អត្ថបទពាណិជ្ជកម្ម
អ្នកជំនាញ​អប់រំ និង​វិស័យ​ឯកជន​ពិភាក្សាគ្នា​ពី​ការបណ្តុះបណ្តាល និង​តម្រូវ​ការជំនាញ​ទីផ្សារការងារ​
27, Oct 2016 , 2:41 pm        
រូបភាព
​ភ្នំពេញ​៖ សភាពាណិជ្ជកម្ម​អន្តរជាតិ​នៃ​កម្ពុជា (IBC) កំពុង​សហការ​ជា​ដៃគូ​ជាមួយនឹង​ក្រសួង​អប់រំ យុវជន និង​កីឡា គ្រឹះស្ថាន​អប់រំ​នានា សមាជិក​វិស័យ​ឯកជន និង​សភាពាណិជ្ជកម្ម​នានា ដើម្បី​រៀបចំ​វេទិកា​អប់រំ​មួយ​នៅ​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ (២៧ តុលា​) ដែល​ភាគី​ពាក់ព័ន្ធ​នឹងចូលរួម​ពិភាក្សា​លើ​វិធីសាស្ត្រ លើកកម្ពស់​ការអប់រំ កសាង​យន្តការ​សម្រាប់​កិច្ចសហការ និង​កិច្ចសន្ទនា​ទៀងទាត់​ជាមួយនឹង​ក្រសួង​អប់រំ យុវជន និង​កីឡា ក៏ដូចជា​លើកយក​បញ្ហា​ទាក់ទិន​តម្រូវ​ការជំនាញ និង​ការបណ្ដុះបណ្ដាល ពី​សំណាក់​សហគមន៍​ធុរកិច្ច​នៅ​កម្ពុជា​ផងដែរ​។

​នៅក្នុង​វេទិកា​នោះ តំណាង​គ្រឹះស្ថាន​អប់រំ និង​តំណាង​មកពី​សមាគមន៍​ធុរកិច្ច ដូចជា CAMEC, BritCham, AmCham, Cancham, AusCham និង EuroCham ជាដើម ក៏​នឹងចូលរួម​នៅក្នុង​កិច្ចពិភាក្សា​ផងដែរ ដែល​មានបំណង​ធ្វើយ៉ាងណា​ឲ្យ​វិស័យ​អប់រំ និង​និយោជក​ទាំង​នៅក្នុង​វិស័យ​រដ្ឋ និង​ឯកជន​ខិតជិត​ទៅរក​គ្នា​។​

​បន្ថែម​លើ​ការកែលម្អ​ក្នុង​វិស័យ​អប់រំ កិច្ចប្រជុំ​នេះ​ផ្ដល់ឱកាស​ដល់​សហគម​ន៍​ធុរកិច្ច​ក្នុងការ​ជូនដំណឹង​ដល់​គ្រឹះស្ថាន​អប់រំ​អំពី​គម្លាត​ជំនាញ និង​ការបណ្ដុះបណ្ដាល​បច្ចុប្បន្ន ដែល​ចាំបាច់​ត្រូវ​បំបាត់​ដើម្បី​ធ្វើ​ឲ្យ​មាន​កំណើនសេដ្ឋកិច្ច និង​ជំរុញ​ឲ្យ​មានការ​វិនិយោគ​។ ទន្ទឹមនឹងនេះ វេទិកា​ក៏​ផ្ដល់នូវ​យន្តការ​សម្រាប់​ក្រសួង​អប់រំ​យុវជន និង​កីឡា ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​កំណែទម្រង់​ដែល​ខ្លួន​កំពុង​អនុវត្ត និង​ផែនការ​យុទ្ធសាស្ត្រ​របស់ខ្លួន​សម្រាប់​ពេលអនាគត ។​



​ដើម្បី​សម្រេច​គោលបំណង​នេះ អ្នកចូលរួម​មកពី​វិស័យ​ឯកជន​នឹង​ពិភាក្សា​លើ​លទ្ធភាព​បង្កើត​កម្មវិធី​នានា​ដែល​ជួយ​បង្កើត​ឲ្យ​មាន​និស្សិត​បញ្ចប់​ការសិក្សា​ថ្មី ដែល​អាច​ជួល​មក​ធ្វើការ​បាន​កាន់តែច្រើន​ថែមទៀត ហើយ​ក្នុង​រយៈកាល​ណាមួយ ជារួម នឹង​បង្កើតបាន​នូវ​ប្រជាជន​ដែលមាន​ការអប់រំ និង​មាន​ជំនាញ​។

