ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកនាំពាក្យ CPP៖«​សម រង្ស៊ី​ណា ខ្លាំង​ជាង​ខ្មែរក្រហម​?»
22, Oct 2016 , 5:24 pm        
រូបភាព
​ឯកឧត្តម សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​និរទេស​ខ្លួន​ពី​កម្ពុជា ដើម្បី​គេច​ពី​ដីកាចាប់ខ្លួន​ឲ្យ​អនុវត្ត​ទោស និង​ពី​បណ្តឹង​ជាច្រើន​ទៀតផង​។ ប៉ុន្តែ​បើ​គេ​ឃើញ​លិខិត​មួយ​ដែល​ចុះហត្ថលេខា​ដោយ​រដ្ឋលេខាធិការ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី គឺ​លោក តឹក រ៉េត​សំរេច នោះ ឯកឧត្តម សម រង្ស៊ី មិនអាច​ចូលមក​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​នៅ​កម្ពុជា​ឡើយ​។​



​លិខិត​ដែល​ចុះហត្ថលេខា​តាំងពី​ថ្ងៃទី​១២​ខែតុលា​នោះ ហើយ​ដែល​ត្រូវបាន​សារព័ត៌មាន​មួយចំនួន​ទទួលបាន​នោះ បានបង្ហាញ​ពី​សេចក្តីសម្រេច​របស់​រដ្ឋា​ភិ​បាលប​ញ្ជា​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ហាមឃាត់​លោក សម រង្ស៊ី មិន​ឲ្យ​ចូលមកក្នុង​ប្រទេស​កម្ពុ​ជា​នោះទេ​។​

«​ក្នុងករណី​យន្តហោះ​ដឹក​បុគ្គល សម រង្ស៊ី ចុះចត​ដល់​អាកាសយានដ្ឋាន​ណាមួយ​នៅ​កម្ពុជា នឹងមិន​ត្រូវ​អនុញ្ញាត​ឲ្យ​ភ្ញៀវ​ចាក​ចេញពី​យន្តហោះ​នោះឡើយ និង​ត្រូវ​បញ្ជា​ឲ្យ​ត្រឡប់​ទៅ​អាកាសយានដ្ឋាន​ដើម​វិញ​»​។ នេះ​ជា​បញ្ជា​មួយ​ក្នុងចំណោម​បញ្ជា​ដែលមាន​៤​ចំនុច​នៅក្នុង​សេចក្តីសម្រេច​ដែល​ត្រូវបាន​ផ្ញើ​ទៅ​នាយ​ឧ​ត្ត​ម​សេនីយ សុខ ផល ដែលជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​។​

​ឯកឧត្តម សម រង្ស៊ី មានទោស តែ​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ចូលមក​អនុវត្ត​ទោស​? ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បានឃើញ​លិខិត​ស្តីពី​ការហាម​ប្រាម​លោក​មិន​ឲ្យ​ចូល​ប្រទេស​កម្ពុជា​វិញ​នោះ បាន​បកស្រាយ​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា​៖«​លិខិត​នោះ​បង្ហាញថា ខ្ញុំ​គ្មាន​ទោស​។ បើ​ខ្ញុំ​មានទោស​មែន គេ​ច្បាស់​ជា​ចាប់​ខ្ញុំ​ឲ្យ​ទទួលទោស​ហើយ​។ និយាយ​ឲ្យ​ច្បាស់​ទៅ គេ​គ្រាន់តែ​ខ្លាច​វត្តមាន​របស់ខ្ញុំ​។ គេ​មិន​ចង់​ឲ្យ​ខ្ញុំ​មក​ប្រកួត​លើ​ឆាកនយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន​»​។​

​ការអត្ថាធិប្បាយ​បែបនេះ បានធ្វើ​ឲ្យ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា គឺ លោក សុខ ឥសាន ត្រូវ​បញ្ចេញ​ប្រតិកម្ម​។ អ្នកនាំពាក្យ និង​ជា​អ្នកតំណាងរាស្ត្រ​ផង បាន​អត្ថាធិប្បាយ​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ នៅ​រសៀល​ថ្ងៃទី​២២​តុលា ផ្ទឹម​លោក សម រង្ស៊ី ជាមួយ​ក្រុមខ្មែរក្រហម ដោយនិយាយ​យ៉ាង​ដូច្នេះ​៖«​សម្តេច ហ៊ុន សែន ម៉េច​នឹង​ខ្លាច សម រង្ស៊ី​? សម រង្ស៊ី ណា​ខ្លាំង​ជាង​ខ្មែរក្រហម​?»​។​

