អន្តរជាតិ
របាយការណ៍​៖ សមាជិក​បក្ស​សាធារណរដ្ឋ​ភាគច្រើន​រំពឹងថា ហ៊ី​ឡា​រី ឈ្នះ ដូ​ណា​ល់​ត្រាំ
27, Oct 2016 , 10:19 pm        
រូបភាព
​បណ្តា​អ្នកគាំទ្រ​បក្ស​សាធារណរដ្ឋ​រំពឹងថា​បេក្ខជន​ប្រធានាធិបតី​បក្ស​ប្រជាធិបតេយ្យ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន នឹង​ឈ្នះ​ការបោះឆ្នោត​ថ្ងៃ ៨​ខែវិច្ឆិកា​ខាងមុខនេះ​។ នេះ​បើតាម​របាយការណ៍​ស្ទង់​មតិ​ដែល​រៀបចំឡើង​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters ចាប់ពី​ថ្ងៃ ២០ ដល់ ២៤ តុលា កន្លងមកនេះ​។



​របាយការណ៍​ស្ទង់​មតិ​មួយ​ពាក់ព័ន្ធ​ការបោះឆ្នោត​អាមេរិក​ដែល​រៀបចំឡើង​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​បង្ហាញថា អ្នកគាំទ្រ​គណបក្ស​សាធារណរដ្ឋ​ភាគច្រើន​រំពឹងថា លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន នឹង​ឈ្នះ​លោក ដូ​ណា​ល់ ត្រាំ នៅក្នុង​ការបោះឆ្នោត​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​។

​យោងតាម​របាយការណ៍​ដែល​ចុះផ្សាយ​ថ្ងៃ​ពុធ​ទី ២៦ តុលា អ្នក​សារ​ធារ​ណ​រដ្ឋ​ចំនួន ៤១ ភាគរយ​សុទ្ធតែ​យល់ឃើញថា លោកស្រី​ហ៊ី​ឡា​រី គ្លី​ន​តុ​ន ឈ្នះឆ្នោត ខណៈ ៤០ ភាគរយ​ផ្សេងទៀត​ជ្រើសរើស​ថា​លោក ដូ​ណា​ល់ ត្រាំ​ឯណោះ​ជា​អ្នកឈ្នះ​។

​ចំណែក​ក្នុងចំណោម​អ្នកគាំទ្រ​លោក ដូ​ណា​ល់ ត្រាំ វិញ ភាគរយ​អ្នក​ដែល​គិតថា​លោក ដូ​ណា​ល់ ត្រាំ ឈ្នះឆ្នោត​ធ្លាក់​ចុះមក​នៅត្រឹមតែ ៤៩ ភាគរយ​ប៉ុណ្ណោះ​។ អ្នក​ដែល​គិតថា​លោក ដូ​ណា​ល់ ត្រាំ​ឈ្នះឆ្នោត​នេះ​មាន​រហូត ៦៧​ភាគរយ​កាល​ដើមខែ​តុលា​នេះ​។​

​ត្រឡប់​ទៅ​មើល អ្នកគាំទ្រ​បក្ស​ប្រជាធិបតេយ្យ​ឯណោះ​វិញ មនុស្ស​ភាគច្រើន​រំពឹងថា លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន នឹង​ឈ្នះឆ្នោត​នៅ​ថ្ងៃ ៨​វិច្ឆិកា​។ អ្នកគាំទ្រ​បក្ស​ប្រជាធិបតេយ្យ ៨៣​ភាគរយ អះអាងថា លោកស្រី នឹង​ឈ្នះឆ្នោត ខណៈដែល​អ្នកគាំទ្រ ៨​ភាគរយ​ផ្សេងទៀត​រំពឹងថា លោក​ដូ​ណា​ល់ ត្រាំ​នឹង​ឈ្នះឆ្នោត​។

​តាមពិតទៅ ចំនួន​អ្នកគាំទ្រ​លោក ដូ​ណា​ល់ ត្រាំ បន្ត​ធ្លាក់ចុះ​ខ្លាំង​ក្នុង​រយៈពេល​ចុងក្រោយ​នេះ ដោយសារ​លោក​ប្រឈម​រឿងអាស្រូវ​ច្រើន​ជាពិសេស​រឿងអាស្រូវ​ផ្លូវភេទ និង​ការបដិសេធ​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​បើសិនជា​លោក​ចាញ់ឆ្នោត​ថ្ងៃ ៨ វិច្ឆិកា​នោះ​។

​កន្លងមក មាន​បែកធ្លាយ​ខ្សែរ​អាត់​វីដេអូ​ដែល​បង្ហាញថា លោក ដូ​ណា​ល់ ត្រាំ បាន​ប្រើប្រាស់​ពាក្យសម្តី​ចំអាសចំអូង​ដាក់​ស្ត្រីភេទ​កាលពី​ឆ្នាំ ២០០៦ ហើយ​រឿងអាស្រូវ​នេះ​បាន​បង្ក​ឲ្យ​មានការ​ខឹងសម្បារ​ខ្លាំង​ក្នុងចំណោម​ស្ត្រីភេទ រួមទាំង​សមាជិក​គណបក្ស​សាធារណរដ្ឋ​ផងដែរ​។ ក្រៅពីនេះ មាន​ស្ត្រី​យ៉ាងហោចណាស់ ១០​នាក់ បាន​ចេញមុខ​ចោទប្រកាន់​លោក ដូ​ណា​ល់ ត្រាំ ដោយ​សម្អាងថា លោក ដូ​ណា​ល់ ត្រាំ ធ្លាប់ប្រើ​ឥរិយាបថ​មិន​សមរម្យ​និង​ចង់​បំពាន​ផ្លូវភេទ​ផងដែរ​។ ប៉ុន្តែ​លោក ដូ​ណា​ល់ ត្រាំ បាន​បដិសេធ​រាល់​ការចោទប្រកាន់ ដោយ​អះអាងថា​លោក ស្អាតស្អំ​។

​ក្រៅពី​រឿងអាស្រូវ​ផ្លូវភេទ ការបដិសេធ​ទទួលស្គាល់​លទ្ធផល​បើសិនជា​លោក​ចាញ់ឆ្នោត​នោះ​ជា​រឿង​មួយ​សំខាន់​ដែល​ធ្វើ​ឲ្យ​សេដ្ឋី​អចលនទ្រព្យ​រូបនេះ​ធ្លាក់​ប្រជាប្រិយ​ភាពខ្លាំង​។ ក្នុង​ការជជែក​ដេញដោល​គ្នា​ជា​លើក​ទី​បី លោក ដូ​ណា​ល់ ត្រាំ មិន​ហ៊ាន​សន្យា​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​ឡើយ ក្នុងករណី​ដែល​លោក ចាញ់ឆ្នោត ដែល​បញ្ហា​នេះ​ធ្វើ​ឲ្យ​គេ​បារម្ភ​ខ្លាំង​។ គេ​បារម្ភ​ត្រង់​ថា ចលនា​បាតុកម្ម និង​អំពើហិង្សា​អាច​នឹង​កើតមានឡើង បើសិនជា​លោក ដូ​ណា​ល់ ត្រាំ មិន​ព្រម​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​នោះ​។


Tag:
 ដូ​ណា​ល់ ត្រាំ​
  ហ៊ី​ឡា​រី គ្លី​ន​តុ​ន
© រក្សាសិទ្ធិដោយ thmeythmey.com