អន្តរជាតិ
ទោះស្អប់អាមេរិក ហ្វីលីពីន នៅតែត្រូវការជប៉ុនដើម្បីធានាពី«តុល្យភាពអំណាច»ជាមួយនឹងចិន
× ថ្វីត្បិតទំនាក់ទំនងដែលធ្លាប់តែស្និទ្ធល្មួតខ្លាំងរវាងអាមេរិក និងហ្វីលីពីន កំពុងតែរង្គោះរង្គើរ និងឈានដល់ការប្រះឆាក៏ដោយ ហ្វីលីពីន នៅតែមិនបោះបង់សម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់អាមេរិក «ជប៉ុន» ដូចឥរិយាបថដែលហ្វីលីពីនធ្វើដាក់អាមេរិកឡើយ។ ជាសក្ខីកម្មនោះ តាមរយៈដំណើរទស្សនកិច្ចផ្លូវរដ្ឋជាលើកដំបូងទៅកាន់ជប៉ុន លោកប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គូ ឌើទើតេ បានប្រាប់លោកនាយករដ្ឋមន្ត្រីជប៉ុនស៊ីនហ្សូ អាបេ ថាហ្វីលីពីន ពិតជាត្រូវការជប៉ុនដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងបញ្ហាសន្តិសុខដែលរួមទាំងបញ្ហាសមុទ្រចិនខាងត្បូងផងដែរនោះ។ ភាគីទាំងពីរ ក៏បានចុះកិច្ចព្រមព្រៀងទំហំពាន់លានដុល្លាដើម្បីពង្រឹងសមត្ថភាពដែនសមុទ្រទៀតផង។
លោកនាយករដ្ឋមន្ត្រីស៊ិនហ្សូ អាបេ នៅថ្ងៃទី២៦ ខែតុលាម្សិលមិញនេះ បានជួបពិភាក្សាជាមួយនឹងលោកប្រធានាធិបតី រ៉ូឌ្រីហ្គូ ឌើទើតេ ដែលស្ថិតនៅថ្ងៃទីពីរនៃដំណើរទស្សនកិច្ចបីថ្ងៃរបស់ប្រធានាធិបតីហ្វីលីពីនទៅកាន់ជប៉ុន។ ក្នុងជំនួបផ្លូវការនោះភាគីទាំងពីរបានជជែកលើបញ្ហាជាច្រើនដែលពាក់ព័ន្ធទាំងផលប្រយោជន៍សេដ្ឋកិច្ច កសិកម្ម បញ្ហាសន្តិសុខដែនសមុទ្រ និងគម្រោងនៃការផ្តល់កម្ចីទៅឲ្យហ្វីលីពីនផងដែរ។ តែបញ្ហាហ្វីលីពីន-អាមេរិក មិនត្រូវបានលើកឡើងជារបៀបវារៈសំខាន់នៃកិច្ចប្រជុំនោះឡើយ។
១. ជប៉ុននៅតែលូកដៃ រឿងសមុទ្រចិនខាងត្បូងប្រឆាំងចិន
មិនខុសពីជំនួបលើកដំបូងរវាងមេដឹកនាំទាំងពីរនៅក្រុងវៀងចន្ទន៍នៃប្រទេសឡាវ លោកនាយករដ្ឋមន្ត្រី អាបេ បានបន្តលើកឡើងពីសារៈសំខាន់នៃសាលក្រមសមុទ្រចិនខាងត្បូងដែលតុលាការសម្រេចឲ្យហ្វីលីពីនឈ្នះក្តីក្តាំលើចិន។ លោក អាបេ បានប្រាប់លោកឌើទើតេ ថា«បញ្ហាសមុទ្រចិនខាងត្បូង គឺជាបញ្ហាមួយដែលជាផលប្រយោជន៍សម្រាប់សហគមន៍នៅក្នុងតំបន់ទាំងស្រុងដែលវាក៏ផ្សារភ្ជាប់ដោយផ្ទាល់ទៅនឹងសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ទៀតផង»។ នេះបើយោងតាមសារព័ត៌មានជប៉ុន Japan Times។
