ជាតិ
សិល្បះ
ស្ថានទូត​ជប៉ុន សម្រាំង​ភាពយន្ត​ឆ្លុះបញ្ចាំង​ពី​ជីវិត សង្គម និង​វប្បធម៌​របស់ខ្លួន ឲ្យ​ទស្សនា​ឥតគិតថ្លៃ​
29, Oct 2016 , 2:34 pm        
រូបភាព
ដោយ: ថ្មីៗ
ស្ថានទូត​ជប៉ុន សហការ​ជាមួយ​មូលនិធិ​ជប៉ុន និង​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ នឹង​រៀបចំ​មហោស្រព​ភាពយន្ត​ជប៉ុន​នៅ​កម្ពុជា រយៈពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​៥-៩ ខែវិច្ឆិកា ឆ្នាំ​២០១៦ ។



បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា មាន​ភាពយន្ត​ជាច្រើន​ប្រភេទ ដែល​បាន​សម្រិតសម្រាំង ដើម្បី​ដាក់​បញ្ចាំង​ឲ្យ​ទស្សនា​ឥតគិតថ្លៃ នៅ​រោងភាពយន្ត​ធំៗ​ចំនួន​៣ គឺ​រោងភាពយន្ត Major Cineplex (AEON) រោងភាពយន្ត Legend​ទួលគោក ក្នុង​ក្រុងភ្នំពេញ និង​រោងភាពយន្ត Platinum Cineplex ក្នុង​ខេត្តសៀមរាប​។​

បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល ភាពយន្ត​ដែល​បាន​សម្រិតសម្រាំង​ទាំងអស់​រួមមាន ភាពយន្ត​គំនូរជីវចល ភាពយន្ត​បែប​មនោសញ្ចេតនា ភាពយន្ត​ឯកសារ ភាពយន្ត​បែប​សើ​ប​អង្កេត ហើយ​ក្នុងនោះ​មាន​ខ្សែភាពយន្ត​ខ្លះ​ក៏​ធ្លាប់​បានទទួល​ពានរង្វាន់​ផងដែរ ដែល​ឆ្លុះបញ្ចាំង​អំពី​ជីវិត​រស់នៅ​របស់​ជន​ជាតិ​ជប៉ុន សង្គម និង​វប្បធម៌​ជប៉ុន​។ មហោស្រព​នេះ ក៏​ជា​ឱកាស​ដ៏​ល្អ​មួយ សម្រាប់​អ្នកទស្សនា អាច​ស្គាល់​អំពី​ប្រទេស និង​ប្រជាជន​ជប៉ុន​។

ភាពយន្ត​ជប៉ុន​ចំនួន​១០​រឿង នឹងត្រូវ​បាន​ចាក់​បញ្ចាំង​ជាមួយ​ចំណងជើង​រង​ជា​ភាសា​ខ្មែរ និង ភាសា​អង់គ្លេស​។ កម្មវិធី​លម្អិត​នៃ​ការចាក់​បញ្ចាំង នឹងមាន​ផ្សព្វផ្សាយ​នៅលើ​គេហទំព័រ​នៃ​មហោស្រព​ភាពយន្ត​ជប៉ុន និង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ដែលមាន​អាស័យដ្ឋាន ​http://kh.japanesefilmfest.org
https://www.facebook.com/jffcambodia



Tag:
 ភាពយន្ត​
  ​មហោស្រព​ភាពយន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com