ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុន​កម្ពុជា ថៃ និង​អ៊ីស្រាអែល សហការគ្នា​ជំរុញ​ការដាំ​ដំណាំ​«​ល្ម៉ើ»​នៅ​កម្ពុជា​
24, Oct 2016 , 10:30 pm        
រូបភាព
ដោយ:
ភ្នំពេញ​៖  ក្រុមហ៊ុន​ក្នុងស្រុក និង​បរទេស បាន​សហការគ្នា ដើម្បី​អភិវឌ្ឍន៍​ដំណាំ​ល្ម៉ើនៅ​កម្ពុជា​។ តំណាង​ក្រុមហ៊ុន​ទាំងនេះ បានបង្ហាញ​ពី​សក្ដានុពល​នៃ​ដំណាំ​នេះ ដែល​ត្រូវ​នឹង​ប្រភេទ​ដី​នៅ​កម្ពុជា និង​ហុច​ទិន្នផល​ច្រើន ព្រមទាំង​មាន​ការធានា​ទីផ្សារ​លក់​ផលិតផល​។​



​ពិធី​ចុះ​អនុស្សារណៈ​ស្ដីពី​ការអភិវឌ្ឍន៍​ដំណាំ​ល្ម៉ើនៅ​កម្ពុជា បាន​ប្រព្រឹត្តទៅ​ថ្ងៃទី​២៤​ខែតុលា រវាង​ក្រុមហ៊ុន ខេង ឡាយ ខូ​អិ​ល​ធី​ឌី ក្រុមហ៊ុន Daily Green របស់​ថៃ និង​ក្រុមហ៊ុន A.T.C Supply របស់​អ៊ីស្រាអែល ដោយមាន​វត្តមាន​រដ្ឋ​មន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។

​លោក ខេង ច័ន្ថា អគ្គ​នាយ​ក្រុមហ៊ុន ខេង ឡាយ មានប្រសាសន៍ថា ក្រុមហ៊ុន​ទាំងបី​សហការគ្នា​លើ​ការផ្តល់​បច្ចេកទេស​ដាំ​ល្ម៉ើដល់​កសិករ​, ផ្គត់ផ្គង់​កូន​ល្ម៉ើ និង​ប្រមូល​ទិញ​ផល​ពី​កសិករ​។ លោក​បន្តថា ក្រុមហ៊ុន Daily Green មាន​តម្រូវការ​ល្ម៉ើរ​ពី​កម្ពុជា​ចំនួន​ពី​១​ម៉ឺន ទៅ​២​ម៉ឺន​តោន​ក្នុង​១​ឆ្នាំ ដែល​បរិមាណ​នេះ ត្រូវការ​ផ្ទៃដី​ដាំ​ដុះ​ប្រមាណ ៥​ម៉ឺន​ហិកតា​។ លោក​បន្ថែមថា ក្រុមហ៊ុន​បាន​ព្រមព្រៀងគ្នា ដើម្បី​ពង្រីក​ការដាំដុះ​ល្មើ​។ «​យើង​មាន​ផែនការ ១០​ឆ្នាំ ដោយ​១​ឆ្នាំ​យើង​អភិវឌ្ឍន៍​ពី​៥​ពាន់ ទៅ​១​ម៉ឺន​ហិកតា ដែល​យើង​អាច​ផ្គត់ផ្គង់​កូន​បាន​។ នេះ​ជា​គម្រោង​មេ​របស់​យើង តែ​បច្ចុប្បន្ន​យើង​មិនទាន់​ស្ទាបស្ទង់​កសិករ​តាម​ខេត្ត​ថា​មាន​តម្រូវ​ការដាំដុះ​ប៉ុន្មាន​ហិកតា​?»​។

