ជាតិ
សេដ្ឋកិច្ច
អគារ42ជាន់ នឹងចាប់ផ្តើមសង់ឡើងវិញនៅដើមឆ្នាំ២០១៧
× គម្រោងអគារ Gold Tower អគារ នឹងចាប់ផ្តើមដំណើរការសាងសង់ឡើងវិញ នៅក្នុងខែកុម្ភៈ ឆ្នាំ២០១៧ខាងមុខ។ គម្រោងនេះ បានផ្អាកដំណើរការសាងសង់ជាច្រើនលើក ច្រើនសារមកហើយ បន្ទាប់ពីចាប់ផ្តើមសង់លើកដំបូងនៅក្នុងឆ្នាំ២០០៨។
ក្រុមហ៊ុន Yon Woo Cambodia Co. Ltd នឹងចាប់ផ្តើមដំណើរការសាងសង់អគារ Gold Tower ៤២ជាន់ឡើងវិញ នៅក្នុងខែកុម្ភៈ ឆ្នាំ២០១៧ខាងមុខ។ នាយកដ្ឋានសំណង់ នៃក្រសួងដែនដី នគរូបនីយកម្ម និងសំណង់បានបញ្ជាក់ព័ត៌មានស្តីពីការសាងសង់អគារអគារនេះ។
លោក ហ៊ុយ ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសំណង់ បានថ្លែងប្រាប់សារព័ត៌មានថ្មីៗ យ៉ាងនេះថា ៖«គេ(ម្ចាស់គម្រោង) បានដាក់លិខិតមកអ៊ីចឹង ប៉ុន្តែដំណើរការយ៉ាងណា យើងនឹងពិនិត្យមើល»។ លោក ហ៊ុយ ណារ៉ា មិនបានប្រាប់លម្អិតជុំវិញលិខិតបញ្ជាក់របស់ម្ចាស់គម្រោង ពីផែនការសាងសង់នេះឡើយ ដោយលោកប្រាប់ ថា រវល់ប្រជុំ។
ក្រុមហ៊ុន Yon Woo Cambodia Co. Ltd បានចាប់ផ្តើមសាងសង់ គម្រោង Gold Tower ៤២ជាន់នៅឆ្នាំ២០០៨ តែក្រោយមកគម្រោងនេះបានផ្អាកសកម្មភាពវិញ។ បើតាមការចុះផ្សាយរបស់សារព័ត៌មាននានា គម្រោង Gold Tower ៤២ជាន់ ដែលស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីព្រះមុនីវង្ស និងមហាវិថីព្រះនរោត្តមសីហនុនេះ បានផ្អាកការសាងសង់ជាលើកដំបូងនៅឆ្នាំ២០០៩ ក្រោយមកនៅឆ្នាំ២០១២ ហើយចុងក្រោយនៅឆ្នាំ២០១៥ បន្ទាប់ពីបើកឲ្យដំណើរការសាងសង់វិញនៅឆ្នាំ២០១៣ ។ ជាលទ្ធផល ក្រុមហ៊ុន Yon Woo របស់អ្នកអភិវឌ្ឍន៍អចលនទ្រព្យកូរ៉េនេះ ទើបសម្រេចការសាងសង់របស់ខ្លួនត្រឹមកម្ពស់ ៣២ជាន់ប៉ុណ្ណោះ។
ទាក់ទងនឹងការផ្អាកដំណើរការសាងសង់ជាញឹកញាប់នេះ ក្រសួងរៀបចំដែនដី បានកោះអញ្ជើញក្រុមហ៊ុនជាច្រើនលើក ដើម្បីជំរុញការសាងសង់បញ្ចប់គម្រោង រហូតដល់មានព័ត៌មានចុងក្រោយនេះ ដែលក្រុមហ៊ុនអះអាងថា នឹងផ្តើមសាងសង់ឡើងវិញ នៅដើមឆ្នាំ២០១៧ ៕
Tag:
អចលនទ្រព្យ
អគារ42ជាន់
Gold Tower
© រក្សាសិទ្ធិដោយ thmeythmey.com