អន្តរជាតិ
ណា​តូ ត្រៀម​បង្កើន​កងទ័ព​នៅ​សមុទ្រ​ខ្មៅ ទប់ទល់​សកម្មភាព​យោធា​រុស្ស៊ី​
27, Oct 2016 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​បក្សសម្ព័ន្ធ​យោធា​ណា​តូ​បាន​បញ្ជាក់ថា រដ្ឋ​សមាជិក​ចំនួន ៦ បាន​ឯកភាពគ្នា​និង​ត្រៀមខ្លួន​ដើម្បី​បង្កើន​វត្តមាន​និង​កម្លាំង​ទ័ព​នៅ​នៅក្នុង​តំបន់​សមុទ្រ​ខ្មៅ​ដែល​ជាប់​ព្រំដែន​រុស្ស៊ី​នៅ​ឆ្នាំ ២០១៧ នេះ​។ ការបង្កើន​កម្លាំង​ទ័ព​នៅ​តំបន់​សមុទ្រ​ខ្មៅ​នេះ​ធ្វើឡើង​ដើម្បី​ឆ្លើយតប​ការពង្រឹង​កម្លាំង​ទ័ព​រុស្ស៊ី​នៅក្នុង​តំបន់​អឺរ៉ុប​ខាងកើត​និង​សមុទ្រ​ខ្មៅ​។



សូមស្ដាប់ព័ត៌មានលម្អិត៖




​ថ្លែង​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​ណា​តូ​ថ្ងៃ​ពុធ​ទី ២៦ ខែតុលា​នៅ​ក្រុង​ព្រុ​ច​សែ​ល អគ្គលេខាធិការ​បក្សសម្ព័ន្ធ​យោធា​ណា​តូ លោក Jens Stoltenberg បាន​អះអាងថា​នៅ​ឆ្នាំ ២០១៧ នេះ ណា​តូ អាច​នឹង​បង្កើន​វត្តមាន​កងទ័ព​ជើង​ទឹក ជើងគោក និង​ជើង​អាកាស​របស់ខ្លួន​នៅក្នុង​តំបន់​សមុទ្រ​ខ្មៅ​ដើម្បី​ការពារ​សុវត្ថិភាព​និង​រក្សា​សន្តិសុខ​របស់​សមាជិក​។​

​យោងតាម​សារព័ត៌មាន​រុស្ស៊ី RT  អគ្គលេខាធិការ​ណា​តូ​រួប​នេះ បាន​បញ្ជាក់ថា ប្រទេស​សមាជិក​ទាំងអស់​ចំនួន ៦ បាន​ឯកភាពគ្នា​ហើយ និង​ត្រៀមលក្ខណៈ​សម្រាប់​ការពង្រឹង​វត្តមាន​កងទ័ព​នៅក្នុង​តំបន់​សមុទ្រ​ខ្មៅ​នេះ​។  ប្រទេស​ដែល​បង្ហាញ​ឆន្ទៈ​ចូលរួម​នោះ​មានដូចជា​កាណាដា​,​តួ​ក​គី​, អាល្លឺម៉ង់​, ហូ​ឡង់​, ប៉ូឡូញ និង​អាមេរិក​ផងដែរ​។​

​ក្រៅពី​ប្រទេស​ទាំង ៦​នេះ លោក Jens Stoltenberg ក៏​លួច​បង្ហើប​ផងដែរ​ថា ប្រទេស​ជា​សម្ព័ន្ធមិត្ត​ជាច្រើន​ទៀត​ក៏មាន​ចំណាប់អារម្មណ៍​ចូលរួម​ក្នុងការ​ពង្រឹងកម្លាំង​និង​វត្តមាន​កងទ័ព​នៅ​សមុទ្រ​ខ្មៅ​ផងដែរ​។  យ៉ាងណា​ក៏ដោយចុះ គម្រោង​នេះ​មិនទាន់​ត្រូវបាន​គេ​សម្រេច​ជា​ផ្លូវការ​ឡើយ​។ កិច្ចពិភាក្សា​នឹងត្រូវ​បន្ត​ទៅមុខទៀត ហើយ​ផែនការ​នេះ​នឹងត្រូវ​អនុម័ត​ចុងក្រោយ​នៅ​ខែកុម្ភៈ​ឆ្នាំក្រោយ​នៅពេល​រដ្ឋមន្ត្រី​ការពារជាតិ ណា​តូ​ជួបប្រជុំគ្នា​ម្តងទៀត​។​

