ជាតិ
នយោបាយជាតិ
តុលាការតម្រូវឲ្យឯកឧត្តម សម រង្ស៊ី បង់ប្រាក់២៥លានរៀល ព្រោះចោទសម្តេច ហ៊ុន សែន ថាទិញlike ក្លែងក្លាយ លោក សោម សឿន ដែលជាដើមបណ្តឹង បានផ្តល់បទសម្ភាសដល់ក្រុមអ្នកសារព័ត៌មាន ក្រោយចាកចេញពីបន្ទប់សវនាការនៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៨ ខែ វិច្ឆិកា ឆ្នាំ២០១៦នេះ។
× ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឲ្យឯកឧត្តម សម រង្ស៊ី ចាញ់ក្តីក្នុងសំណុំរឿង «បរិហារកេរ្តិ៍ជាសាធារណៈ» ដែលប្តឹងដោយលោក សោម សឿន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។ តាមរយៈការប្រកាសសាលក្រមនៅរសៀលថ្ងៃអង្គារនេះ សាលាដំបូងរាជធានីភ្នំពេញ មិនបានផ្តន្ទាទោសឯកឧត្តម សម រង្ស៊ី ឲ្យជាប់ពន្ធនាគារនោះទេ តែតម្រូវឲ្យមេបក្សប្រឆាំងរូបនេះ បង់ប្រាក់ចំនួន១០លានរៀល ចូលរដ្ឋ និង១៥លានរៀល ឲ្យទៅដើមបណ្តឹង។
លោក សោម សឿន បានយកសាររបស់ឯកឧត្តម សម រង្ស៊ី ដែលបង្ហោះនៅលើទំព័រហ្វេសប៊ុក ធ្វើជាអង្គហេតុ ក្នុងការប្តឹង។ កាលពីថ្ងៃទី៩ ខែមិនា ឆ្នាំ២០១៦ ឯកឧត្តម សម រង្ស៊ី បានសរសេរនៅលើទំព័រហ្វេសប៊ុកថា សម្តេច ហ៊ុន សែន បានបញ្ជាមន្ត្រីក្រោមឱវាទ ឲ្យបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយ ដើម្បីយកទៅចុក like លើទំព័រហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន។
ដោយឡែក ឯកឧត្តម សម រង្ស៊ី ដែលកំពុងរស់នៅឯបរទេសឯណោះវិញ មិនបានភ័យព្រួយនឹងបណ្តឹងខាងនោះទេ។ ឯកឧត្តម សម រង្ស៊ី ថែមទាំងបង្ហោះសារនៅលើទំព័រហ្វេសប៊ុកនៅថ្ងៃអង្គារនេះថា៖«ខ្ញុំមិនខ្វល់ពីពាក្យបណ្តឹងនេះទេហើយខ្ញុំនៅតែហ៊ានអះអាងថាលោក ហ៊ុន សែន ប្រើមន្ត្រីនិងបុគ្គលិកក្រោមឱវាទគាត់ ឲ្យបង្កើតគណនី Facebook ក្លែងក្លាយ ដើម្បីផ្តល់ Likeក្លែងក្លាយឲ្យទៅទំព័រ Facebook របស់គាត់ហើយគាត់ក៏បានទិញ "Like" ក្លែងក្លាយ យ៉ាងសន្ធឹកសន្ធាប់ពីច្រើនប្រទេសទូទាំងពិភពលោក ដើម្បីបង្អួតពីប្រជាប្រិយភាពក្លែងក្លាយរបស់គាត់។ [......] »។
នេះជាលើកទីពីរហើយ ដែលសាលាដំបូងរាជធានីភ្នំពេញ កាត់ទោសឯកឧត្តម សម រង្ស៊ី។ កាលពីប៉ុន្មានខែមុន សាលាដំបូងរាជធានីភ្នំពេញ បានកាត់ទោសឯកឧត្តម សម រង្ស៊ី ម្តងរួចទៅហើយ ក្រោមបទចោទ«បរិហារកេរ្ត៍ជាសាធារណៈ» ដែលប្តឹងដោយលោក ហោ ណាំហុង អតីតរដ្ឋមន្ត្រីក្រសួងការបរទេស។ ក្នុងសំណុំរឿងដែលប្តឹងដោយលោកហោ ណាំហុង សាលាដំបូងរាជធានីភ្នំពេញ បានផ្ទន្ទាទោសឯកឧត្តម សម រង្ស៊ី ឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ និងពិន័យជាប្រាក់ចំនួន៨លានរៀល៕
Tag:
សម រង្ស៊ី
តុលាការ
កាត់ទោស
© រក្សាសិទ្ធិដោយ thmeythmey.com