ជាតិ
ក្រសួង​សាធារណការ ចាប់​ផ្ដើមធ្វើ​យុទ្ធនាការ​សុវត្ថិភាព​ចរាចរណ៍ មុន​បុណ្យអុំទូក​
08, Nov 2016 , 11:18 am        
រូបភាព
 
​ភ្នំពេញ​៖  ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ចាប់ផ្តើម​ធ្វើ​យុទ្ធនាការ​សុវត្ថិភាព​ចរាចរណ៍ មុន​ពិធី​បុណ្យអុំទូក ចាប់ពី​ថ្ងៃទី ៧-១២  និង​១៦ ខែវិច្ឆិកា​នេះ​។ យុទ្ធនាការ​នេះ រៀបចំឡើង  ដើម្បី​ក្រើនរំលឹក ដល់​អ្នកប្រើប្រាស់​ផ្លូវថ្នល់​ទាំងអស់ ឲ្យ​បង្កើន​ការយកចិត្តទុកដាក់ ពី​សុវត្ថិភាព​ចរាចរណ៍​ក្នុងការ​ធ្វើដំណើរ​ទៅមក​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កាលពីពេល​ថ្មីៗ​នេះ​។


 
​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក សហការ​ជាមួយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្រសួងមហាផ្ទៃ ក្រសួង​ព័ត៌មាន ក្រសួងសុខាភិបាល សាលា​រាជធានី​ភ្នំពេញ អគ្គស្នងការ​នគរបាល​ជាតិ កាកបាទក្រហម និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បានរៀបចំ​យុទ្ធនាការ សុវត្ថិភាព​ចរាចរណ៍ នៅមុន​ពិធីបុណ្យ​អុំទូក ចាប់ពី​ថ្ងៃទី ៧-១២ និង​១៦ ខែវិច្ឆិកា នៅតាម​បណ្ដា​ផ្លូវជាតិ ដែល​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ ទៅ​ខេត្ត​នានា រួមមាន​ផ្លូវជាតិ​លេខ​៣ លេខ​៤ លេខ​៥ និង​ផ្លូវជាតិ​លេខ​៦​។ 
  
​បើតាម​ក្រសួង​សាធារណការ យុទ្ធនាការ​នេះ រៀបចំឡើង ក្នុង​គោលបំណង​ក្រើនរំលឹក ដល់​អ្នកប្រើប្រាស់​ផ្លូវថ្នល់​ទាំងអស់ ឲ្យ​បង្កើន​ការយកចិត្តទុកដាក់ ពី​សុវត្ថិភាព​ចរាចរណ៍​ក្នុងការ​ធ្វើដំណើរ​ទៅមក​។ ជាពិសេស ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​បុណ្យអុំទូក​។​
 
​ជាមួយគ្នានេះ យុទ្ធនាការ​ខាងលើ ក៏មាន​ចែក​នូវ​ខិតប័ណ្ណ ការបិទ​ស្ទីក​ឃ័​រ​ចំណាំងផ្លាត​សុវត្ថិភាព​លើ​យានយន្ត ដែលមាន​ភ្លើង​បំភ្លឺ​មិន​គ្រប់គ្រាន់​សម្រាប់​យានយន្ត​។ លើសពីនេះ ក៏មាន​កម្មវិធី​សួរ​សំណួរ យក​មួកសុវត្ថិភាព​ផងដែរ  ដែល​ឧបត្ថម្ភ​ដោយ​អង្គការ​ជនពិការ​អន្តរជាតិ និង​រង្វាន់​អាវយឺត ដែល​ឧបត្ថម្ភ​ដោយ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង​ក្រ​សូង​សាធារណការ និង​ដឹកជញ្ជូន​។ 
​ចំណែក​រង្វាន់​សំបុត្រ​ជិះ​រថយន្ត​ដឹក​អ្នកដំណើរ​ទៅមក​គ្រប់​រាជធានី​-​ខេត្ត មានការ​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ថោង​ស៊ី​ង ចំនួន ៩៩៩​សន្លឹក មាន​សុពលភាព​ចាប់ពី​ថ្ងៃទី ៨ រហូតដល់ ២០ ខែវិច្ឆិកា ឆ្នាំ​២០១៦​។ ក្រៅពីនេះ​ក្រុមហ៊ុន Giant ក៏បាន​ចូលរួម​ផ្ដល់ ការ​ទំនុកបំរុង​ផ្សេងទៀត​ផងដែរ​៕
 



Tag:
 ជាតិ​
  ចរាចរណ៍​
 ​ បុណ្យអុំទូក
© រក្សាសិទ្ធិដោយ thmeythmey.com