ជាតិ
សេដ្ឋកិច្ច
ធនាគារពិភពលោក ថា បរិយាកាស​ពាណិជ្ជកម្ម​នៅ​កម្ពុជា​នឹង​ប្រសើរ​ជាង​មុន នៅ​ឆ្នាំ​២០១៧
27, Oct 2016 , 12:03 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ធនាគារពិភពលោក ( World Bank) បាន​វាយតម្លៃ​បរិយាកាស​ពាណិជ្ជកម្ម​ប្រទេស​ចំនួន ១៩០  ដោយ​កម្ពុជា​ត្រូវបាន​ផ្ដល់​ចំណាត់ថ្នាក់​ទី ១២៨​នៅ​ឆ្នាំ​២០១៦ និង​ទី ១៣១​នៅ​ឆ្នាំ​២០១៧ ។ បើ​ទោះ​ចំណាត់ថ្នាក់​របស់​កម្ពុជា​ខ្ពស់ជាង​មុន​នៅ​ឆ្នាំ​ខាងមុខ ប៉ុន្តែ​កម្ពុជា​ទទួលបាន​ពិន្ទុ​កើនឡើង​បន្តិច ពោលគឺ​ពី ៥៤,៥៤ ដល់ ៥៤,៧៩ ដែល​បង្ហាញថា​កម្ពុជា​ធ្វើ​ឲ្យ​បរិយាកាស​ពាណិជ្ជកម្ម​របស់ខ្លួន​ប្រសើរឡើង​តិចតួច នៅ​ឆ្នាំ​២០១៧ ។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់ World Bank នៅ​ថ្ងៃទី​២៦​ខែតុលា​។​



​ការវាយតម្លៃ​ផ្ដល់​ចំណាត់ថ្នាក់ និង​ពិន្ទុ​របស់ World Bank គឺ​ផ្អែកលើ ១០ ចំណុច រួមមាន​៖ នីតិវិធី​ចាប់ផ្ដើម​ធុរកិច្ច​, ការទទួលបាន​ថាមពល​អគ្គិសនី​, ចុះបញ្ជី​ទ្រព្យសម្បត្តិ​, ព័ត៌មាន​ឥណទាន​, ការបង់ពន្ធ​, ការជួញដូរ​ឆ្លង​ព្រំដែន​, ការអនុញ្ញាត​សាងសង់​, ការពារ​ពាណិជ្ជករ​-​អាជីវករ​នៃ​ក្រុម​ភាគតិច​, ពង្រឹង​ការអនុវត្ត​កិច្ចសន្យា និង​ការដោះស្រាយ​លើ​បំណុល​។ ក្នុងនោះ​ការទទួល​ព័ត៌មាន​ឥណទាន ដែល​ផ្ដល់​ដោយ​ការិយាល័យ​ឥណទាន ( Credit bureau) ត្រូវបាន World Bank ផ្ដល់​ពិន្ទុ​ខ្ពស់ជាង​ចំណុច​ផ្សេងទៀត​គឺ​ដល់​ទៅ ៨៥ ខណៈ​ការពង្រឹង​ការអនុវត្ត​កិច្ចសន្យា​បានតែ ៣៣​ពិន្ទុ​លើ​១០០​ពិន្ទុ​។

​ធនាគារពិភពលោក អះអាងថា ការកែលម្អ​លើ​វិស័យ​ឥណទាន​នេះ បាន​បង្ក​ភាពងាយស្រួល​កាន់តែ​ប្រសើរ​ដល់​អាជីវករ​ខ្នាតតូច​ក្នុងប្រទេស​ដែលមាន​ប្រវត្តិ​ហិរញ្ញវត្ថុ​ល្អ ក្នុងការ​ទទួលបាន​ឥណទាន​។ បើតាម World Bank  កម្ពុជា​ឈរ​នៅ​លេខ​រៀង​ប្រសើ​ជាង​តែ​ទៅលើ​ប្រទេស​ឡាវ និង​ប្រទេស​មី​យ៉ាន​ម៉ា ក្នុង​តំបន់​អាស៊ាន លើ​ការសម្រួល​បរិយាកាស​ធ្វើ​ធុរកិច្ច​។​

​សេចក្ដីប្រកាស​ព័ត៌មាន ដែល World Bank បានផ្ដល់​អនុសាសន៍​ដូច្នេះ​ថា​៖«​ដើម្បី​បោះ​ជំ​ហ៊ាន​ទៅមុខ កម្ពុជា​ចាំបាច់​ត្រូវធ្វើ​ឲ្យ​ការចាប់ផ្ដើម​អា​ជី​កម្ម​កាន់​តែមាន​ភាពងាយស្រួល​និង​កាន់តែ​ឆាប់រហ័ស តាមរយៈ​ការកាត់បន្ថយ​ពេលវេលា​ចុះបញ្ជី និង​មិនចាំបាច់​តម្រូវ​ឲ្យ​មាន​ភស្តុតាង​បញ្ជាក់​អំពី​ទុន​ដែល​បានដាក់​តម្កល់ ក្រោយ​ចុះបញ្ជី​ទេ​»​។

​លោកស្រី អ៊ី​ហ្គូ​ណា ដូ​ប្រា​ចា ប្រធាន​គ្រប់គ្រង​របស់ World Bank  ប្រចាំ​នៅ​កម្ពុជា ថ្លែង​ដូច្នេះ​ថា​៖«​កម្ពុជា​បាននិងកំពុង​មានការ​រីកចម្រើន​ក្នុងការ​ជំរុញ​ឲ្យ​មាន​បរិយាកាស​ពាណិជ្ជកម្ម​កាន់តែ​ល្អប្រសើរ​ជាង​មុន​។ កំណែទម្រង់​នានា​ដែល​កម្ពុជា​កំពុង​ធ្វើ គឺ​ជួយ​បង្កើត​ឲ្យ​មាន​សេដ្ឋកិច្ច​រស់​រវើក ដែល​វា​នឹង​ជួយ​បង្កើន​នូវ​ក្ដីសង្ឃឹម​សម្រាប់​ពលរដ្ឋ​ជាច្រើន និង​ជួយ​ពួកគេ​ចាក​ផុតពី​ភាពក្រីក្រ​»៕


Tag:
 ធនាគារពិភពលោក​
  World Bank
 ​ ពាណិជ្ជកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com