នាជំនួបនោះដែរថា លោកនាយករដ្ឋមន្ត្រីរូបនោះ ក៏បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចថ្មីៗនេះរបស់ប្រធានាធិបតីហ្វីលីពីនទៅកាន់ចិន ដើម្បីធ្វើឲ្យមានភាពល្អប្រសើរទ្វេភាគីផងដែរ។ តែនាយករដ្ឋមន្ត្រីរូបនោះ នៅតែបញ្ជាក់ពីសារៈសំខាន់នៃការដោះស្រាយជម្លោះសមុទ្រចិនខាងត្បូងដោយសន្តិវិធី និងនីតិរដ្ឋ ជាពិសេសនោះ ដោយឈរលើស្មារតីនៃសាលក្រមសមុទ្រចិនខាងត្បូង ដែលតុលាការបានសម្រេចដោយស្របតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រនោះ។
សូមរម្លឹកផងដែរថានៅថ្ងៃទី១២ខែកក្ដដាកន្លងទៅ តុលាការមជ្ឈការអចិន្ត្រៃយ៍ក្រុងឡាអេ ប្រកាសសាលក្រមលើសំណុំរឿងសមុទ្រចិនខាងត្បូងដែលប្តឹងដោយរដ្ឋបាលអតីតប្រធានាធិបតីហ្វីលីពីន ដោយសម្រេចថាសកម្មភាពរបស់ចិន និងការទាមទារដោយផែនទីប្រាំបួនត្រេនោះ មិនស្របតាមគោលការណ៍ច្បាប់ឡើយ ពោលគឺចិន បានបំពានច្បាប់អន្តរជាតិ។ ជុំវិញសាលក្រមនេះ ចិន បានចាត់ទុកវាប្រៀបដូចទៅនឹងក្រដាសដែលចោលនៅក្នុងធុងសំរាមយ៉ាងដូច្នេះឯង ពោលគឺ ចិនបានមោឃភាពសាលក្រមនោះ បើទោះបីជាចិន ក៏ជាហត្ថលេខីនៃអនុសញ្ញាស្តីពីច្បាប់សមុទ្រនោះក៏ដោយចុះ។
សម្រាប់ជប៉ុនដែលមិនមែនជាភាគីនៃជម្លោះនេះនោះ បានប្រលូកខ្លួនយ៉ាងជ្រៅក្នុងការបង្កើតយុទ្ធនាការស្វែងរកការគាំទ្រសាលក្រមនេះ តាមរយៈវេទិកាអន្តរជាតិនានា។ ជាងនេះទៅទៀតនោះ ជប៉ុន ក៏តែងតែដាក់បញ្ហាសមុទ្រចិនខាងនៅក្នុង«សៀវភៅសការបរទេសរបស់ខ្លួន» ដោយរួមបញ្ចូលទាំងក្តីបារម្ភ និងថ្កោលទោសសកម្មភាពចិននៅក្នុងសមុទ្រចិនខាងត្បូងទៀតផង។ ក៏ដោយសារតែភាពសកម្មរបស់ជប៉ុន លើបញ្ហារបស់ចិន និងរដ្ឋសមាជិកអាស៊ាននោះ ចិន ក៏តែងតែព្រមានជប៉ុនជាបន្តបន្ទាប់ថា កុំឲ្យលូកដៃចូលបញ្ហារឿងអ្នកដទៃផងដែរ។
ងាកមកនិយាយពីជំនួបប្រធានាធិបតីហ្វីលីពីន និងនាយករដ្ឋមន្ត្រីជប៉ុនជាថ្មី ! លោកប្រធានាធិបតីហ្វីលីពីន ក៏ព្រងើយកន្តើយចំពោះកិច្ចប្រឹងប្រែងរបស់ជប៉ុនដើម្បីជួយខ្លួនតទល់ជាមួយនឹងចិនដែរ។ លោក ឌើទើតេ បានប្រាប់លោក អាបេ ថា «ហ្វីលីពីន នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងជប៉ុនលើបញ្ហារួមនៅក្នុងតំបន់ និងចូលរួមលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ គោលការណ៍នីតិរដ្ឋនិងការដោះស្រាយជម្លោះដោយសន្តិវិធី»។ អ្វីគួរកត់សម្គាល់នោះ លោក ឌើទើតេ ថែមទាំងប្រាប់លោក អាបេថា ជប៉ុន ក៏នឹងក្លាយជាដៃគូដ៏សំខាន់របស់ហ្វីលីពីននៅក្នុងកិច្ចសន្ទនាដើម្បីធានាពីសន្តិសុខដែនសមុទ្រនៅក្នុងតំបន់ ដែលរាប់បញ្ចូលទាំងសមុទ្រចិនខាងត្បូងនោះ។ នេះបើយោងតាមសារព័ត៌មានដដែលនោះ។
