កីឡាជាតិ
វត្តមានលោក ប៉ែន ផាត ក្នុងព្រឹត្តិការណ៍កីឡាជាតិ ជំរុញឲ្យកីឡាករខិតខំហ្វឹកហាត់
×
លោក ប៉ែន ផាត អតីតកីឡាករបាល់ទាត់ក៏ល្បីល្បាញក្នុងទសវត្សរ៍៦០ នឹងបង្ហាញវត្តមានក្នុងថ្ងៃបើកការប្រកួតកីឡាជាតិលើកទី១នាយប់ថ្ងៃទី២៨ ខែតុលា នៅពហុកីឡដ្ឋានជាតិ ដោយលោកទទួលតួនាទីជាអ្នករត់ភ្លើងគប់។ ការបង្ហាញខ្លួនតំណាងឲ្យកីឡាករឆ្នើមក្នុងទស្សវត្សរ៍៦០នេះដែរលោករំពឹងថា នឹងអាចជួយជំរុញឲ្យកីឡាករកីឡាការិនីខិតខំប្រឹងប្រែងហ្វឹកហាត់។
លោក ប៉ែន ផាត អតីតកីឡាករបាល់ទាត់ដ៏ល្បីល្បាញមុនសម័យសង្គ្រាមទស្សវត្សរ៍៦០ ទោះបីធ្លាប់ចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិធំៗនៅលើពិភពលោកក៏ដោយ ប៉ុន្តែលោកបានសម្តែងអារម្មណ៍រំភើបក្រៃលែងដែលថ្នាក់ដឹកកីឡាកម្ពុជាអញ្ជើញឲ្យចូលរួមក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី១ដែលធ្វើឡើងចាប់ពីថ្ងៃទី២៥ ខែតុលា ដល់ថ្ងៃទី៥ ខែវិច្ឆិកា។
សម្រាប់ការបង្ហាញវត្តមានតំណាងឲ្យកីឡាករក្នុងទស្សវត្សរ៍៦០លើកដំបូងនេះ អតីតកីឡាករបាល់ទាត់រូបនេះត្រូវបានថ្នាក់ដឹកនាំកីឡាកម្ពុជាប្រគល់តួនាទីជាអ្នកកាន់ភ្លើងគប់រត់ក្នុងថ្ងៃបើកការប្រកួតកីឡាជាតិលើកទី១ជាប្រវត្តិសាស្ត្រ នាយប់ថ្ងៃទី២៨ ខែតុលា នៅពហុកីឡដ្ឋានជាតិ។ កម្មវិធីបើកការប្រកួតកីឡាជាតិលើកទី១នេះ ថ្នាក់ដឹកនាំកីឡាកម្ពុជាអះអាងថា នឹងធ្វើឲ្យដូចការបើកការប្រកួតកីឡាអូឡាំពិក។
ក្នុងថ្ងៃសម្តែងសាកល្បងកាលពីល្ងាចថ្ងៃទី២៣ ខែតុលា លោក ប៉ែន ផាត បានបញ្ជាក់យ៉ាងដូច្នេះថា៖«ខ្ញុំមានអារម្មណ៍សប្បាយចិត្តមែនទែន ដែលកម្ពុជាយើងមានការរីកចម្រើន ហើយខ្ញុំសប្បាយចិត្តដែលឯកឧត្តមៗបាននឹកឃើញ និងអញ្ជើញខ្ញុំមកឲ្យចូលរួម នេះហើយជាគោលដៅមួយដែលធ្វើឲ្យក្មេងៗជំនាន់ក្រោយខិតខំឲ្យដូចខ្ញុំ និងអ្នកដទៃទៀត»។
នេះជាលើកទី២ហើយសម្រាប់អតីតកីឡាករបាល់ទាត់រូបនេះ ដែលបានចូលរួមកម្មវិធីបើកការប្រកួតដែលមានលក្ខណៈធំនៅប្រទេសកម្ពុជាបែបនេះ ពោលគឺលោកធ្លាប់ចូលរួមម្តងរួចមកហើយកាលពីឆ្នាំ១៩៦៤។ លោកយល់ឃើញថា ការប្រកួតកីឡាជាតិលើកទី១នេះមានសារៈសំខាន់ណាស់សម្រាប់កម្ពុជាក្នុងការពង្រឹងសមត្ថភាព និងបច្ចេកទេស សម្រាប់ត្រៀមធ្វើជាម្ចាស់ផ្ទះការប្រកួតស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣៕
Tag:
កីឡាជាតិលើកទី១
ប៉ែន ផាត
កែ ឡេង
© រក្សាសិទ្ធិដោយ thmeythmey.com