កីឡាអន្តរជាតិ
អន្តរជាតិ
CR7៖ ១០ឆ្នាំទៀតទើបខ្ញុំចូលនិវត្តន៍ពីអាជីពបាល់ទាត់
× តារាឆ្នើម Cristiano Ronaldo បាននិយាយថារូបគេអាចលេងបាល់បាន១០ឆ្នាំទៀត មុននឹងចូលនិវត្តន៍ពីអាជីពបាល់ទាត់ បន្ទាប់ពីបន្តកិច្ចសន្យាថ្មីជាមួយ Real Madrid ដល់ឆ្នាំ២០២១។
ខ្សែប្រយុទ្ធឆ្នើម អន្តរជាតិព័រទុយហ្គាល់ វ័យ៣១ឆ្នាំរូបនេះ នឹងបញ្ចប់កុងត្រា នៅ Real ឆ្នាំ២០១៨ខាងមុខ ប៉ុន្តែត្រូវក្លិបយក្សរបស់អេស្ប៉ាញ ចុះកិច្ចព្រមព្រៀងបន្តកិច្ចសន្យាថ្មីរហូតដល់ឆ្នាំ២០២១ឯណោះ។
ក្រោយបន្តកិច្ចសន្យាថ្មី នៅទឹកដី Santiago Bernabeu ដល់ឆ្នាំ២០២១នោះ CR7 បាននិយាយថាខ្លួននឹងអាចលេងបាល់ដល់ទៅ១០ឆ្នាំទៀត។ អតីតកីឡាកររបស់បីសាចក្រហម Man Utd បញ្ជាក់បន្ថែមថា នេះមិនមែនជាការចុះកិច្ចសន្យាចុងក្រោយរបស់ខ្លូននោះទេ។
ខណៈពេលដែល Ronaldo ចង់បញ្ចប់អាជីពរបស់ខ្លួននៅឯកីឡដ្ឋាន Bernabeu នោះ ខ្សែប្រយុទ្ធវ័យ៣១ឆ្នាំនេះបាននិយាយថា៖«គ្មាននរណាម្នាក់ដឹងថាមានអ្វីកើតឡើងនាពេលអនាគតទេ។ អ្វីដែលខ្ញុំចង់បាន គឺបន្តការរីករាយជាមួយនឹងការលេងបាល់។ ខ្ញុំមានពេល១០ឆ្នាំទៀត ដើម្បីបន្តអាជីពនេះ»។
តាំងពីចាកចេញពី Manchester United ទៅចូលរួមជាមួយ Real Madrid កាលពីឆ្នាំ២០០៩មក CR7 រកគ្រាប់បាល់បញ្ចូលទីបាន ៣៧១គ្រាប់ ព្រមទាំងជួយឲ្យក្លិប ឈ្នះពានកំពូលទ្វីបអឺរ៉ុប Champions League ២ដង និង La Liga របស់អេស្ប៉ាញម្តង ផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com