ដោយមិននិយាយតែមាត់នោះ ជប៉ុន ក៏បានជួយជ្រោមជ្រែងហ្វីលីពីនដើម្បីបង្កើនសេដ្ឋកិច្ច និងជាពិសេសនោះ ដើម្បីការពារសន្តិសុខដែនសមុទ្រតាមរយៈកម្ចីឲ្យហ្វីលីពីនដែរ។ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសជប៉ុន ក្រោយបញ្ចប់ជំនួបរវាងប្រមុខដឹកនាំទាំងពីរនៅថ្ងៃទី២៦ខែតុលាម្សិលមិញនោះ ភាគីទាំងពីរ ក៏បានចុះព្រមព្រៀងដោយជប៉ុន បានផ្តល់កម្ចីដល់ហ្វីលីពីនដើម្បីពង្រឹងសមត្ថភាពសុវត្ថិភាពដែនសមុទ្រក្នុងតម្លៃ ១៦.៤៥៥ពាន់លានយេន (ប្រមាណ១៦០លានដុល្លារអាមេរិក)។
២. ជប៉ុន មិនហ៊ាននិយាយរឿងទំនាក់ទំនងអាមេរិក និងហ្វីលីពីនដោយផ្ទាល់ ខណៈគាំទ្រយុទ្ធនាការកម្ចាត់ញៀនលោក ឌើទើតេ?
តាមពិតទៅទាំងជប៉ុន និងហ្វីលីពីន គឺជាសុទ្ធតែជាសម្ព័ន្ធមិត្តយ៉ាងជិតស្និទ្ធបំផុតរបស់អាមេរិកនៅក្នុងតំបន់អាស៊ីដែលបានចងតាមសន្ធិសញ្ញា។ ក៏ប៉ុន្តែក្រោយលោក ឌើទើតេ បានឡើងកាន់អំណាចជាប្រធានាធិបតីហ្វីលីពីន សម្ព័ន្ធភាពរវាងហ្វីលីពីន និងអាមេរិក មិនដូចមុនឡើយ។ លោក ឌើទើតេ ហ៊ានទាំងនិយាយចែកជាផ្លូវជាមួយនឹងអាមេរិក និងចង់ឲ្យកងទ័ពអាមេរិកចាកចេញពីទឹកហ្វីលីពីន ដ្បិតលោក ខឹងនឹងការរិះគន់របស់អាមេរិកលើចំណាត់ការរបស់លោកក្នុងការបោសសម្អាតបទល្មើសគ្រឿងញៀនដែលជាគោលការណ៍អាទិភាពនៃអាណត្តិប្រធានាធិបតីរបស់លោកនោះ។ មួយវិញទៀតនោះ នៅក្នុងថ្ងៃទីមួយនៃដំណើរទស្សនកិច្ចទៅកាន់ជប៉ុននោះ លោក ថែមទាំងព្រលះអាមេរិក ដោយ លោក បញ្ជាក់ថា ក្រុងវ៉ាស៊ីនតោនអាងកាត់ផ្តាច់ជំនួយ តែហ្វីលីពីនមិនមានការខ្លាចរអារអ្វីឡើយ។
ទំនងជាយល់ចិត្ត និងអារម្មណ៍ប្រធានាធិបតីហ្វីលីពីនដែលខ្វះឥរិយាបថការទូតរូបនេះ លោក អាបេ មិនបាននិយាយពីបញ្ហាសម្ព័ន្ធភាពរវាងអាមេរិក និងហ្វីលីពីននោះទេ។ ជាងនេះទៅទៀតនោះ លោកនាយករដ្ឋមន្ត្រីជប៉ុនរូបនោះ ថែមទាំងគាំទ្រចំណាត់ការនៃការបង្ក្រាបគ្រឿងញៀនរបស់ប្រធានាធិបតីហ្វីលីពីន ដោយលោក ថែមទាំងសន្យាជួយជ្រៀមជ្រែងដល់កម្មវិធីនីតិសម្បទាដល់ជនរងគ្រោះនៃថ្នាំញៀនផងដែរ៕
Tag:
ហ្វីលីពីន
អាមេរិក
ចិន
© រក្សាសិទ្ធិដោយ thmeythmey.com