អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រធានាធិបតី​ទើប​ជាប់ឆ្នោត​អាមេរិក ត្រាំ និយាយ​បាតដៃ​ខ្នងដៃ​រឿង​សន្តិសុខ​ឧបទ្វីប​កូរ៉េ​?
11, Nov 2016 , 8:39 am        
រូបភាព
ដោយ:
 
​គេ​មិនទាន់​ភ្លេច​នោះទេ​ថា លោក​ប្រធានាធិបតី​ទើប​ជាប់ឆ្នោត​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​និយាយ​ក្នុង​យុទ្ធនា​ការបោះឆ្នោត និង​ពេល​ជជែក​ដេញដោល ថា លោក មិន​គាំទ្រ​ឲ្យ​មាន​ទ័ព​អាមេរិក​ដើម្បី​ឈរជើង​ការពារ​នៅ​ឧបទ្វីប​កូរ៉េ ដែល​រួមទាំង​ជប៉ុន​ផងដែរ​នោះ​។ លោក និយាយ​បែបនេះ ដោយ លោក យល់ឃើញថា ការណ៍​ដែល​ធ្វើបែបនេះ គឺជា​រឿង​ខ្ជះខ្ជាយ ពោលគឺ​ប្រទេស​ទាំងនេះ គួរតែមាន​សមត្ថភាព​ការពារ​ខ្លួនឯង ឬ បើ​ចង់​ឲ្យ​ទ័ព​អាមេរិក​នៅ​ទីនោះ ពួកគេ ត្រូវតែ​បង់ថ្លៃ​ការពារ​សម្រាប់​ការ​បញ្ឈរជើង​ទាហាន​អាមេរិក​។ តើ​លោក ដូ​ណា​ល់ ត្រាំ ហ៊ាន​អនុវត្តតាម​ពាក្យសម្តី​របស់លោក​ដែរ​ឬ​យ៉ាងណា​?

 
​លោក​មហាសេដ្ឋី​អចលនទ្រព្យ ដូ​ណា​ល់ ត្រាំ បាន​ជាប់ឆ្នោត​ក្នុង​សំឡេងគាំទ្រ​លើសលប់​ក្នុងការ​ក្លាយជា​ប្រធានាធិបតី​អាមេរិក​លើក​ទី​៤៥ ហើយ​លោក នឹងត្រូវ​ចូល​ស្បថ​កាន់តំណែង​ជា​ផ្លូវការ​នៅ​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៧​ខាងមុខ​ដ៏​ខ្លី​នេះ​។ ការជាប់ឆ្នោត​នេះ ទទួល​បានការ​សាទរ​តាំងពី​សំណាក់​លោក​ប្រធានាធិបតី​អាមេរិក​ជិត​ផុត​អាណត្តិ អូ​បា​ម៉ា ដៃគូ​ប្រជែង​យ៉ាង​ស្វិតស្វាញ​លោកស្រី ហ៊ី​ឡា​រី និង​សម្ព័ន្ធមិត្ត​ក្នុង​តំបន់​អាស៊ី​ផងដែរ​។​
 
​ក្នុងចំណោម​មេដឹកនាំ​ទាំងនោះ ក៏មាន​លោកស្រី​ប្រធានាធិបតី​កូរ៉េខាងត្បូង ប៉ាក ហ្គឺ​ន​ហេ ដែលជា​សម្ព័ន្ធមិត្ត​ចាក់ទឹកមិនលិច​របស់​អាមេរិក​នៅក្នុង​តំបន់​អាស៊ី​ផងដែរ​។ លោកស្រី បាន​សាទរ​លោក ដូ​ណា​ល់ ត្រាំ ដោយ​លោកស្រី អះអាងថា សម្ព័ន្ធភាព​រវាង​អាមេរិក និង​កូរ៉េខាងត្បូង បាននិងកំពុង​តែ​លូតលាស់  និង​អាស្រ័យ​គ្នា​ដោយ​ឈរលើ​បញ្ហា​ប្រឈម​រួមគ្នា​រយៈពេល​៦​ទស្សវត្សរ៍​ហើយ​នោះ​។ លោក ស្រី ក៏​សង្ឃឹម​ដែរ​ថា ចំណង​ទ្វេភាគី នឹង​បន្ត​អភិវឌ្ឍ​ទៀតផង​ដែរ​។ 
 
