ជាតិ
អង្ករប្លាស្ទិកនៅកម្ពុជា៖ កាំកុងត្រូលថាគ្មាន សេដាកថា មាន
× អាជ្ញាធរកម្ពុជា និងអង្គការដែលធ្វើការងារលើផ្នែកអង្ករ បានអះអាងផ្ទុយគ្នា ជុំវិញវត្តមានអង្ករប្លាស្ទិកនៅកម្ពុជា។ ចុងក្រោយនេះ វីដេអូដែលគេអះអាងថាជាអង្ករប្លាស្ទិក ត្រូវបានចែកផ្សាយបន្តគ្នានៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលធ្វើឲ្យពលរដ្ឋខ្មែរបារម្ភ។
តើមានអង្ករប្លាស្ទិកនៅលើទីផ្សារកម្ពុជា ឬមិនមាន? គេមិនទាន់មានចម្លើយពិតប្រាកដនៅឡើយ ខណៈដែលអាជ្ញាធរ និងអង្គការក្រៅរដ្ឋាភិបាលនៅអះអាងផ្ទុយគ្នានៅឡើយ។
លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកកាំកុងត្រូល បានបញ្ជាក់ថា រហូតមកទល់ពេលនេះ មិនមានវត្តមានអង្ករប្លាស្ទិកចរាចរណ៍នៅលើទីផ្សារប្រទេសកម្ពុជានោះទេ។ ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុក ជាហូរហែ នាពេលកន្លងមក ជុំវិញវត្តមានអង្ករប្លាស្ទិកនេះ។
លោក ម៉ក់ ពេជ្ជរិទ្ធ ដែលកំពុងជជែកពីបញ្ហានេះ ជាមួយប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាផងនោះ បានឆ្លៀតបញ្ជាក់យ៉ាងខ្លីប្រាប់សារព័ត៌មានថ្មីៗនៅថ្ងៃអង្គារនេះដូច្នេះថា៖«អត់មានអង្ករប្លាស្ទិកទេ»។
យ៉ាងណាក៏ដោយ អគ្គនាយកកាំកុងត្រូល មិនបានឆ្លើយតប ឬថានឹងមានចំណាត់ការយ៉ាងណា ជុំវិញការផ្សព្វផ្សាយរបស់អ្នកប្រើប្រាស់បណ្តាញសង្គម ថាមានអង្ករប្លាស្ទិកនោះទេ ។ លោក បញ្ជាក់ថា លោកនឹងរៀបចំសិក្ខាសាលាពន្យល់ពីករណីនេះ ទៅប្រជាពលរដ្ឋនៅពេលខាងមុខ។
ផ្ទុយពីការលើកឡើងរបស់លោកអគ្គនាយកដ្ឋានកាំកុងត្រូល លោក សម វិទូ ប្រធានអង្គការសេដាក បានអះអាងថា វាពិតជាមានវត្តមានអង្ករប្លាស្ទិកមែន។ ប្រធានអង្គការសេដាករូបនេះ ហ៊ាននិយាយដូច្នេះដោយសារតែមានបងប្អូនរបស់លោក ទិញប៉ះចំអង្ករប្លាស្ទិកនេះ។ លោក សម វិទូ អះអាងទៀតថា លោក ធ្លាប់ជួបឈ្មួញខ្មែរ ដែលទទួលបានការស្នើឲ្យនាំចូលម៉ាស៊ីនផលិតអង្ករប្លាស្ទិកពីប្រទេសចិន ពីឈ្មួញទៀតផង។ យ៉ាងណាក៏ដោយ លោក សម វិទូ មិនហ៊ានអះអាងថាមានការផលិតអង្ករប្លាស្ទិកនៅកម្ពុជា ឬអត់នោះទេ។
លោក សម វិទូ បញ្ជាក់យ៉ាងដូច្នេះ៖«ពិតជាមានមែន។ មានបងប្អូនខ្ញុំប៉ះដែរ អ៊ីចឹងហើយទើបខ្ញុំហ៊ានអះអាងបែបនេះ។ ខ្ញុំក៏ធ្លាប់ជួបជាមួយខ្មែរយើង ដែលធ្លាប់ជួបទទួលបានការស្នើឲ្យនាំចូលម៉ាស៊ីនផលិតអង្ករប្លាស្ទិកពីប្រទេសចិន ពីឈ្មួញដែរ។ ប៉ុន្តែក្រោយពីគាត់បដិសេធមក យើងក៏ដាច់ខ្សែរយៈទៅ»។
បើតាមលោក សម វិទូ អង្ករប្លាស្ទិកមានប្រភពមកពីប្រទេសចិន ដែលក្នុងអង្ករប្លាស្ទិកមានសារធាតុមួយចំនួនដូចជាដំឡូងមីនៅខាងក្នុង និងស្រោបប្លាស្ទិកស្តើងនៅផ្នែកខាងក្រៅ។
ដោយមិននិយាយពីវត្តមានអង្ករប្លាស្ទិក ក្នុងរយៈពេល៩ ខែឆ្នាំ២០១៦នេះ កាំកុងត្រូលបានរកឃើញ និងរឹបអូសបានទំនិញខូចគុណភាពសរុបចំនួន ៤៤ តោន ដោយក្នុងនោះ ១៧តោនត្រូវបានរកឃើញនៅតាមព្រំដែន និង២៧តោនទៀតត្រូវចាប់បាននៅតាមផ្សារ និងសិប្បកម្មនានានៅក្នុងប្រទេស៕
Tag:
អង្ករ
ម៉ក់ ពេជ្ជរិទ្ធ
សម វិទូ
© រក្សាសិទ្ធិដោយ thmeythmey.com