អន្តរជាតិ
មន្ត្រីជាន់ខ្ពស់​UN ៖ «​ឈប់​បង្ហូរឈាម​ជនជាតិ​ស៊ី​រី​ទៅ​!»
27, Oct 2016 , 3:18 pm        
រូបភាព
កុមារស៊ីរី ក្នុងទីក្រុង Aleppo (រូបភាព UN)
កុមារស៊ីរី ក្នុងទីក្រុង Aleppo (រូបភាព UN)
​មន្ត្រីជាន់ខ្ពស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​មនុស្សធម៌ បាន​អំពាវនាវ​ទៅកាន់​សមាជិក​ទាំង​១៥​ប្រទេស​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ឲ្យ​ចាត់វិធានការ​បន្ទាន់​ដើម្បី​បញ្ចប់​ជម្លោះ​បង្ហូរឈាម​នៅ​ស៊ី​រី​។  មកទល់ពេលនេះ មហាអំណាច​នៅ​បន្ត​ខ្វែងគំនិត​គ្នា​នៅឡើយ​ជុំវិញ​ដំណោះស្រាយ​សម្រាប់​ស៊ី​រី ខណៈដែល​ឈាម​ជនជាតិ​ស៊ី​រី​នៅតែ​បន្ត​ហូរ​នៅឡើយ​។



​លោក Stephen O’Brien អ្នកសម្របសម្រួល​ផ្នែក​ជំនួយ​បន្ទាន់​របស់​អង្គការសហប្រជាជាតិ បាន​ទទូច​សមាជិក​ទាំង​១៥​នៃ​ក្រុមប្រឹក្សាសន្តិសុខ បញ្ឈប់​ការប្រយុទ្ធ​បង្ហូរឈាម​នៅ​ស៊ី​រី​។ លោក​បាន​ប្រាប់​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​ថា ចាប់​តាំង​លោក​ជួប​ជាមួយ​ក្រុមប្រឹក្សា​នៅ​ថ្ងៃទី​២៩ ខែកញ្ញា​មក ជនជាតិ​ស៊ី​រី​ច្រើនជាង​៤០០​នាក់ ត្រូវបាន​សម្លាប់ និង​ជាង​ពីរពាន់​នាក់​របួស​ក្នុងការ​ប្រយុទ្ធ​គ្នា​នៅ​ក្រុង Aleppo​។​

«​ពួកគេ​ក៏​ជា​មនុស្ស​ដូចជា​យើង​ដែរ​។ ប៉ុន្តែ​ពួកគេ​មិនបាន​អង្គុយ​នៅ New York ដូច​យើង​ឡើយ​។ ពួកគេ​ធ្លាក់​ទៅក្នុង​ភាព​អស់សង្ឃឹម រងគ្រោះ​គួរ​ឲ្យ​កំសត់ ហើយ​ទាំង​ប្រជាជន​និង​ប្រទេស​ស៊ី​រី​ទាំងមូល ត្រូវបាន​បំផ្លាញ​»​។ នេះ​ជាការ​រៀបរាប់​ពី​ទុក្ខវេទនា​របស់​ប្រជាជន​ស៊ី​រី​ដោយ​លោក Stephen O’Brien ទៅកាន់​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​នៅ​ថ្ងៃទី​២៦ ខែតុលា ដែល​ទាំង​អាមេរិក និង​រុស្សី​មាន​វត្តមាន​ផងដែរ​។  

​ក្រៅពី​លើកឡើង​ពី​ការលំបាក​របស់​ប្រជាជន​ស៊ី​រី មន្ត្រីជាន់ខ្ពស់​រូបនេះ​ក៏​អំពាវនាវ​ឲ្យ​ស្ថាប័ន​ដ៏​មាន​ឥទ្ធិពល​នេះ មាន​ចំណាត់​រក្សា​សន្តិភាព​និង​សន្តិសុខ​អន្តរជាតិ ដោយ​រួមបញ្ចូល​ទាំង​ការធ្វើសកម្មភាព​គ្រប់យ៉ាង​ដើម្បី​កុំ​ឲ្យ «​ឈាម​ជនជាតិ​ស៊ី​រី​» បន្ត​ហូរ​ទៀត​។ លោក​ក៏បាន​រៀបរាប់​ពី​ស្ថានភាព​មនុស្សធម៌​យ៉ាង​អាក្រក់​ដែល​កំពុង​កើតឡើង​នៅ​ទីក្រុង Aleppo ដែល​មិន​ទទួលបាន​ជំនួយ​ជិត​បួន​ខែ​មកហើយ​នោះ​។​

​លោក Stephen O’Brien ប្រាប់​តំណាង​សមាជិក​ទាំង​១៥​ប្រទេស​ថា​៖ «​អំណាច​ស្ថិតក្នុង​ដៃ​របស់​អ្នក​ដើម្បី​បញ្ឈប់​រឿងនេះ​។ ប្រសិនបើ​មិន​ចាត់វិធានការ​ទេ ប្រជាជន​ស៊ី​រីនឹង​មិនមាន​ទៀតឡើយ ហើយ​ស៊ី​រី​ក៏​បាត់បង់​ដែរ ហើយ​វា​នឹង​ក្លាយជា​មរតក​គួរ​ឲ្យ​អាម៉ាស​របស់​ក្រុមប្រឹក្សាសន្តិសុខ និង​មនុស្ស​ជំនាន់​ក្រោយ​ផងដែរ​»​។​

​សូម​បញ្ជាក់ដែរថា មកទល់ពេលនេះ ការ​វាយ​ប្រយុទ្ធ​រវាង​កងកម្លាំង​រដ្ឋា​ភិ​បាល និង​ក្រុម​ឧទ្ទាម នៅតែ​បន្ត​ជាពិសេស​នៅ​ទីក្រុង Aleppo​។ អាមេរិក​បានប្រកាសថា យន្តហោះ​ចម្បាំង​របស់​រដ្ឋាភិបាល​លោក អាសាដ និង​យន្តហោះ​ចម្បាំង​រុស្សី​ដែល​គាំទ្រ​លោក អាសាដ បន្ត​ទម្លាក់​គ្រាប់បែក​លើ​មូលដ្ឋាន​ក្រុម​ឧទ្ទាម ហើយ​ជា​ញឹកញយ​នោះ គ្រាប់បែក​ទាំងនោះ ធ្លាក់ចំ​ផ្ទះ​ប្រជាជន និង​សាលារៀន ឬ​មន្ទីរពេទ្យ ដែល​សម្លាប់​ប្រជាជន​ស៊ី​រី ជាពិសេស​កុមារ​អស់​ជាច្រើន​រៀងរាល់ថ្ងៃ​៕ 
      


Tag:
 UN
  ជម្លោះ​ស៊ី​រី​
© រក្សាសិទ្ធិដោយ thmeythmey.com