ជាតិ
សេដ្ឋកិច្ច
កម្ពុជា​-​វៀតណាម ព្រមព្រៀង​អនុគ្រោះ​ពន្ធគយ​លើ​មុខទំនិញ​មួយចំនួន​
27, Oct 2016 , 8:39 am        
រូបភាព
រូបភាពពីក្រសួងពាណិជ្ជកម្ម
រូបភាពពីក្រសួងពាណិជ្ជកម្ម
ដោយ:
 
​ភ្នំពេញ​៖ កម្ពុជា និង​វៀតណាម បាន​ចុះ​កិច្ចព្រមព្រៀង​អនុគ្រោះ​ពន្ធគយ​ឲ្យ​ដល់​សូន្យ​ភាគរយ លើ​បន្ទាត់​ពន្ធ​មួយចំនួន ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​ប្រទេស​ទាំងពីរ​។ ក្នុងនោះ កម្ពុជា​ផ្ដល់​ការអនុគ្រោះ​ពន្ធ​លើ​មុខទំនិញ​ចំនួន ២៩​បន្ទាត់​ពន្ធ ខណៈ​ភាគី​វៀតណាម​យល់ព្រម​អនុគ្រោះ​ពន្ធ​លើ​មុខទំនិញ​ចំនួន ៣៩​បន្ទាត់​ពន្ធ​។ នេះ​បើតាម​សេចក្ដីប្រកាស​របស់​ក្រសួងពាណិជ្ជកម្ម​។​


​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សម្រួល​ពាណិជ្ជកម្ម​ទ្វេភាគី បាន​ប្រព្រឹត្តទៅ​ថ្ងៃទី​២៦​ខែតុលា នៅ​ប្រទេស​វៀតណាម រវាង​ក្រសួងពាណិជ្ជកម្ម និង​ក្រសួង​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​វៀតណាម ក្រោម​អធិបតីភាព​ប្រមុខ​រដ្ឋាភិបាល សម្តេច  ហ៊ុន សែន និង​លោក ង្វៀន សួន​ហ្វ៊​ក នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ក្នុងឱកាស​ដែល​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​ប្រទេស​ទាំងពីរ អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​យុទ្ធសាស្ដ្រ​សហ​ប្រតិ​ប​ត្ដិ​ការ​សេដ្ឋកិច្ច អា​យ៉េ​យ៉ា​វ៉ា​ឌី ចៅ​ផៅ​យ៉ា​មេគង្គ (ACMECS) លើក​ទី​៧ និង​កិច្ចប្រជុំ​កំពូល​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា និង វៀតណាម (CLMV) លើក​ទី ៨ ព្រមទាំង​កិច្ចប្រជុំ​វេទិកា​សេដ្ឋកិច្ចពិភពលោក (WEF) ឆ្នាំ​២០១៦ ស្តីពី​តំបន់​មេគង្គ​។​
 
​ចំពោះ​ការអនុគ្រោះ​ពន្ធ​របស់​ភាគី​រៀ​ត​ណា​ម​ដល់​កម្ពុជា ក៏បាន​រួមបញ្ចូល​មុខទំនិញ​អង្ករ​ចំនួន ៣០​ម៉ឺន​តោន​រៀងរាល់ឆ្នាំ និង​សន្លឹក​ថ្នាំជក់​ស្ងួត​ចំនួន ៣​ពាន់​តោន សម្រាប់​ឆ្នាំ​២០១៦ និង​ឆ្នាំ​២០១៧ ។ នេះ​បើតាម​សេចក្ដីប្រកាស​ខាងលើ​។​
 
​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម លោកស្រី សឿង សុ​ផា​រី មានប្រសាសន៍ថា ការអនុគ្រោះ​ពន្ធ​រវាង​កម្ពុជា និង​វៀតណាម​នេះ គឺ​ស្ថិតនៅក្រោម​ដំណើរការ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន ដែលមាន​គោលដៅ​បើក​ឲ្យ​មាន​លំហូរ​ដោយ​សេរី​នូវ​ទំនិញ និង​សេវាកម្ម​ក្នុង​តំបន់​នេះ​។​
 
​លោកស្រី សឿង សុ​ផា​រី ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ទៀតថា  ការអនុគ្រោះ​ពន្ធ​នេះ នឹង​ជំរុញ​ពាណិជ្ជកម្ម​របស់​ប្រទេស​ទាំងពីរ និង​ផ្ដល់​អត្ថប្រយោជន៍​ដល់​ពាណិជ្ជករ និង​ប្រជាពលរដ្ឋ​។ លោកស្រី​ប្រាប់​យ៉ាង​ដូច្នេះ​ថា​៖«​ពេល​អត់​ជាប់ពន្ធ ឈ្មួញ​ធ្វើការ​នាំចេញ​-​ចូល​ច្រើនជាង​មុន​។ វា​ផ្ដល់​ផលចំណេញ​ទាំង​ឈ្មួញ និង​ប្រជាជន ព្រោះ​ថាបើ​ពន្ធ​អត់​យក ឈ្មួញ​អាច​ទុក​ប្រាក់​ដែល​ត្រូវ​បង់ពន្ធ​ជា​ផលចំណេញ​របស់​ពួកគាត់ ហើយ​ម្យ៉ាងទៀត​តម្លៃ​ទំនិញ​ក៏​ថោក​ជាង​មុន ដែល​ផ្ដល់​ប្រយោជន៍​សម្រាប់​អ្នកប្រើប្រាស់​»​។​
 
​ទំហំ​ពាណិជ្ជកម្ម​ប្រទេស​ទាំងពីរ​មានតម្លៃ ៧៨០​លាន​ដុល្លារ ក្នុង​ឆមាស​ទី​១​ឆ្នាំនេះ ដោយ​ការនាំចេញ​របស់​វៀតណាម​មកកាន់​កម្ពុ​ជាមាន​ចំនួន ៦៨៤​លាន​ដុល្លារ ខណៈ​កម្ពុជា​នាំ​ចេញទៅ​វៀតណាម​ក្នុង​ទឹកប្រាក់ ៩៦​លាន​ដុល្លារ​។ ដោយឡែក កាលពី​ឆ្នាំ​២០១៥ ប្រទេស​ទាំងពីរ​សម្រេច​បាន​ទំហំ​ពាណិជ្ជកម្ម​ចំនួន ១១១២​លាន​ដុល្លារ​។ នេះ​បើតាម​របាយការណ៍​រប​ស់​ក្រសួងពាណិជ្ជកម្ម​៕
 
 

Tag:
 ពន្ធ​
  សឿង សុ​ផា​រី​
© រក្សាសិទ្ធិដោយ thmeythmey.com