​ដោយ​មិនមាន​ការលាក់លៀម​នោះ លោកស្រី​ប្រធានាធិបតី ក៏បាន​សុំ​ឲ្យ​លោក​ប្រធានាធិបតី​ទើប​ជាប់ឆ្នោត​ចូលរួម​យុទ្ធនាការ​ដើម្បី​ផ្លាស់ប្តូរ​ភាព​ដឹកនាំ​កូរ៉េខាងជើង និង​ប្រើប្រាស់​យុទ្ធសាស្ត្រ​តទល់​ប្រឆាំងនឹង​ក្រុង​ព្យុងយ៉ាង​។ នេះ​បើ​យោងតាម​ភ្នាក់ងារ​ព័ត៌មាន Reuters ដែល​បាន​ដកស្រង់​ចេញពី​សេចក្តីថ្លែងការណ៍​វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង Blue House ។​
 
​អ្វី​គួរកត់សម្គាល់​នោះ លោក ដូ​ណា​ល់ ត្រាំ ក៏បាន​យល់ព្រម​ជាមួយនឹង​លោកស្រី ប៉ាក ក្នុង​កិច្ចសន្ទនា​តាម​ទូរ​សព្ទ​ប្រហែល​១០​នាទី ដោយ​លោក បញ្ជាក់ថា «​យើង នឹង​នៅតែមាន​ការប្តេជ្ញាចិត្ត និង​រឹងមាំ ក្នុងការ​ធ្វើការ​រួមគ្នា​ជាមួយនឹង​អ្នក​ដើម្បី​ប្រឆាំងនឹង​អស្ថិរភាព​កូរ៉េខាងជើង​»​។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​ដដែល​នោះ​។ 
 
​បើ​លោក ដូ​ណា​ល់ ត្រាំ ពិតជា​បាន​និយាយ​បែបនេះ មែន​នោះ មានន័យថា​លោក កំពុងតែ​ក្បត់​នឹង​ពាក្យសម្តី​របស់ខ្លួន​ឯង​ហើយ​។ ក្បត់​នោះ​គឺ ដូច​បានបញ្ជាក់ លោក បាន​សន្យាថា នឹង​ដក​កងកម្លាំង​អាមេរិក ដែល​កំពុងតែ​ឈរជើង​នៅ​កូរ៉េខាងត្បូង​ប្រមាណ​ជាង​២​ម៉ឺន​នាក់​ដែល​បាន​ពង្រាយ​ដើម្បី​ធានា​សុវត្ថិភាព​ឧបទ្វីប​កូរ៉េ​តាំងពី​ក្រោយ​កូរ៉េ បាន​បែង​ចែកជា​ពីរ​មកម្ល៉េះ​។ 
 
​មួយវិញទៀត លោក​ប្រធានាធិបតី​ទើប​ជាប់ឆ្នោត ដូ​ណា​ល់ ត្រាំ ក៏​ធា្ល​ប់​និយាយ​សរសើរ​ពី​មេដឹកនាំ​កំពូល​វ័យក្មេង​កូរ៉េខាងជើង ដែល​សហគមន៍​អន្តរជាតិ​ចោទថា ជា​មេ​បង្កបញ្ហា​នៅ​ឧបទ្វីប​កូរ៉េ​ថា ជា​«​មេដឹកនាំ​ដ៏​អស្ចារ្យ​»​ទៀតផង​។ ពាក្យសម្តី​បែប​ចម្លែកៗ​របស់លោក​ទាំងអស់នេះ​ហើយ បាន​ក្លាយជា​ចំណោទ​សំណួរ​ថា​តើ លោក នឹង​អនុវត្ត​បែបណា​? ហើយ​អនាគត​សន្តិសុខ និង​សុវត្ថិភាព​សម្ព័ន្ធ​ដូចជា កូរ៉េខាងត្បូង នឹង​ទៅជា​បែបណា ដ្បិត ប្រទេស​ទាំងពីរ ក៏​ទើបតែ​ព្រមព្រៀងគ្នា​ដំឡើង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល ដើម្បី​ប្រឆាំងនឹង​កូរ៉េខាងជើង​ទៀតផង​នោះ​? 
 
 
 

Tag:
 កូរ៉េខាងត្បូង​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com