុង​តំបន់​នៅ​ថ្ងៃទី​២៧ ខែតុលា ដោយ​លោក ក៏​ជួបពិភាក្សា​ជាមួយនឹង​រដ្ឋាភិបាល​ក​ម្ពុ​ជា និង​មន្ត្រី​បក្សប្រឆាំង ក៏ដូចជា​សង្គម​ស៊ីវិល​ជាដើម​ផងដែរ​នោះ​។

​អ្វី​គួរកត់សម្គាល់​នោះ ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ឧបការី​អាមេរិក​រូបនោះ​ទៅកាន់​ហ្វីលីពីន ស្របពេល​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​កំពុងតែ មាន​ភាព​ល្អក់កករ​ខ្លាំង ដ្បិត​ប្រធានាធិបតី​ហ្វីលីពីន​ថ្មី លោក រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ បានប្រកាស​ជំហរ​ប្រឆាំងនឹង​អាមេរិក និង​ជេរប្រមាថ​ប្រធានាធិបតី​អាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា ផងដែរ​។ ហើយ​នៅ​ថ្ងៃទី​១៩ ខែតុលា​កន្លងទៅ ក៏មាន​ក្រុមបាតុករ​ហ្វីលីពីន​ជាច្រើន​នាក់ បាន​ផ្ទុះ​បាតុកម្ម​នៅមុខ​ស្ថានទូត​អាមេរិក​ប្រចាំ​ក្រុង​ម៉ានីល​ដើម្បី​ទាមទារ​ឲ្យ​កងទ័ព​អាមេរិក​ចាក​ចេញពី​ប្រទេស​របស់​ពួកគេ​ទៀតផង​។

​តែ​យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​លោក Jonh Kirby  បានបញ្ជាក់​នា​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ​នៅ​ថ្ងៃទី​២០​ខែតុលា​កន្លងទៅ​ថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក Daniel R. Russel នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ជាពិសេស​នៅ​ហ្វីលីពីន គឺ​ស្របតាម​ផែនការ​ដែល​គ្រង​ទុកជា​ច្រើន​ខែ​មកហើយ​៕


Tag:
 អាមេរិក​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com