កីឡាជាតិ
ជាតិ
ឈ្នះ​៤​ប្រកួត​ជាប់ៗ​គ្នា​គឺជា​កំណត់ត្រា​ដែល​មិន​ធ្លាប់មាន​ពីមុន​របស់​ជម្រើសជាតិ​កម្ពុជា​!
25, Oct 2016 , 3:37 pm        
រូបភាព
ខ្សែបម្រើ​ស្លាប​ឈិន ឈឿន លើកពានជម្រុះ AFF Suzuki Cup បង្ហាញអ្នកគាំទ្រ។ រូបថត Masayori Ishikawa
ខ្សែបម្រើ​ស្លាប​ឈិន ឈឿន លើកពានជម្រុះ AFF Suzuki Cup បង្ហាញអ្នកគាំទ្រ។ រូបថត Masayori Ishikawa
​នៅ​ឆ្នាំ​២០១៦​នេះ ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា បាន​បំបែក​កំណត់ត្រា​ដ៏​ពិសេស​របស់ខ្លួន​។ ចន្លោះ​ពី​ខែឧសភា ដល់​ខែកក្កដា ពួកគេ​រកបាន​បង្កើត​កំណត់ត្រា​មិន​ស្គាល់​ចាញ់​៤​ប្រកួត​ជាប់​គ្នា​លើកដំបូង​ដោយ​ស្មើ​១​ប្រកួត និង​ឈ្នះ​៣​ប្រកួត​។ ក្នុងអំឡុង​ខែតុលា​នេះ ក្រុម​របស់លោក Lee Tae Hoon សម្រេចបាន​កំណត់ត្រា​ដ៏​ពិសេស​បន្ថែមទៀត ដោយ​ឈ្នះ​៤​ប្រកួត​ជាប់ៗ​គ្នា ដែល​ក្នុងនោះ ៣​ប្រកួត​ស្ថិតក្នុង​ជំនួប​វគ្គ​ជម្រុះ AFF Suzuki Cup​។



​បើ​គិត​ចាប់តាំងពី​ខែឧសភា ដល់​ខែតុលា ក្នុង​ឆ្នាំ​២០១៦ ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​កូរ៉េខាងត្បូង លោក Lee Tae Hoon មានការ​ប្រកួត​ចំនួន​១០​លើក ក្នុងនោះ​ឈ្នះ​៧​លើក ស្មើ​១​លើក និង​ចាញ់​២​លើក​។

​ក្រោយ​បរាជ័យ​ទាំង​៨​ប្រកួត​ក្នុង​វគ្គ​ជម្រុះ World Cup ជុំ​ទី​២​ប្រចាំ​តំបន់​អាស៊ី ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា បាន​ស្តារ​មុខមាត់​របស់ខ្លួន​ឡើងវិញ​ជាមួយនឹង​លទ្ធផល​មិន​ស្គាល់​ចាញ់​ចំនួន​៤​លើក​ជាប់ៗ​គ្នា។ នៅ​ខែឧសភា កម្ពុជា​យកឈ្នះ​ទី​ម័​រ​ខាងកើត ២-០ ហើយ​ឈានដល់​ការប្រកួត​វគ្គ​ជម្រុះ AFC Asian Cup កម្ពុជា​ប៉ះ​ឆាយ​នី​ស​តៃប៉ិ ដោយ​ស្មើ ២-២ នៅ​កោះ​តៃវ៉ាន់ និង​ឈ្នះ ២-០ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ នៅ​ខែកក្កដា កម្ពុជា​បាន​យកឈ្នះ​សិង្ហ​បុរី ២-១ ក្នុងការ​ប្រកួត​មិត្តភាព​អន្តរជាតិ និង​ជា​ជ័យជម្នះ​លើកដំបូង បើ​គិត​ចាប់តាំងពី​ឆ្នាំ​១៩៧២​មក​។​

​ដំណើរ​នៃ​ជ័យជម្នះ​របស់​កម្ពុជា ត្រូវបាន​កាត់ផ្តាច់​ដោយ​ក្រុម​កោះ​ហុងកុង​នា​ការប្រកួត​មិត្តភាព​អន្តរជាតិ​ទាំងពីរ​ជើង​។ នា​ថ្ងៃទី​១ ខែកញ្ញា នៅ​ទឹកដី​ហុងកុង ក្រុម​ម្ចាស់ផ្ទះ បាន​យកឈ្នះ​ក្នុង​លទ្ធផល ៤-២ ហើយ​នៅ​ថ្ងៃទី​៦ ខែតុលា ហុងកុង​ដែល​ពោរពេញ​ទៅដោយ​កីឡាករ​បរទេស​ចូលសញ្ជាតិ បាន​បន្ត​យកឈ្នះ ២-០ ទៀត​នៅលើ​ទឹកដី​កម្ពុជា​។​

