អន្តរជាតិ
មន្ត្រីជាន់ខ្ពស់អាមេរិក៖ គេមិនគួរវាយតម្លៃគោលនយោបាយតុល្យភាពអំណាចអាមេរិកមកអាស៊ីថា«ជោគជ័យឬបរាជ័យឡើយ» លោកឧបការី Daniel Russel
× ការប្រកាសចែកផ្លូវរបស់រដ្ឋាភិបាលក្រុងម៉ានីលជាមួយនឹងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនដែលជាសម្ព័ន្ធមិត្តតាមសន្ធិសញ្ញា បានបង្កើតឲ្យមានការប្រែប្រួលខ្លាំងនៃគោលនយោបាយការបរទេសក្នុងតំបន់ រហូតដល់មានការលើកឡើងថាគោលនយោបាយការបរទេសអាមេរិកមកអាស៊ី បរាជ័យទៀតផង។ យ៉ាងណាក៏ដោយ ក្រុងវ៉ាស៊ីនតោន បានច្រានចោល និងអះអាងថាគោលនយោបាយរបស់ខ្លួនមិនគួរវាយតម្លៃបែបនេះឡើយ ដ្បិតនេះគឺជាការចូលរួមរបស់អាមេរិកដើម្បីកសាងការលូតលាស់សេដ្ឋកិច្ច និងស្ថិរភាពនៅក្នុងតំបន់នោះទេ។
«ត្រូវចាំថា ! ការធ្វើឲ្យមានតុល្យភាពនៃអំណាចមកកាន់តំបន់អាស៊ីរបស់អាមេរិក មិនមែនជាអ្វីមួយសម្រាប់ឲ្យយើងវាយតម្លៃដោយគ្មានមូលដ្ឋាននោះទេ។ ផ្ទុយទៅវិញ វា គឺជាការផ្សារភ្ជាប់បែបយុទ្ធសាស្ត្ររបស់អាមេរិកដើម្បីកសាងស្ថិរភាព និងការលូតលាស់នៃតំបន់អាស៊ីប៉ាហ្វិកនោះទេ...»។ នេះគឺជាការអះអាងរបស់លោកឧបការីទទួលបន្ទុកកិច្ចការអាស៊ីនិងប៉ាស៊ីហ្វិកនៃក្រសួងការបរទេសអាមេរិក Daniel Russel ដែលឆ្លើយនឹងសំណួររបស់អ្នកសារព័ត៌មានថ្មីៗពាក់ព័ន្ធគោលនយោបាយការបរទេសមកកាន់តំបន់អាស៊ីនាសន្និសីទសារព័ត៌មាននៅស្ថានទូតអាមេរិកប្រចាំកម្ពុជានៅថ្ងៃទី២៧ខែតុលានេះ។
លោកឧបការី នាឱកាសនោះ ក៏បានពន្យល់ដែរថា មានមូលហេតុចំនួនបីដែលរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោនតែងឲ្យតម្លៃតំបន់អាស៊ីតាមរយៈ«គោលនយោបាយនៃការធ្វើឲ្យមានតុល្យភាពនៃអំណាចនៅអាស៊ី ឬ Rebalancing to Asia។ ហេតុផលទី១ លោក អះអាងថា ក៏ព្រោះតែអាមេរិក ក៏ស្ថិតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ទី២ សេដ្ឋកិច្ចនៅក្នុងតំបន់នេះ ក៏ផ្សារភ្ជាប់ទៅនឹងសេដ្ឋកិច្ចរបស់អាមេរិក និងចុងក្រោយនោះលោក បញ្ជាក់ថា ការចូលរួមរក្សាសន្តិសុខ និងស្ថិរភាពនៅអាស៊ីប៉ាស៊ីហ្វិកមិនត្រឹមតែផ្តល់ប្រយោជន៍ដល់ប្រជាជននៅក្នុងតំបន់នោះតែ ក៏រាប់បញ្ចូលទាំងប្រជាជនរបស់អាមេរិកផងដែរ។
មន្ត្រីជាន់ខ្ពស់រូបនោះ ក៏បានបញ្ជាក់បន្ថែមទៀត ការធ្លាក់ចុះនៃទំនាក់ទំនងទ្វេភាគី មិនអាចត្រូវបានយកមកវាយតម្លៃលើគោលនយោបាយការបរទេសរបស់អាមេរិកក្នុងផ្សារភ្ជាប់ទំនាក់ទំនងនៅក្នុងតំបន់ជារួមឡើយ។ ជាក់ស្តែងនោះ លោក ក៏បានលើកពីទំនាក់ទំនងរវាងអាមេរិកនិងហ្វីលីពីន នៅក្នុងរយៈពេលចុងក្រោយនោះ។ ថ្មីៗនេះ រដ្ឋាភិបាលថ្មីហ្វីលីពីន បានប្រកាសចែកផ្លូវទាំងផ្នែកយោធា និងសេដ្ឋកិច្ចពីអាមេរិក និងថែមទាំងចង់ឲ្យកងទ័ពអាមេរិកទាំងអស់ចាកចេញពីទឹកដីហ្វីលីពីនផងដែរ។
យ៉ាងណាក៏ដោយចុះ លោក Russel បានសង្កត់ធ្ងន់ថា «ការធ្វើឲ្យមានតុល្យភាពនៃអំណាច មិនមែនជាបញ្ហាដែលគួរត្រូវបានយកមកវាយតម្លៃថាតើជោគជ័យ ឬបរាជ័យឡើយ អ្វីដែលគួរតែចាប់អារម្មណ៍នោះគឺ អាមេរិក អាចត្រលប់មកធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងដៃគូរបស់ខ្លួននៅក្នុងតំបន់នោះទេ»។
សូមជម្រាបផងដែរថា «គោលនយោបាយរបស់អាមេរិកក្នុងការត្រឡប់មកពង្រឹងឥទ្ធិពលនៅតំបន់អាស៊ីឡើងវិញ» ត្រូវបានអនុវត្តក្រោមរដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា។ គោលនយោបាយនេះ ក៏ត្រូវបានមើលឃើញថាធ្វើឡើងស្របពេលដែលមហាអំណាចអាស៊ីចិន ក៏បាននិងកំពុងតែពង្រឹង និងពង្រីកអំណាចរបស់ខ្លួននៅក្នុងតំបន់អាស៊ីផងដែរ ពោលគឺ ការវិលត្រលប់របស់អាមេរិក ក៏និយាយបានថាដើម្បីធ្វើឲ្យមានតុល្យភាពជាមួយនឹងចិន៕
© រក្សាសិទ្ធិដោយ thmeythmey.com