កីឡាអន្តរជាតិ
អន្តរជាតិ
AFC ពិន័យ​កីឡាករ​ឡាវ​បួន​នាក់​មិន​ឲ្យ​លេង​៦០​ថ្ងៃ ព្រោះ​កំណត់​លទ្ធផល​ទុក​មុន​
07, Nov 2016 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​កីឡាករ​បាល់ទាត់​បួន​នាក់​នៃ​ក្រុម​ជម្រើសជាតិ​ឡាវ ត្រូវសហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី (AFC) ហាម​ចូលរួម​ការប្រកួត​ចំនួន​៦០​ថ្ងៃ ក្រោយ​រកឃើញថា ជាប់​ពាក់ព័ន្ធ​នឹង​ការកំណត់​លទ្ធផល​ប្រកួត​ទុក​មុន​។ កីឡាករ​បាល់ទាត់​ឡាវ​ទាំង​បួន​នាក់ ត្រូវ​សង្ស័យថា បានរៀបចំ​លទ្ធផល​ប្រកួត អំឡុងពេល​ការប្រកួត​ពានរង្វាន់ AFC Solidarity Cup 2016 នៅ​ម៉ាឡេស៊ី និង​ការប្រកួត​ផ្សេងទៀត​តាំងពី​ឆ្នាំ​២០១០​មក​។



​អនុប្រធាន​គណៈកម្មាធិកា​រវិ​ន័យ​នៃ​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វី​អាស៊ី (AFC) បានដាក់​ពិន័យ​កីឡាករ​បាលទាត់​ជម្រើស​ឡាវ​បួន​នាក់ មិន​ឲ្យ​ចូល​លេង​៦០​ថ្ងៃ ព្រោះ​ធ្វើ​ខុស​វិន័យ និង​ក្រមសីលធម៌​របស់​សហ​ព័ន្ធ ទាក់ទង​នឹង​ការកំណត់​លទ្ធផល​ទុក​មុន​។ នេះ​បើ​យោងតាម​ការសម្រេច​រប​ស់ AFC ដែល​បានចេញ​ផ្សាយ​លើ​គេហទំព័រ​របស់ខ្លួន​។ 

​កីឡាករ​ជម្រើសជាតិ​ឡាវ​ទាំង​បួន​ដែល​ត្រូវ​ព្យួរ​មាន Saynakhonevieng Phommapanya, Chintana Souksavath, Moukda Souksavath និង Phatthana Syvilay​។ ពួកគេ​ទាំង​បួន កំពុង​ចូលរួម​ប្រកួត AFC Solidary 2016 ដែលមាន​ម៉ា​ឡា​ស៊ី​ជា​ម្ចាស់ផ្ទះ​។ ប៉ុន្តែ​អនុប្រធាន​គណៈកម្មាធិកា​រវិ​ន័យ​របស់ AFC នៅ​ថ្ងៃទី​៥ ខែវិច្ឆិកា បានសម្រេច​ព្យួរ​ឈ្មោះ​ពួកគេ​ជា​បណ្ដោះអាសន្ន​សិន ដោយ​បារម្ភ​ថា វត្តមាន​របស់​ពួកគេ អាច​ប៉ះពាល់​ដល់​ការប្រកួត​។​

​សេចក្ដីសម្រេច​របស់ AFC បន្តថា ការសម្រេច​ព្យួរ​នេះ មិន​ត្រឹមតែ​ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹ​ត្ត​ការណ៍​នៅ​ម៉ាឡេស៊ី​ឡើយ ប៉ុន្តែ​ក៏​ជាប់​សង្ស័យ​លើ​ការកំណត់​លទ្ធផល​ពី​សំណាក់​ក្រុម​តំណាង​ឲ្យ​ឡាវ តាំងពី​ឆ្នាំ​២០១០​មក​ផងដែរ​។ ខណៈ​នេះ ការស៊ើបអង្កេត​កំពុងតែ​ធ្វើឡើង ដោយមាន​ការចូលរួម​ពី​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) ហើយ​អាច​នឹងមាន​កីឡាករ​មួយចំនួនទៀត ត្រូវដាក់​ក្រោម​ការស៊ើបអង្កេត​ដែរ​៕


Tag:
 បាល់ទាត់​
  ឡាវ​
  AFC
© រក្សាសិទ្ធិដោយ thmeythmey.com