អន្តរជាតិ
អាមេរិក​មិន​ប្រឆាំង​ដំណោះស្រាយ​ដក​ទណ្ឌកម្ម​គុយបា​លើកដំបូង​ក្នុងពេល​២៥​ឆ្នាំ​
27, Oct 2016 , 8:19 pm        
រូបភាព
កិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិស្ដីពីការបញ្ចប់ទណ្ឌកម្មលើគុយបា (រូបភាព UN)
កិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិស្ដីពីការបញ្ចប់ទណ្ឌកម្មលើគុយបា (រូបភាព UN)
​សហរដ្ឋអាមេរិក នៅ​ថ្ងៃទី​២៦ ខែតុលា បាន​បោះឆ្នោត​អនុប្បវាទ​លើ​ដំណោះស្រាយ​របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ ដែល​ស្នើ​លុបចោល​ការដាក់ទណ្ឌកម្ម​លើ​គុយបា​។ នេះ​ជា​លើកដំបូង​ក្នុង​រយៈពេល​២៥​ឆ្នាំ​ចុង​ក្រោយនេះ ដែល​អាមេរិក​បោះឆ្នោត​មិន​ប្រឆាំង​លើ​សេចក្ដីសម្រេច​គ្មាន​ចំណង​ផ្លូវច្បាប់​ដែល​ទាមទារ​ឲ្យ​អាមេរិក​ដក​ទណ្ឌកម្ម​លើ​រដ្ឋ​កុម្មុយនីស្ត​គុយបា​នោះ​។



សូមស្ដាប់ព័ត៌មានលម្អិត៖




​មហាសន្និបាត​អង្គការសហប្រជាជាតិ បាន​បោះឆ្នោត​អនុម័ត​សេចក្ដីសម្រេច​ស្នើ​ឲ្យ​បញ្ចប់​ការដាក់ទណ្ឌកម្ម​លើ​គុយបា ដោយមាន​សំឡេងគាំទ្រ​១៩១​លើ​សមាជិក​ទាំងអស់​១៩៣​ប្រទេស​។ អាមេរិក ដែល​តែងតែ​បោះឆ្នោត​ប្រឆាំង​អស់​រយៈពេល​២៤​ឆ្នាំ​មកហើយ បាន​បោះឆ្នោត​អនុប្បវាទ​លើ​សេចក្ដីសម្រេច​នោះ ខណៈដែល​សម្ព័ន្ធមិត្តរ​បស់​ខ្លួន គឺ​អ៊ីស្រាអែល​ក៏​បោះឆ្នោត​អនុប្បវាទ​ដែរ​។​

​ចាប់តាំងពី​ឆ្នាំ​១៩៩១​មក មហាសន្និបាត​តែងតែ​បោះឆ្នោត​លើ​សេចក្ដីសម្រេច​ស្ដីពី​ការដក​ទណ្ឌកម្មសេដ្ឋកិច្ច ពាណិជ្ជកម្ម​លើ​គុយបា​ពី​សំណាក់​អាមេរិក​ជាប្រចាំ ប៉ុន្តែ​សេចក្ដីសម្រេច​នេះ​គ្មាន​អំណាច​បង្ខំ​ឡើយ គឺ​ត្រឹមតែ​ជាការ​អំពាវនាវ​នយោបាយ​ប៉ុណ្ណោះ​។ ក្នុងការ​បោះឆ្នោត​រៀងរាល់​លើក អាមេរិក និង​អ៊ីស្រាអែល តែង​បោះឆ្នោត​ប្រឆាំងនឹង​សេចក្ដីសម្រេច​នេះ​រហូត​។ ទើបតែ​ក្នុងការ​បោះឆ្នោត​លើក​ទី​២៥​នេះ ដែល​ប្រទេស​ទាំងពីរ​នេះ​បោះឆ្នោត​អនុប្បវាទ​នោះ​។​

​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ លោកស្រី Samantha Power បានបញ្ជាក់​ពី​ជំហរ​របស់​អាមេរិក​ដែល​មិន​ប្រឆាំង​សេចក្ដីសម្រេច​នេះ ដោយ​លោកស្រី​និយាយថា ការដែល​អាមេរិក​បោះឆ្នោត​អនុប្បវាទ​នេះ មិនមែន​មានន័យថា​អាមេរិក​គាំទ្រ​នយោបាយ​របស់​គុយបា​ឡើយ​។ ប៉ុន្តែ​អាមេរិក​មើលឃើញ​ពី​ការរីកចម្រើន​របស់​គុយ​បា ហើយ​នេះ​ក៏​ជាការ​អនុវត្ត​សិទ្ធិ​ជំនួស​ប្រជាជន​ដែរ​។

​ជាមួយគ្នា​នោះ លោកស្រី​អគ្គរដ្ឋទូត​ក៏​បញ្ជាក់ដែរថា អាមេរិក និង​គុយបា ត្រូវ​ដោះស្រាយ​បញ្ហា​ខុសគ្នា​ជាច្រើន​ទៀត ដើម្បី​បង្កើន​ទំនាក់ទំនង​ទ្វេភាគី​។ ការបោះឆ្នោត​អនុប្បវាទ​ក្នុង​កិច្ចប្រជុំ​មហាសន្និបាត គឺជា​ជំហាន​វិជ្ជមាន​មួយទៀត ដែល​អាច​នឹង​ឈានដល់​ការបញ្ចប់​ទណ្ឌកម្ម​លើ​គុយបា​ជា​ផ្លូវការ​។ 

​សូម​បញ្ជាក់ដែរថា ការសម្រេចចិត្ត​បោះឆ្នោត​អនុប្បវាទ​របស់​អាមេរិក ទទួល​បានការ​សាទរ​ខ្លាំង​ពី​សំណាក់​សមាជិក​មហាសន្និបាត បើទោះជា​កន្លងមក​ស្ថាប័ន​នេះ មិន​ពេញ​ចិត្តនឹង​ការដាក់ទណ្ឌកម្ម​ក៏ដោយចុះ​។ កន្លងមក មហាសន្និបាត​តែង​ប្រាប់​ឲ្យ​សមាជិក​របស់ខ្លួន មិនត្រូវ​អនុវត្ត​ច្បាប់​ណា​ដែល​មិន​ស្រប​នឹង​ច្បាប់​អន្តរជាតិ​ឡើយ ហើយ​ជា​ញឹកញយ​នោះ មហាសន្និបាត តែង​ស្នើ​អាមេរិក​ឲ្យ​បញ្ចប់​ទណ្ឌកម្ម​របស់ខ្លួន​លើ​គុយបា​ផងដែរ​៕


Tag:
 អាមេរិក​
  គុយបា​
  UN
© រក្សាសិទ្ធិដោយ thmeythmey.com