ជាតិ
សុគន្ធ និសា ជំរុញ​ការអាន​ដល់​កុមារ​នៅតាម​មន្ទីរពេទ្យ​
26, Oct 2016 , 9:39 pm        
រូបភាព
​ភ្នំពេញ​៖ កញ្ញា សុគន្ធ និសា ទូត​សុច្ឆន្ទៈ​អង្គការ​ស៊ី​ប៉ា បានស្នើ​ឲ្យ​អាណាព្យាបាល និង​ប្រជាពលរដ្ឋ​ទាំងអស់ ងាក​មក​អាន​សៀវភៅ និង​ជំរុញ​កូនៗ​ឲ្យ​ស្រលាញ់​ការអាន និង​ស្រលាញ់​សៀវភៅ​ឲ្យ​បាន​ច្រើន​។ ការស្នើ​នេះ ធ្វើឡើង​ក្នុងអំឡុង​ទស្សនកិច្ច​របស់​តារាចម្រៀង​រូបនេះ នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ នៅក្នុង​កម្មវិធី​ជ្រុង​បណ្ណាល័យ​នៅ​មន្ទីរពេទ្យ របស់​អង្គការ​ស៊ី​ប៉ា​។​



​កញ្ញា សុគន្ធ និសា ទូត​សុច្ឆន្ទៈ​អង្គការ​ស៊ី​ប៉ា បាន​ទៅធ្វើ​ទស្សនកិច្ច​កម្មវិធី​ជ្រុង​បណ្ណាល័យ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ ដើម្បី​គាំទ្រ​ការផ្សព្វផ្សាយ​ការអាន​ជាមួយ​កុមារ​ដែល​សម្រាក​ក្នុង​មន្ទីរពេទ្យ​។ ក្នុងនាម​ជា​ទូត​សុច្ឆន្ទៈ​នៃ​ការអាន​តាំងពី​ឆ្នាំ​២០១៥​មក តារាចម្រៀង​ដ៏​មាន​ប្រជាប្រិយភាព​រូបនេះ បាន​អំពាវនាវ ដល់​អាណាព្យាបាល ប្រជាពលរដ្ឋ និង​បងប្អូន​ទាំងអស់ ងាក​មក​អាន​សៀវភៅ និង​ជំរុញ​ដល់​កូនៗ​ឲ្យ​ស្រលាញ់​ការអាន និង​ស្រលាញ់​សៀវភៅ​ឲ្យ​បាន​ច្រើន​។



​ក្នុង​ទស្សនកិច្ច​នោះ  សុគន្ធ និសា បាន​លើកឡើងថា ជ្រុង​បណ្ណាល័យ​នៅ​មន្ទីរពេទ្យ អាច​ឲ្យ​កុមារ​ភ្លេច​ការឈឺចាប់ ហើយ​អាច​ស្រមើស្រមៃ​ទៅកាន់​ពិភពលោក ដែល​សប្បាយៗ​តាមរយៈ​ការ​ស្ដាប់​រឿងនិទាន និង​ការអាន​សៀវភៅ​ដោយ​ខ្លួនឯង​។ តារាចម្រៀង​រូបនេះ ក៏បាន​ចែករំលែក​ភាពសប្បាយ​រីករាយ ការលេង​ល្បែង​កម្សាន្ត និង​បាន​អាន​រឿង​ឲ្យ​កុមារ​ដែល​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​ស្ដាប់​ផងដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ សុគន្ធ និសា បាន​ជំរុញ និង​លើកទឹកចិត្ត​ឲ្យ​ពួកគេ​ប្រើប្រាស់​ជ្រុង​បណ្ណាល័យ​មន្ទីរពេទ្យ​ឲ្យ​បាន​ច្រើន ដើម្បី​បង្កើន​ការអាន​។

​សូមបញ្ជាក់ថា ជ្រុង​បណ្ណាល័យ​មន្ទីរពេទ្យ គឺជា​គម្រោង រវាង​អង្គការ​ស៊ី​ប៉ា និង​អង្គការ​យូ​នី​សេ​ហ្វ ដែល​បង្កើត​នូវ​ជ្រុង​បណ្ណាល័យ​មួយ​សម្រាប់​ការអាន​សៀវភៅ រៀន និង​កម្សាន្ត ក្នុង​គោលបំណង​ចូលរួម​កាត់បន្ថយ​ភាពឈឺចាប់​របស់​អ្នកជំងឺ ក៏ដូចជា​ផ្ដល់នូវ​ភាពសប្បាយ​រីករាយ​។ ជ្រុង​បណ្ណាល័យ​មន្ទីរពេទ្យ បង្កើតឡើង​ក្នុង​ឆ្នាំ​២០០៨ ។  រហូតមកដល់​ពេលនេះ អង្គការ​ស៊ី​ប៉ា​កំពុងបើក​ដំណើរការ កម្មវិធី​ជ្រុង   បណ្ណាល័យ​មន្ទីរពេទ្យ​ចំនួន ១៩  ក្នុងនោះ​នៅតាម​ខេត្ត​ចំនួន ១៧ និង​នៅ​ភ្នំពេញ​ចំនួន ២ គឺ​មន្ទីរពេទ្យ​កុមារ​ជាតិ និង​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​៕






© រក្សាសិទ្ធិដោយ thmeythmey.com