អន្តរជាតិ
ជំនួប​រវាង​លោក Duterte ជាមួយ​អធិរាជ​ជប៉ុន ត្រូវ​លុបចោល​
27, Oct 2016 , 10:59 pm        
រូបភាព
​ជំនួប​សំដែង​ការគួរសម​រវាង​ប្រ​ធា​ធិបតី​ហ្វីលីពីន Rodrigo Duterte ដែល​ទស្សនកិច្ច​នៅ​ជប៉ុន និង​ព្រះ​ចៅ​អធិរាជ​ជប៉ុន អាគី​ហ៊ី​តុ នៅ​ថ្ងៃទី​២៧ ខែតុលា ត្រូវបាន​លុបចោល​វិញ​ហើយ​។ ការលុបចោល​នេះ ធ្វើឡើង​ក្រោយ​ការចូល​ទិវង្គត​របស់​ព្រះអង្គម្ចាស់ មី​កា​សា (Mikasa) ដែលជា​ព្រះ​បិតុលា​អធិរាជ​ជប៉ុន​នៅ​ថ្ងៃទី​២៧ ខែតុលា​តែម្ដង​។​



​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte គ្រោង​ជួប​ជាមួយ​អធិរាជ​ជប៉ុន​អាគី​ហ៊ី​តុ នៅ​រាជវាំង Shohiro-ma នៅ​ថ្ងៃទី​២៧ ខែតុលា មុន​មក​ត្រឡប់​មកកាន់​ហ្វីលីពីន​វិញ​។ ប៉ុន្តែ​ជំនួប​គួរសម​នេះ ត្រូវ​លុបចោល ភ្លាមៗ​បន្ទាប់ពី​ការ​សោយ​ទិវង្គត​របស់​ព្រះអង្គម្ចាស់ មី​កា​សា ដែលជា​រជ្ជទាយាទ​លំដាប់​ទី​៥ ក្នុង​ព្រះជន្ម​១០០​វស្សា​ដោយសារ​ជម្ងឺ​បេះដូង​ក្នុង​ទីក្រុង​តូ​ក្យូ​។​

​សារព័ត៌មាន Rappler ផ្សាយ​ថា ប្រធានាធិបតី​ហ្វីលីពីន Duterte សម្រេច​ផ្អាក​ជំនួប​នេះ ដោយមាន​ការផ្ដល់​យោបល់​ពី​មន្ត្រី​ពិធីការ​របស់លោក ដ្បិត​ការបន្ត​គម្រោង​ជំនួប​នេះ ក៏​មិនមែនជា​រឿង​ល្អ​ដែរ ហើយ​វា​ក៏​អាចជា​ការមិន​គោរព​ផងដែរ​។ ក្នុង​សន្និសីទកាសែត​ខ្លី​មួយ លោក Duterte និយាយថា លោក​សូម​ចូលរួម​សោកស្ដាយ​ចំពោះ​ការចូល​ទិវង្គត​នេះ ហើយ​មន្ត្រី​របស់លោក​ប្រាប់​ឲ្យ​លោក​លុបចោល​ជំនួប​។​

​សូម​រម្លឹកថា រាជវាំង​ជប៉ុន​បានប្រកាស​ពី​ការ​សោយ​ទិវង្គត​ព្រះអង្គម្ចាស់ មី​កា​សា ដោយសារ​ជម្ងឺ​បេះដូង​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែតុលា​។ ព្រះអង្គម្ចាស់ មី​កា​សា គឺជា​បុត្រា​ពៅ​របស់​អធិរាជ តៃ​សូ (Taiso) និង​ត្រូវជា​អនុជ​របស់​អធិរាជ​ហ៊ី​រ៉ូ​ហ៊ី​តុ (Hirohito) ដែលជា​បិតា​របស់​អធិរាជ​បច្ចុប្បន្ន​អាគី​ហ៊ី​តុ​។ ការ​សោយ​ទិវង្គត​របស់​ព្រះអង្គម្ចាស់ គឺ​មានន័យថា​រជ្ជទាយាទ​របស់​ស្នង​តំណែង​អធិរាជ នៅសល់តែ​បួន​អង្គ​ប៉ុណ្ណោះ​។​

​បើតាម​សារព័ត៌មាន The Japan Times ព្រះអង្គម្ចាស់ មី​កា​សា មាន​បញ្ហា​បេះដូង និង​បាន​ឆ្លងកាត់​ការវះកាត់​ជម្ងឺ​នេះ​តាំងពី​ឆ្នាំ​២០១២​មក​ម្លេះ​។ ប្រភពពី​រាជវាំង​បញ្ជាក់ថា បើទោះជា​ព្រះរោគ​បាន​ធូរស្រាល​ក្ដី ស្ថានភាព​សុខភាព​ព្រះអង្គម្ចាស់​អង្គ​នេះ នៅតែ​មិន​ប្រសើរ ហើយ​ស្ថានភាព​នេះ​ក៏​កាន់តែ​អាក្រក់​រហូតមក​។​

​បើ​គិតពី​លេខ​រៀង​នៃ​ការ​សោយរាជ្យ​វិញ ព្រះអង្គម្ចាស់ មី​កា​សា ស្ថិតនៅ​លំដាប់​ទី​ប្រាំ បន្ទាប់ពី​រជ្ជទាយាទ​ណា​រុ​ហ៊ី​តុ (Naruhito) ព្រះអង្គម្ចាស់ អាគី​ស៊ី​ណូ (Akishino) ដែលជា​រាជបុត្រ​អធិរាជ​អាគី​ហ៊ី​តុ និង​ព្រះអង្គម្ចាស់ ហ៊ី​សា​ហ៊ី​តុ (Hisahito) និង​ព្រះអង្គម្ចាស់ ហ៊ី​តា​ឈី (Hitachi)​។ ក្នុងចំណោម​សមាជិក​រាជវង្ស​ទាំង​១៩ មាន​សមាជិក​រាជវង្ស​បុរស​ទេ ដែលមាន​សិទ្ធិ​ឡើង​គ្រងរាជ្យ​បាន​៕  


Tag:
 ហ្វីលីពីន​
  Rodrigo Duterte
  ជប៉ុន​
  Akihito
© រក្សាសិទ្ធិដោយ thmeythmey.com