ជាតិ
តារាជាតិ
កូនប្រុស​អ្នកចម្រៀង​ជើងចាស់ ឃុន វណ្ណា ឡើងទៅ​វគ្គ​បន្ត​នៅ The Voice Kids កាណាដា​
08, Nov 2016 , 9:51 am         12953
រូបភាព
ដោយ: រួបរួម
​អេ​ន​ឌី ឃុន (Andy Khun) អាយុ​១១​ឆ្នាំ ដែលជា​កូនប្រុស​បង្កើត​របស់​អ្នកស្រី ឃុន វណ្ណា តារាចម្រៀង​កាលពី​ចុង​ទសវត្ស​ន៍​១៩៨០ និង​បច្ចុប្បន្ន​រស់នៅ​ក្រុង​ម៉ុងរ៉េអាល់ ប្រទេស​កា​ដា​ណា ត្រូវបាន​ជ្រើសរើស​ឲ្យ​ឡើងទៅ​កាន់​វគ្គ​បន្ត​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក «La Voix Junior» ឬ «The Voice Kids» ដែល​រៀបចំ​ដោយ​ទូរទស្សន៍ TVA របស់​កាណាដា​។​
 
​អេ​ន​ឌី ត្រូវបាន​លោក Marc Dupré ជ្រើសរើស​ទៅកាន់​វគ្គ Chants de Bataille (Battle Round) បន្ទាប់ពី​គេ​បាន​បកស្រាយ​បទ​ចម្រៀង I’ll Be There របស់ Michael Jackson ជាមួយ​គូប្រជែង​ពីរ​នាក់​ផ្សេងទៀត គឺ Camelia Zaki និង Zoe Daferuru នៅ​វគ្គ​ជម្រុះ Duels​។​
 
​បច្ចុប្បន្ន អេ​ន​ឌី ស្ថិតក្នុង​ចំណោម​បេក្ខជន​ដំបូង​ចំនួន​បីនាក់​ដែល​លោក Marc Dupré ជ្រើសរើស​ទៅកាន់​វគ្គ Battle Round ដោយ​បេក្ខជន​ពីរ​នាក់​ផ្សេងទៀត មាន Katrina Becker-Gedge និង​Rafaël Dolan-Bachand​។​
 
​អេ​ន​ឌី ជា​កូនប្រុស​របស់​អ្នកស្រី ឃុន វណ្ណា ដែលមាន​ឈ្មោះ​ល្បីល្បាញ​ខ្លាំង​កាលពី​ចុង​ទសវត្ស​ន៍​១៩៨០ ជាពិសេស​បទ «​ចិត្ត​ដូច​ចុង​ស្រស់​»​។ ធំធាត់​នៅក្នុង​ទីក្រុង​ម៉ុងរ៉េអាល់ ប្រទេស​កាណាដា អេ​ន​ឌី មាន​សមត្ថភាព​និយាយ និង​ច្រៀង​ភាសា​ខ្មែរ បារាំង និង​អង់គ្លេស យ៉ាង​ស្ទាត់ជំនាញ​។​
 
កាលពី​វគ្គ Auditions à l'aveugle (Blind Audition) អេ​ន​ឌី បាន​បកស្រាយ​បទ​ចម្រៀង «Hallelujah» របស់លោក Leonard Cohen។ គ្រាន់តែ​ច្រៀង​បាន​៧​វិនាទី​ប៉ុណ្ណោះ តារាចម្រៀង Marc Dupré និង Marie-Mai បាន​ចុច​ប៊ូ​តុង បង្វិល​កៅអី​បែរ​ទៅរក អេ​ន​ឌី ហើយ​គ្រូបង្វឹក​ម្នាក់ទៀត គឺ​លោក Alex Nevsky បាន​ចុច​ប៊ូ​តុង​បន្ត​ក្រោយ​ស្តាប់​ការបកស្រាយ​បាន​៣០​វិនាទី​។ 
 
​យុវជន​ខ្មែរ​-​កាណាដា​រូបនេះ បានសម្រេច​ជ្រើសរើស​លោក Marc Dupré ដែលជា​អ្នកជា​ចម្រៀង​ដ៏​ល្បី​របស់​កាណាដា ជា​គ្រូបង្វឹក​។ លោក Marc Dupré ក៏​ជា​ដៃគូ​ច្រៀង​ម្នាក់​របស់​តារាចម្រៀង Céline Dion ផងដែរ ហើយ​បទ​ដែលមាន​ភាពល្បីល្បាញ​បំផុត គឺ​បទ​ជា​ភាសា​បារាំង ដែលមាន​ចំណងជើង​ថា «Tout près du Bonheur»៕
 
​សម្រាប់​ព័ត៌មាន​ទាក់ទង​នឹង អេ​ន​ឌី ឃុន សូម​ចូលទៅ​កាន់​៖ http://tva.canoe.ca/emissions/la-voix-junior/candidate-timeline/andy-khun
 


Tag:
 Andy Khun
  La Voix Junior
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានចម្រុះ
prev12345...2021next