​តាមពិតទៅ ផែនការ​បង្កើន​វត្តមាន​កងទ័ព​នៅ​សមុទ្រ​ខ្មៅ ត្រូវបាន​លើក​ឡើងជា​លើកដំបូង​ក្នុង​កិច្ចប្រជុំ​ណា​តូ​នៅ​ប្រទេស​ប៉ូឡូញ កាលពី​ខែកក្កដា​កន្លងទៅ ដោយ​កាលនោះ​សមាជិក​បក្សសម្ព័ន្ធ​យោធា​នេះ​បាន​អះអាងថា ការបង្កើន​វត្តមាន​ក​ង​ទ័ព​ជាការ​គាំទ្រ​បណ្តា​ប្រទេស​អឺរ៉ុប​ខាងកើត​និង​ទប់ទល់​រុស្ស៊ី​ផង​។ គេ​អាច​និយាយថា ផែនការ​នេះ ស្ថិតក្រោម​គម្រោង​កសាង​កម្លាំង​ទ័ព​របស់​ណា​តូ​ដែល​ឆ្លើយតប​ការ​ក្រសោប​យក​ទឹកដី Crimea  ពី​អ៊ុយ​ក្រែ​ន​របស់​រុស្ស៊ី​នៅ ឆ្នាំ ២០១៤​នោះ​។ ចាប់ពី​វិបត្តិ​អ៊ុយ​ក្រែ​ន​ផ្ទុះឡើង ការ​ចល័ត​ទ័ព ការពង្រាយ​ទ័ព និង​សមយុទ្ធ​យោធា​ជាដើម​របស់​សមាជិក​ណា​តូ ត្រូវបាន​គេ​រៀបចំឡើង​ឥតមាន​ឈប់ឈរ​។ ចាប់ពី​ឆ្នាំ ២០១៤ នាវាចម្បាំង​ណា​តូ​រួមទាំង​នាវា​ពិឃាត​អាមេរិក​និង​សមាជិក​ផ្សេងទៀត​បន្ត​ល្បាត​នៅ​សមុទ្រ​ខ្មៅ​ដោយ​ផ្លាស់​វេន​គ្នា ហើយ​មកទល់​ពេលបច្ចុប្បន្ន​ណា​តូ​នៅ​បន្តសកម្មភាព​ល្បាត​នេះ​ដដែល​។​

​ក្រៅពី​សមុទ្រ​ខ្មៅ អគ្គលេខាធិការ​ណា​តូ ក៏បាន​បញ្ជាក់​ជាថ្មី​ផងដែរ​ថា នៅ​ដើមឆ្នាំ​ក្រោយនេះ សមាជិក​ណា​តូ​ចំនួន ១៧ នឹង​បញ្ជូន​កងទ័ព​រៀងៗ​ខ្លួន ទៅ​ចូលរួម​ក្នុង​កងពលធំ​ចម្រុះ​ចំនួន​បួន​ដែល​ត្រូវ​ពង្រាយ​ទៅកាន់​ប្រទេស​ប៉ូឡូញ និង​តំបន់​បាល់​ទិ​ក​ផងដែរ​។

​ចំណែក​រុស្ស៊ី​ឯណោះ​វិញ​រិះគន់​និង​ព្រមាន​ណា​តូ​ជា​ញឹកញយ​។​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ មហាអំណាច​មួយ​នេះ​បាន​ឆ្លើយតប​វិញ​ដោយ​បញ្ជូន​សព្វាវុធ​និង​កងទ័ព​ទៅតាម​ព្រំដែន​ជាដើម​ផង​ដើម្បី​កំញើញ​សមាជិក​ណា​តូ​។ ជាក់ស្តែង នាវាចម្បាំង​រុស្ស៊ី​នៅ​ចល័ត​ទៅមក​ទៅវិញ​នៅក្នុង​តំបន់​សមុទ្រ​ខ្មៅ​ផងដែរ​៕


© រក្សាសិទ្ធិដោយ thmeythmey.com