ជាតិ
សុវត្តិភាព ចរាចរណ៍
លោក ច័ន្ទ សុផល ផ្ដល់​វិធី​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍​នៅ​ភ្នំពេញ​
07, Nov 2016 , 2:26 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ការកកស្ទះ​ចរាចរណ៍  គឺជា​បញ្ហាសំខាន់​មួយ​ក្នុងចំណោម​បញ្ហា​ដទៃទៀត​នៅ​រាជធានី​ភ្នំពេញ​។ មជ្ឈដ្ឋាន​នានា​តែង​លើកយក​ប្រធានបទ​កកស្ទះ​ចរាចរណ៍​មក​ពិភាក្សា  ដើម្បី​ផ្ដល់​គំនិត​បែប​ស្ថាបនា​ដល់​ស្ថាប័ន និង​អ្នកពាក់ព័ន្ធ​យកទៅអនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​។ ដោយឡែក លោក ច័ន្ទ សុផល នាយក​មជ្ឈមណ្ឌល​សិក្សា​គោលនយោបាយ (CPS) បានបង្ហាញ​វិធី​ដោះស្រាយ​មួយចំនួន​សម្រាប់​បញ្ហា​នេះ​។



​លោក ច័ន្ទ សុផល បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា ការពង្រីក​ផ្លូវ និង​សង់ស្ពាន​អាកាស គឺជា​ដំណោះស្រាយ​សម្រាប់​បញ្ហា​កកស្ទះ​ចរាចរណ៍ ក្នុង​រយៈពេល​យូរ​។ លោក​ផ្ដល់​គំនិត​មួយចំនួន ដល់​អ្នកពាក់ព័ន្ធ ដើម្បី​រក​ដោះស្រាយ​ក្នុង​រយៈពេល​ខ្លី​។ បើតាម​នាយក CPS រូបនេះ នគរបាល​ត្រូវ​សម្រួល​ចរាចរណ៍​ឱ្យបាន​ទៀងទាត់​នៅ​ចំណុច​ដែល​ងាយ​កកស្ទះ ជាពិសេស​នៅ​ម៉ោង​ដែលមាន​ចរាចរណ៍​ខ្លាំង​។ ទន្ទឹមនឹងនេះ អាជ្ញាធរ​ត្រូវ​កំណត់​ចរាចរណ៍​ទិស​តែមួយ​សម្រាប់​ផ្លូវ​មួយចំនួន និង​គ្រប់គ្រង​កន្លែង​ទទួល​កុមារ​នៅតាម​សាលារៀន​។

​លោក ច័ន្ទ សុផល បន្ថែមថា អាជ្ញាធរ​ត្រូវ​ជួសជុល​ផ្លូវ​ខូចខាត ដែល​រំខាន​ដល់​ការធ្វើដំណើរ ហើយ​ការជួសជុល​ផ្លូវ​ទៀតសោត​ត្រូវ​សម្រុក​ធ្វើ​នៅក្រោយ​ម៉ោង ១០​យប់​។ លោក​ប្រាប់ថា គួរ​ចៀសវាង​ការបិទផ្លូវ​សម្រាប់​កម្មវិធី​ផ្សេងៗ និង​បញ្ចៀស​ការចេញ​រថភ្លើង​នៅ​ម៉ោង​មមាញឹក ដែល​នាំ​ឲ្យ​បង្អាក់​ការធ្វើដំណើរ​។ ក្រៅពីនោះ អ្នកជំនាញ​សេដ្ឋកិច្ច​រូបនេះ ឲ្យ​យោបល់​ថា អាជ្ញាធរ​ត្រូវដាក់​ភ្លើងស្តុប​នៅ​កន្លែង​ដែល​ត្រូវការ​ចាំបាច់ និង​បំពាក់​ប្រព័ន្ធ​ពន្លឺព្រះអាទិត្យ​នៅ​ទីតាំង​ភ្លើងស្តុប​ដែល​ងាយ​ដាច់​ចរន្តអគ្គិសនី​។​

​ការកកស្ទះ​ចរាចរណ៍​បណ្ដាល​ឲ្យ​ខាត​ពេលវេលា​និង​ថវិកា ខកខាន​ការ​ណាត់ជួប​និង​ប្រជុំ បំពុលបរិយាកាស និង​នាំ​ឲ្យ​អ្នកធ្វើដំណើរ​ស្ដ្រេ​ស មួ​ម៉ៅ​ជាដើម​៕


Tag:
 ចរាចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com