កំណាព្យបទ បថ្យាវត្ដ
និពន្ធដោយប៉ាកកាខ្មៅ!
-ផ្ទោងផ្ទក់ចាប់ខ្វល់ត្រូវខ្យល់ពីជើង
កត្តិកស្រុកយើងស្រូវស្រែលេងខ្លួន
ស្នូរស្គរឆៃយ៉ាំផ្តាំប្រាប់នឹមនួន
ឲ្យពៅត្រៀមខ្លួនទៅលេងអុំទូក។
-លើកមុនទូកយើងធ្លាប់ឈ្នះភ្លឹកភ្លូក
អូនឈរក្បាលទូករេរាំបញ្ជា
កីឡាករខ្លាំងចិត្តតាំងគ្រប់គ្នា
មិនថយរួញរាប្តេជ្ញាយកឈ្នះ។
-ទូក-ងមានជ័យស្រីស្រស់តេជះ
យើងរួមគ្នាឈ្នះលេខ១ជាថ្មី
ឈ្នះឆ្នាំនេះទៀតនោះភូមិយើងល្បី
ប្រឹងទាំងប្រុសស្រីកុំបីឲ្យភ្លាត់។
-ហាត់សមឲ្យខ្លាំងត្រៀមច្បាំងឲ្យស្ទាត់
បារមីក្នុងវត្តចាំជួយផងដែរ
គេមិនអាចផ្តួលយើងបើពូកែ
ទូកស្និទ្ធស្នាលស្នេហ៍ទូកថែកេរឪ៕