បទយកការណ៍ / បទសម្ភាសន៍
តើ​កម្ពុជា​ក្រោម បាត់បង់​ដោយ​របៀប​ណា​?
22, Oct 2016 , 8:30 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រយៈពេល​៦៧​ឆ្នាំ​ហើយ ដែល​ទឹកដី​កម្ពុជា​ក្រោម ស្ថិតក្រោម​ការគ្រប់គ្រង​របស់​វៀតណាម​។ អតីត​ខេត្ត​ខ្មែរ​ទាំង​២១​នេះ ត្រូវ​បារាំង​កាត់​ឲ្យ​វៀតណាម​នៅ​ថ្ងៃទី​០៤ មិថុនា ឆ្នាំ​១៩៤៩   ដើម្បី​លើកទឹកចិត្ត​វៀតណាម​ខាងត្បូង ប្រឆាំង​ចលនា​កុម្មុយនីស្ត​វៀតណាម​ខាង​ជើង ដែល ដឹកនាំ​ដោយ លោក ហូ ជី​មិញ​។  តើ​កម្ពុជា​ក្រោម​បាត់បង់​ដោយ​របៀប​ណា​?

 


​ជា​បន្ត​សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​រវាង លោក រ៉ឹ​ម ភា​រី អ្នកយកព័ត៌មាន របស់​សារព័ត៌មាន​អេ​ឡិច​ត្រូ​និ​ច​ថ្មីៗ ជាមួយ បណ្ឌិត ដៀប សុផល សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ និង​ទំនាក់ទំនង​អន្តរជាតិ ដូចតទៅ​៖             




​លោក ដៀប សុផល បាន​ថ្លែងថា បារាំង​បាន​កាត់​ទឹកដី​កម្ពុជា​ក្រោម​ឲ្យ​វៀតណាម តាមរយៈ​សន្ធិសញ្ញា​ឆ្នេ​រយ៉ា​ឡុង នៅ​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​១៩៤៩​។  លោក​បាន​ពន្យល់​ពី​មូលហេតុ​ដែល​នាំ​បាត់បង់​កម្ពុជា​ក្រោម ដោយ​រម្លឹក​ពី​ការធ្លាក់ចុះ​ដុនដាប របស់​អំណាច​ខ្មែរ​នៅក្នុង​រជ្ជកាល​របស់​ព្រះបាទ​ជ័យជេដ្ឋា​ទី​២ ដោយសារ​សម្ពាធ​ប្រទេសជិតខាង​ពីរ គឺ​សៀម និង​យួន​។ ការ​គា​បស​ង្គ​ត់​ពី​សៀម បានធ្វើ​ឲ្យ​ព្រះអង្គ​ចាប់ដៃ​ជាមួយ​វៀតណាម ដើម្បី​ទប់​ជាមួយ​សៀម​។ «​នេះ​ជា​នយោបាយ​រំដោះខ្លួន ដើម្បី​ការពារ​ខ្លួន ប៉ុន្តែ នយោបាយ​របស់​ព្រះអង្គ បានផ្តល់​ឥទ្ធិ​ព​ផល​អាក្រក់​ដល់​អ្នកជំនាន់ក្រោយ​»​។ នេះ​ជាការ​អះអាង​បញ្ជាក់​របស់លោក ដៀប សុផល ដោយ​ពន្យល់​បន្ថែមថា ដើម្បី​ភ្ជាប់​ទំនាក់​ទ​នង​ជាមួយ​វៀតណាម ក្រៅពី​ព្រម​ទទួលយក​បុត្រី​របស់​ស្តេច​វៀតណាម មក​ធ្វើជា​មហេសី ស្តេច​ជ័យជេដ្ឋា​ទី​២ បានអនុញ្ញាត​ឲ្យ​ប្រជាជន​វៀតណាម រស់នៅ​លើដី​សណ្ត​ទន្លេមេគង្គ​នៅ​កម្ពុជា​ក្រោម ដោយ​បង្គាប់​ឲ្យ​បង់ពន្ធ​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​ដូច​ប្រជាជន​ខ្មែរ​ដែរ​។​