បើតាម​លោក ខេង ច័ន្ថា ល្ម៉ើ​ជា​ដំណាំ​ត្រូវការ​ទឹក​តិច មិន​ពិបាក​ថែទាំ និង​ត្រូវ​នឹង​ប្រភេទ​ដី និង​អាកាសធាតុ​នៅ​កម្ពុជា​។ ដំណាំ​នេះ អាច​ដាំ​នៅ​គ្រប់​ខេត្ត តាម​តំបន់​ខ្ពង់រាប​។ លោក​និយាយថា បើតាម​ទីផ្សារ​សព្វថ្ងៃ កសិករ​អាច​លក់​ល្ម៉ើថ្លៃ​៥ ឬ​៦​ដុល្លារ​ក្នុង​១​គីឡូក្រាម តែ​លោក​អះអាងថា​ក្រុមហ៊ុន​នឹង​កំណត់​តម្លៃ​ប្រសើរ​ជាង​នេះ​។ លោក ច័ន្ថា ឲ្យ​ដឹងថា គេ​អាច​កែច្នៃ​ល្ម៉ើ ទៅជា​ដំណាប់ ភេសជ្ជៈ ការ៉េម កាហ្វេ តែ ស្ករ និង​ឡេ​លាប​ស្បែក​ជាដើម​។ លោក​ប្រាប់ទៀតថា ក្រុមហ៊ុន​នឹង​បង្កើត​ក្រុមការងារ និង​រៀបចំ​សិក្ខាសាលា ដើម្បី​ផ្ដល់ព័ត៌មាន​ជុំវិញ​ការដាំ​ល្ម៉ើដល់​កសិករ​។

លោកស្រី Pornpattarawadee W. តំណាង​ក្រុមហ៊ុន Daily Green ឲ្យ​ដឹងថា ការដាំដុះ​ល្ម៉ើ ត្រូវការ​រយៈពេល​៤​ឆ្នាំ ដើម្បី​ប្រមូល​ផល ហើយ​បន្ត​ដល់​រយៈពេល ៧០​ឆ្នាំ​។ លោកស្រី​បន្ថែមថា ដី​១​ហិកតា គេ​អាច​ដាំ​ល្ម៉ើ​ពី​១៣០​ដើម ទៅ ២០០​ដើម  ហើយ​ក្នុង​១​ហិកតា​ហុច​ទិន្នផល​ប្រមាណ ៥០​តោន​ក្នុង​១​ឆ្នាំ​។​

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេ​ង សាខុន បានបង្ហាញ​ពី​សក្ដានុពល​នៃ​ដំណាំ​ល្ម៉ើ​នេះ​។ «​ដំណាំ​ល្ម៉ើនេះ យើង​ទើបតែ​ពិនិត្យឃើញថា វា​មាន​សារៈសំខាន់ និង​ផ្ដល់​ចំណូល​ខ្ពស់​សម្រាប់​ប្រជាជន​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក វេ​ង សាខុន មុននឹង​លោក​បន្តថា​៖«​តាមរយៈ​ការសន្យា​ក្នុង​អនុស្សារណៈ​នៅថ្ងៃនេះ គឺ​ទាមទារ​ឲ្យ​ទទួល​ទិញ​ពី​ប្រជាជន​។ មុននឹង​ដាំ​ដុះ កសិករ​និង​ក្រុមហ៊ុន ត្រូវ​ចុះកិច្ចសន្យា ដោយមាន​ក្រសួងកសិកម្ម​ជា​សាក្សី ដើម្បី​ធានា​កាល​ក់​ផលិតផល​របស់​កសិក​រ​បាន​ពេញលេញ​»​។

ក្រុមហ៊ុន ខេង ឡាយ កំពុងអភិវឌ្ឍន៍​សួន​ដំណាំ​ល្មើគំរូ​របស់ខ្លួន លើ​ផ្ទៃដី​១០​ហិកតា នៅ​ស្រុក​អង្គស្នួល ខេត្តកណ្តាល ដោយ​ក្រុមហ៊ុន​នាំចូល​ពូជ​ល្ម៉ើ​ពី​ប្រទេស​ថៃ​៕



Tag:
 ល្ម៉ើរ​
  កសិកម្ម
  វិនិយោគ
© រក្សាសិទ្ធិដោយ thmeythmey.com