​នៅក្នុង​កិច្ចពិភាក្សា អ្នកចូលរួម​មកពី​វិស័យ​ឯកជន និង​រដ្ឋ នឹង​ស្វែងរក​មធ្យោបាយ​ដើម្បី​ជួយ​ដល់​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​ឈានទៅ​សម្រេចបាន​នូវ​គោលដៅ​កំណែទម្រង់​របស់ខ្លួន តាមរយៈ​ការផ្ដល់​នូវ​ការគាំទ្រ​ទាំង​ផ្នែក​បច្ចេកទេស និង​ហិរញ្ញវត្ថុ​។

​ប្រធាន IBC លោក Bretton Sciaroni ដែល​នឹង​ថ្លែង​សុន្ទរកថា​បើក​វេទិកា​នោះ បាន​មានប្រសាសន៍ថា ព្រឹត្តិការណ៍​នេះ​គឺជា​ចំណុច​ចាប់ផ្ដើម​ថ្មី​សម្រាប់​សហគមន៍​ធុរកិច្ច និង​ក្រសួង​អប់រំ​យុវជន និង​កីឡា ដើម្បី​ធ្វើការ​រួមគ្នា​បង្កើត​បរិ​យា​កាស​សេដ្ឋកិច្ច ដែលមាន​ផលិតភាព​ជាង​មុន​។​

​លោក Bretton Sciaroni បាន​មានប្រសាសន៍ថា​៖«​យើង​បាន​ចំណាយពេល​ជាង​មួយឆ្នាំ ដើម្បី​រៀបចំ​វេទិកា​មួយ​នេះ​ឡើង ហើយ​វេទិកា​នេះ​នឹង​ជួយ​យើងទាំងអស់គ្នា​ឲ្យ​កំណ​ត់រក​ឲ្យ​ឃើញ​នូវ​ផ្នែក​នានា ក្នុង​វិស័យ​អប់រំ ដែល​យើង​អាច​ចាប់ផ្ដើម​ភ្លាមៗ​ក្នុងការ​ធ្វើការ​កែលម្អ ដែល​ការធ្វើ​ដូច្នេះ ជា​លទ្ធផល​នឹង​ផ្ដល់​ផលប្រយោជន៍​ដោយផ្ទាល់​ចំពោះ​សេដ្ឋកិច្ចជាតិ​»​។



​រដ្ឋមន្ត្រីក្រសួង​អប់រំ ឯកឧត្តម បណ្ឌិត ហង់ ជួន ណា​រ៉ុ​ន បាន​មានប្រសាសន៍ថា ឯកឧត្តម​មាន​ក្តីសង្ឃឹម​ខ្ពស់​ថា កិច្ចពិភាក្សា​រយៈពេល​ពេញ​មួយថ្ងៃ​នោះ​នឹង​នាំទៅរក​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ប្រសើរ​រវាង​ក្រសួង​អប់រំ និង​វិស័យ​ឯកជន ។​

​ឯកឧត្តម​បណ្ឌិត ហង់ ជួន ណា​រ៉ុ​ន មានប្រសាសន៍ថា​៖ “​យើង​ជឿថា តាមរយៈ​ការចូលរួម​នៅក្នុង​កិច្ចពិភាក្សា​ទាំងនេះ វិស័យ​អប់រំ​នឹងមាន​លទ្ធភាព​ធ្វើការ​កែប្រែ​មួយចំនួន ដែល​នឹង​ជួយ​ដល់​សិស្សានុសិស្ស​នៅ​វិទ្យាល័យ និង​និស្សិត​នៅ​សកល​វិទ្យាល័យ កាន់តែ​ឆាប់​ងាយ​ទទួលបាន​ការងារ​ធ្វើ ក្រោយពេល​បញ្ចប់​ការសិក្សា​រួច​” ។

​វេទិកា​អប់រំ​របស់​សភាពាណិជ្ជកម្ម​អន្តរជាតិ​នៃ​កម្ពុជា (IBC) លើក​នេះ គឺជា​វេទិកា​ដំបូង​ហើយ​ដែល​ត្រូវបាន​រៀបចំឡើង ចាប់តាំងពី IBC និង​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា (MoU) កាលពី​ឆ្នាំមុន ដោយ​ព្រមព្រៀង​ជួបប្រជុំ​ជាប្រចាំ​ដើម្បី​ពិភាក្សា​លើ​កំណែទម្រង់​ដែល​កំពុង​ធ្វើឡើង នៅក្នុង​ប្រព័ន្ធ​អប់រំ  និង​ដើម្បី​ផ្ដល់​អនុសាសន៍​ផ្ដោតលើ​ឧស្សាហកម្ម​នានា ដល់​ក្រសួង​អប់រំ​ផងដែរ​៕

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com