​បើតាម លោក ដៀប សុផល បន្ទាប់ពី​ការ​អនុ​អញ្ញាត​របស់​ព្រះអង្គ​មក ជនជាតិ​វៀតណាម បាន​ហូរ​ចូលមក​កម្ពុជា​ក្រោម កាន់តែ​ច្រើនឡើងៗ​។ លោក​បញ្ជាក់​ពី​មូល​ហេតុដែល​ព្រះអង្គ​យល់ព្រម​ឲ្យ​ប្រជាជន​វៀតណាម​មក​រស់នៅ​លើដី​ខ្មែរ​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​ជឿថា ព្រះអង្គ​ត្រូវ​ការពឹង​វៀតណាម ដើម្បី​ប្រឈមមុខ ជាមួយ​កងទ័ព​សៀម ដែល​កំពុង​គាបសង្កត់​ខ្មែរ​។ បើសិន​ព្រះអង្គ​ដឹងថា ថ្ងៃក្រោយ​ទៅ ទឹកដី​កម្ពុជា​ក្រោម ក្លាយជា​របស់​វៀតណាម ព្រះអង្គ​ក៏​មិន​អនុញ្ញាត​នោះទេ​។ ប៉ុន្តែ ក្នុងនាម​ជា​អ្នកនយោបាយ គឺ​ត្រូវតែ​គិតគូរ​ឲ្យ​បាន​វែងឆ្ងាយ​អំពី​មរតក​នយោបាយ​របស់​ខ្លួន​ថា តើ​កូនចៅ​ជំនាន់​ក្រោយ​នឹង​ទទួល​អ្វីខ្លះ​ដែរ​? នេះ​ជា​ទស្សនៈ​ផ្ទាល់ខ្លួន​របស់ខ្ញុំ គ្មាន​ឯកសារ​ណា​បញ្ជាក់​នោះទេ​»​។

​ដោយឡែក នៅក្នុង​រាជ​ព្រះបាទ​អង្គឌួង ត្រូវបាន​សាស្ត្រាចារ្យ​រូបនេះ បាន​ពន្យល់ថា ព្រះអង្គ​បាន​បញ្ជូន​កងទ័ព​ទៅគ្រប់​គ្រង​កម្ពុជា​ក្រោម និង​បណ្តេញ​ជនជាតិ​វៀតណាម ប៉ុន្តែ គួរ​ឲ្យ​សោកស្តាយ ព្រះអង្គ​បាន​ចូល​ទិវង្គត​។ ក្រោយមក​បារាំង​បានមក​ដាក់​អាណានិគម​លើ​កម្ពុជា និង​បាន​កាត់​ដី​កម្ពុជា​ក្រោម ឲ្យ​វៀតណាម​ជា​ផ្លូវការ​នៅ​ឆ្នាំ​១៩៤៩​។​

​លោក​សាស្ត្រាចារ្យ​បាន​ពន្យល់​បន្ថែមថា មូល​ហេតុដែល​បារាំង​កាត់​ដី​កម្ពុជា​ក្រោម​ឲ្យ​វៀតណាម គឺ​ដើម្បី​ការលើកទឹកចិត្ត​កងទ័ព​វៀតណាម​ខាងត្បូង ដើម្បី​ពង្រឹងកម្លាំង​ទ័ព​ប្រឆាំង​ចលនា​វៀតណាម​កុម្មុយនីស្ត​ខាងជើង ដែល​ដឹកនាំ​ដោយ លោក ហូ ជី​មិញ​។  

​បើទោះបី​តាមច្បាប់​អន្តរជាតិ កម្ពុជា​មិនអាច​ទាមទារ​កម្ពុជា​ក្រោម​មកវិញ​ក៏ដោយ ប៉ុន្តែ លោក​សាស្ត្រាចារ្យ បាន​ផ្តាំ​ទៅ​ខ្មែរក្រោម​ទាំងអស់ កុំ​ឲ្យ​អស់សង្ឃឹម ហើយ​ត្រូវតែ​ពង្រឹង​វប្បធម៌ ប្រពៃណី និង​អត្តសញ្ញាណ​របស់​ខ្មែរ​។ ប្រវត្តិវិទូ​ដដែល​បង្ហើ​ប​ថា ខ្មែរ​កម្ពុជា​ក្រោម​អាច​បង្កើតជា​តំបន់​ស្វយ័ត​នៅលើ​ទឹកដី​កម្ពុជា​ក្រោម ដោយ​ស្ថិតក្នុង​សហព័ន្ធ​របស់​វៀតណាម ដោយមាន​ការគាំទ្រ​ពី​អន្តរជាតិ​។ លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​បើ​ដើរ​លើផ្លូវ​នេះ ខ្ញុំ​សង្ឃឹមថា អាចទៅរួច តែបើ​យើង​ចង់​បង្កើត​រដ្ឋ​ធិបតេយ្យ​ភាព​មួយ ដោយ​ភ្ជាប់​ជាមួយ​កម្ពុជា​នោះ  ខ្ញុំ​យល់ថា ទៅ​មិន​រួច​ទេ​»៕


Tag:
 ដៀប សុផល​
  ​កម្ពុជា​ក្រោម
© រក្សាសិទ្ធិដោយ thmeythmey.com