​ជាការ​តបស្នង​ដល់​ក្រុម​អ្នកគាំទ្រ នា​ថ្ងៃទី​៩ ខែតុលា កម្ពុជា​បាន​បើកទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ ដើម្បី​ស្វាគមន៍​ស្រីលង្កា សម្រាប់​ជំនួប​មិត្តភាព​អន្តរជាតិ ដោយ​បញ្ចប់​ជាមួយនឹង​ជ័យជម្នះ ៤-០ ។ ឈានដល់​ការប្រកួត​ជម្រុះ AFF Suzuki Cup ពី ថ្ងៃទី​១៥ ដល់​ថ្ងៃទី​២១ ខែតុលា កម្ពុជា​ដណ្តើមបាន​៣​ពិន្ទុ​ជា​បន្ត​បន្ទាប់ពី​ក្រុម​ភ្ញៀវ ដោយ​ឈ្នះ​ឡាវ ២-១ ឈ្នះ​ព្រុយ​ណេ ៣-០ និង​ឈ្នះ​ទី​ម័​រ​ខាងកើត ៣-២ ដើម្បី​ឡើងទៅ​ជួប​មី​យ៉ាន់​ម៉ា វៀតណាម និង​ម៉ាឡេស៊ី នៅ​វគ្គ​ចាប់​ពូ​ល​។​

​ជ័យជម្នះ​៤​ប្រកួត​ជាប់ៗ គឺជា​កំណត់ត្រា​ថ្មី​ដែល​មិន​ធ្លាប់មាន​ពីមុន​ឡើយ​សម្រាប់​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​។ បន្ថែម​ពីលើ​នេះ ជ័យជម្នះ​៣​ប្រកួត​ជាប់ៗ​គ្នា​ក្នុងដំណាក់កាល​ប្រកួត​ដណ្តើម​ពានរង្វាន់​មួយ [​ដូចជា​វគ្គ​ជម្រុះ AFF Suzuki Cup] នោះ ក៏​ជា​កំណត់ត្រា​ថ្មី​ផងដែរ​។ កំណត់ត្រា​ដែល​កម្ពុជា​មិន​ស្គាល់​ចាញ់​៣​ប្រកួត​ជាប់ៗ​គ្នា ក្នុងការ​ប្រកួត​ជម្រុះ AFF Suzuki Cup នោះ គឺ​បាន​កើតឡើង​កាលពី​ឆ្នាំ​២០១០ នៅ​ទីក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ ដោយ​កាលនោះ កម្ពុជា​បាន​ស្មើ​ម្ចាស់ផ្ទះ​ឡាវ ០-០ បន្ទាប់មក​យកឈ្នះ​ទី​ម័​រ​ខាងកើត ៤-២ មុននឹង​ស្មើ ហ្វីលីពីន ០-០ ។​

​នា​ការប្រកួត​កីឡា Ganefo ឆ្នាំ​១៩៦៦ នៅ​រាជធានី​ភ្នំពេញ កម្ពុជា​យកឈ្នះ​យ៉េ​មែន ៨-០ ស្មើ​វៀតណាម​ខាងជើង ២-២ ឈ្នះ​ប៉ា​ឡេ​ស្ទើ​ន ៤-០​សម្រាប់​ការប្រកួត​នៅក្នុង​ពូ​ល ហើយ​បន្ត​ដល់​ឆ្នាំ​១៩៦៧ ពួកគេ​បាន​យកឈ្នះ​ឥណ្ឌា ៣-១ និង​ឈ្នះ​ប៉ា​គី​ស្ថាន ១-០ នា​ការប្រកួត​ជម្រុះ​កីឡា​អាស៊ី​នៅ​ប្រទេស​ភូមា (​មី​យ៉ាន់​ម៉ា​)​។ នេះ​ជា​កំណត់ត្រា​មិន​ស្គាល់​ចាញ់​ដ៏​យូរ​បំផុត​របស់​កម្ពុជា កាលពីមុន​សង្គ្រាម​៕


Tag:
 បាល់ទាត់​
  ជម្រើសជាតិ​
  កំណត់ត្រា​បាល់ទាត់​
© រក្សាសិទ្ធិដោយ thmeythmey.com