ជាតិ
​មេឃុំ​បក្សប្រឆាំង ដែល​ពាក់ព័ន្ធ​ក្នុង​រឿងស្រី​មុំ ត្រូវ​ឡើង​សវនាការ​នៅ​ថ្ងៃស្អែក​
27, Oct 2016 , 9:59 pm        
រូបភាព
​ភ្នំពេញ​៖ សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​បើកសវនាការ ជំនុំជម្រះ​លើ​សំណុំរឿង​របស់លោក ស៊ា​ង ចែត មេឃុំ​ពី​គណបក្ស សម រង្ស៊ី នៅ​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៦​។ នេះ​ជាការ​បញ្ជាក់​របស់លោក សំ សុ​គង់ ដែលជា​មេធាវី​របស់លោក ស៊ា​ង ចែត​។​


 
​បើតាម​លោក សំ សុ​គង់ សវនាការ​នៅ​ថ្ងៃស្អែក នឹង​ចាប់ផ្តើម​ដំណើរការ​នៅ​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​។ លោក សំ សុ​គង់ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា លោក និង​កូនក្តី​របស់ខ្លួន នឹងចូលរួម​ក្នុង​សវនាការ តាម​ការកំណត់​របស់​តុលាការ​។

​លោក​មេធាវី​ខាងលើ បាន​ពន្យល់ថា សវនាការ​នេះ គឺជា​ការជំនុំជម្រះ​លើ​អង្គសេចក្តី​តែម្តង ដើម្បី​សម្រេច​ថា លោក ស៊ា​ង ចែត មានទោស​ឬ​គ្មាន​ទោស​។
​លោក ស៊ា​ង ចែត ដែលជា​មេឃុំ​ស្រក ស្រុក​កំពុងសៀម ខេត្តកំពុងចាម ត្រូវបាន​បញ្ជូនទៅ​ពន្ធនាគារ​ព្រៃ​ស ចាប់ពី​តាំង​ខែមេសា ឆ្នាំ​២០១៦ មក​ម្លេះ​។ រហូតមកដល់​ពេលនេះ មេឃុំ​បក្ស​សម រង្ស៊ី រូបនេះ បាន​ជាប់ពន្ធនាគារ ជាង​៦​ខែ​ហើយ​។

​តុលាការ បាន​ចោទ​លោក ស៊ា​ង ចែត ពីបទ «​សូកប៉ាន់​សាក្សី​» ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​របស់​កញ្ញា ខុម ចន្ទ​តា​រ៉ា​ទី ហៅ​ស្រីមុំ ជាមួយនឹង​ឯកឧត្តម កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​។ រឿងនេះ​បាន​ផ្ទុះឡើង បន្ទាប់ពី​ស្រីមុំ សរសេរ​លិខិត​ចំហ​មួយច្បាប់ ទៅកាន់​តុលាការ ក្នុងអំឡុង​ខែមេសា ឆ្នាំ​២០១៦ ដោយ​ចោទ​លោក ស៊ា​ង ចែត ថា​បាន​យកប្រាក់​ចំនួន​៥០០​ដុល្លារ ទៅ​សូក​ម្តាយ​របស់​នាង​។

​ស្រីមុំ បានបញ្ជាក់​ក្នុង​លិ​ខិ​ស​នោះ​ថា លោក ស៊ា​ង ចែត បាន​ប្រើប្រាស់​ទឹកប្រាក់​ទាំងនោះ ដើម្បី​បញ្ចុះបញ្ចូល​ម្តាយ ឲ្យ​លួងលោម​រូបនាង កុំ​ឲ្យ​និយាយ​ការពិត ពី​រឿងអាស្រូវ​របស់​នាង ជាមួយនឹង​ឯកឧត្តម កឹម សុខា​។ ដោយសារតែ​លិខិត​នេះឯង ទើប​លោក ស៊ា​ង ចែត ត្រូវបាន​ឃាត់ខ្លួន នឹង​ចោទ​ពីបទ «​សូក​បាន់​សាក្សី​»​។

​ក្រៅពី​លោក ស៊ា​ង ចែត នៅមាន​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក​បួនរូប និង​អគ្គលេខាធិការរង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​មួយរូប កំពុង​ជាប់ពន្ធនាគារ​ផងដែរ ដោយសារតែ​រឿងរ៉ាវ​របស់​ស្រីមុំ​ខាងលើ​៕


Tag:
 តុលាការ​
  ស៊ា​ង ចែត​
  កាត់ទោស
© រក្សាសិទ្ធិដោយ thmeythmey.com