អន្តរជាតិ
ជំនួបរវាងលោក Duterte ជាមួយអធិរាជជប៉ុន ត្រូវលុបចោល
× ជំនួបសំដែងការគួរសមរវាងប្រធាធិបតីហ្វីលីពីន Rodrigo Duterte ដែលទស្សនកិច្ចនៅជប៉ុន និងព្រះចៅអធិរាជជប៉ុន អាគីហ៊ីតុ នៅថ្ងៃទី២៧ ខែតុលា ត្រូវបានលុបចោលវិញហើយ។ ការលុបចោលនេះ ធ្វើឡើងក្រោយការចូលទិវង្គតរបស់ព្រះអង្គម្ចាស់ មីកាសា (Mikasa) ដែលជាព្រះបិតុលាអធិរាជជប៉ុននៅថ្ងៃទី២៧ ខែតុលាតែម្ដង។
ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte គ្រោងជួបជាមួយអធិរាជជប៉ុនអាគីហ៊ីតុ នៅរាជវាំង Shohiro-ma នៅថ្ងៃទី២៧ ខែតុលា មុនមកត្រឡប់មកកាន់ហ្វីលីពីនវិញ។ ប៉ុន្តែជំនួបគួរសមនេះ ត្រូវលុបចោល ភ្លាមៗបន្ទាប់ពីការសោយទិវង្គតរបស់ព្រះអង្គម្ចាស់ មីកាសា ដែលជារជ្ជទាយាទលំដាប់ទី៥ ក្នុងព្រះជន្ម១០០វស្សាដោយសារជម្ងឺបេះដូងក្នុងទីក្រុងតូក្យូ។
សារព័ត៌មាន Rappler ផ្សាយថា ប្រធានាធិបតីហ្វីលីពីន Duterte សម្រេចផ្អាកជំនួបនេះ ដោយមានការផ្ដល់យោបល់ពីមន្ត្រីពិធីការរបស់លោក ដ្បិតការបន្តគម្រោងជំនួបនេះ ក៏មិនមែនជារឿងល្អដែរ ហើយវាក៏អាចជាការមិនគោរពផងដែរ។ ក្នុងសន្និសីទកាសែតខ្លីមួយ លោក Duterte និយាយថា លោកសូមចូលរួមសោកស្ដាយចំពោះការចូលទិវង្គតនេះ ហើយមន្ត្រីរបស់លោកប្រាប់ឲ្យលោកលុបចោលជំនួប។
សូមរម្លឹកថា រាជវាំងជប៉ុនបានប្រកាសពីការសោយទិវង្គតព្រះអង្គម្ចាស់ មីកាសា ដោយសារជម្ងឺបេះដូងនៅព្រឹកថ្ងៃទី២៧ ខែតុលា។ ព្រះអង្គម្ចាស់ មីកាសា គឺជាបុត្រាពៅរបស់អធិរាជ តៃសូ (Taiso) និងត្រូវជាអនុជរបស់អធិរាជហ៊ីរ៉ូហ៊ីតុ (Hirohito) ដែលជាបិតារបស់អធិរាជបច្ចុប្បន្នអាគីហ៊ីតុ។ ការសោយទិវង្គតរបស់ព្រះអង្គម្ចាស់ គឺមានន័យថារជ្ជទាយាទរបស់ស្នងតំណែងអធិរាជ នៅសល់តែបួនអង្គប៉ុណ្ណោះ។
បើតាមសារព័ត៌មាន The Japan Times ព្រះអង្គម្ចាស់ មីកាសា មានបញ្ហាបេះដូង និងបានឆ្លងកាត់ការវះកាត់ជម្ងឺនេះតាំងពីឆ្នាំ២០១២មកម្លេះ។ ប្រភពពីរាជវាំងបញ្ជាក់ថា បើទោះជាព្រះរោគបានធូរស្រាលក្ដី ស្ថានភាពសុខភាពព្រះអង្គម្ចាស់អង្គនេះ នៅតែមិនប្រសើរ ហើយស្ថានភាពនេះក៏កាន់តែអាក្រក់រហូតមក។
បើគិតពីលេខរៀងនៃការសោយរាជ្យវិញ ព្រះអង្គម្ចាស់ មីកាសា ស្ថិតនៅលំដាប់ទីប្រាំ បន្ទាប់ពីរជ្ជទាយាទណារុហ៊ីតុ (Naruhito) ព្រះអង្គម្ចាស់ អាគីស៊ីណូ (Akishino) ដែលជារាជបុត្រអធិរាជអាគីហ៊ីតុ និងព្រះអង្គម្ចាស់ ហ៊ីសាហ៊ីតុ (Hisahito) និងព្រះអង្គម្ចាស់ ហ៊ីតាឈី (Hitachi)។ ក្នុងចំណោមសមាជិករាជវង្សទាំង១៩ មានសមាជិករាជវង្សបុរសទេ ដែលមានសិទ្ធិឡើងគ្រងរាជ្យបាន៕
Tag:
ហ្វីលីពីន
Rodrigo Duterte
ជប៉ុន
Akihito
© រក្សាសិទ្ធិដោយ thmeythmey.com