ជាតិ
កម្ពុជា​ត្រូវការ​ធនធានមនុស្ស​ផ្នែក​ទេសចរណ៍​ជាង​១​លាន​នាក់ នៅ​ឆ្នាំ​២០២០
22, Oct 2016 , 4:46 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ កម្ពុជា​ត្រូវការ​អ្នកជំនាញ​វិស័យ​ទេសចរណ៍​ជាង​៣០​មុខ និង​ធនធានមនុស្ស​ជាង​១​លាន​នាក់ ដើម្បី​បំពេញតម្រូវការ​ជូន​ភ្ញៀវទេសចរ ដែល​អាច​កើនឡើង​រហូតដល់​ជាង​២០​លាន​នាក់​នៅ​ឆ្នាំ​២០២០​។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា​(AKP) ដែល​បាន​ដកស្រង់​ប្រសាសន៍ រដ្ឋមន្ត្រី​ស្តីទី​ក្រសួងទេសចរណ៍ លោក ទិ​ត ចន្ថា នៅក្នុង​ពិធី​តាំងពិព័រណ៍​ខេ​ម​ហ្វូ​តខេ​ម​ថែ​ល​២០១៦ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ កាលពី​ថ្ងៃទី​២០ តុលា ឆ្នាំ​២០១៦។



​បើតាម AKP ដែល​បាន​ស្រង់​ប្រសាសន៍​រដ្ឋមន្ត្រី​ស្តីទី​ក្រសួងទេសចរណ៍ លោក ទិ​ត ចន្ថា កម្ពុជា​ត្រូវការ​ធនធានមនុស្ស​ប្រកបដោយ​សមត្ថភាព ដើម្បី​បម្រើ​ភ្ញៀវទេសចរ​។ ក្រៅពីនេះ កម្ពុជា​ក៏ត្រូវ​ពង្រីក​ចំនួន​សណ្ឋាគារ ភោជនីយដ្ឋាន និង​សេវាកម្ម​ផ្សេងៗ​ទៀត​ប្រកបដោយ​គុណភាព ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ឲ្យ​ចង់​មក​កម្ពុជា​ម្តង​ហើយ​ម្តងទៀត​។ «​កម្ពុជា​ត្រូវការ​អ្នកជំនាញ​ផ្នែក​ទេសចរណ៍​ជាង​៣០​មុខ និង​ធនធានមនុស្ស​ចំនួន​ជាង​១​លាន​នាក់ ដើម្បី​បំពេញតម្រូវការ​ភ្ញៀវទេសចរ ដែល​អាច​កើនឡើង​រហូតដល់​ជាង​២០​លាន​នាក់ នៅ​ឆ្នាំ​២០២០»​។ នេះ​ការបញ្ជាក់​របស់លោករ​ដ្ឋ​មន្ត្រី​ស្តីទី ទិ​ត ចន្ថា ដែល​AKP បាន​ស្រង់​ប្រសាសន៍​មក​ចុះផ្សាយ កាលពី​ថ្ងៃទី​២១ ខែតុលា​។    

​បើតាម AKP ទន្ទឹមនឹង​ការអភិវឌ្ឍ​ធនធានមនុស្ស​នេះដែរ លោក​រដ្ឋមន្ត្រី​ស្តីទី បាន​បញ្ជាក់ថា ក្រសួង គ្រោង​បង្កើត​សាលា​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​វិស័យ​ទេសចរណ៍​ចំនួន​២ គឺ​នៅ​រាជធានី​ភ្នំពេញ និង​នៅ​ខេត្ត​ព្រះសីហនុ ដើម្បី​បង្កើន​ការបណ្តុះបណ្តាល សិស្ស និស្សិត ឲ្យ​បាន​កាន់តែច្រើន និង​មាន​សមត្ថភាព​ប្រក​ដោយ​វិជ្ជាជីវៈ​ខ្ពស់ ដែល​អាច​សម្រេច​តាម​ផែនការ​គ្រោងទុក​។ 

​សូមបញ្ជាក់ថា  អំឡុង​៦​ខែ​ដើមឆ្នាំ​២០១៦​នេះ ចំនួន​អ្នកទេសចរ​អន្តរជាតិ​មក​កម្ពុជា មាន ២,៣​លាន​នាក់​។ បើ​ផ្អែកលើ​របាយការណ៍​ឆ្នាំ​២០១៥ ក្នុងចំណោម​ភ្ញៀវទេសចរ​អន្តរជាតិ ដែល​រួមមាន ចិន ថៃ ឡាវ វៀតណាម កូរ៉េ ជប៉ុន ភ្ញៀវទេសចរ​ចិន ឈរ​នៅ​លំដាប់ថ្នាក់​ទី​១ មាន​ចំនួន​ជាង​៧០​ម៉ឺន​នាក់​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ កន្លងទៅ​ថ្មីៗ​នេះ កម្ពុជា​ថែមទាំង​ស្នើ​ចិន ឲ្យ​ជួយ​ជំរុញ​ភ្ញៀវទេសចរ​ចិន មក​កម្ពុជា​រហូតដល់​២​លាន​នាក់​នៅ​ឆ្នាំ​២០២០​ទៀតផង​៕   
    
​ប្រភព​៖AKP


Tag:
 ​ទិ​ត ចន្ថា​
  ​ទេសចរណ៍​
  ​អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com