​មាន​២​រឿង ដែល​លោក សុខ ឥសាន ត្រូវ​បញ្ជាក់​ឲ្យ​ច្បាស់​នៅត្រង់​នេះ​។ ទីមួយ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​នៅតែ​ជឿជាក់ថា លោក សម រង្ស៊ី ជា​បុគ្គល​មានទោស ដោយសារតែ​លោក​យោងទៅលើ​ភស្តុតាង​មួយចំនួន​ដូចជា សាលក្រម​ស្ថាពរ ការដែល​ឯកឧត្តម សម រង្ស៊ី ធ្លាប់​បន់ស្រន់​អ្នកតា​ឃ្លាំងមឿង​សុំ​រួច​ទោស ការដែល​គណបក្ស​សង្គ្រោះ​ជាតិ​ស្វែងរក​ការចរចា​ជាមួយ​គណបក្សកាន់អំណាច​ដើម្បី​សុំ​ឲ្យ​មន្ត្រី​របស់​ពួកគេ​រួច​ទោស ដែល​ក្នុងនោះ​រួមមាន​ឯកឧត្តម​ប្រធាន និង​អនុប្រធាន​គណបក្ស និង​ការសរសេរ​ស្នើសុំ​ព្រះរាជ​លើកលែងទោស​ទៅ​ព្រះមហាក្សត្រ​ទៀតផង​។​

​ដូច្នេះ បើតាម​ការបញ្ជា​ក់រប​ស់លោក សុខ ឥសាន ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​មនុស្ស​មានទោស ហើយ​លោក​បន្តថា​រដ្ឋាភិបាល​ច​ង់​ឲ្យ​ឯកឧត្តម សម រង្ស៊ី «​ជាប់ទោសដោយ​នៅក្រៅ​ប្រទេស​» ដើម្បី​សន្តិសុខ​របស់​ពលរដ្ឋ​។​

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​សម្តេច ហ៊ុន សែន បាន​អធិប្បាយ​ប្រាប់​សារព័ត៌មាន​ថ្មីៗ​យ៉ាង​ដូច្នេះ​ថា​៖«​បើសិនជា​លិខិត​របស់​ឯកឧត្តម តឹក រ៉េត​សំរេច ជាការ​ពិត គឺ​បានន័យថា រដ្ឋាភិបាល​លោក​ចង់​ធានា​ឲ្យ​ពលរដ្ឋ​មាន​សន្តិភាព​។ ឯកឧត្តម សម រង្ស៊ី យល់​ហើយ​ថា គេ​មិន​អាចមក​ជាប់ទោស​ជំនួស​អ្នកផ្សេង​បានទេ​។ ដូច្នេះ​អ្វីដែល​គាត់​ប្រកាស ហាក់ដូច​ជាការ​ចូលមក​អុកឡុក ចូលមក​រំខាន​ទៅវិញ​ទេ​»​។​

​យ៉ាងណាក៏ដោយ បើ​គេ​ស្តាប់ឮ​ប្រសាសន៍​ឯកឧត្តម សម រង្ស៊ី នៅលើ​រលកអាកាស​វិទ្យុ​អាស៊ីសេរី​នោះ ឯកឧត្តម សម រង្ស៊ី ក៏​មិនទាន់​ប្រញាប់​ចូលមក​កម្ពុជា​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​ទេ​។ ឯកឧត្តម សម រង្ស៊ី គ្រាន់តែ​ថ្លែង​យ៉ាង​ទូលាយ​ថា ឯកឧត្តម​នឹង​ចូលមក​កម្ពុ​ជាមុន​ការបោះឆ្នោត​…


Tag:
 សម រង្ស៊ី​
  ហ៊ុន សែន​
  សុខ ឥសាន​
  ខ្មែរក្រហម​
© រក្សាសិទ្ធិដោយ thmeythmey.com