អន្តរជាតិ
ដូ​ណា​ល់ ត្រាំ ចាប់​អង់គ្លេស ចោល​អឺរ៉ុប​
12, Nov 2016 , 10:57 am        
រូបភាព
​ប្រធានាធិបតី​ទើប​ជាប់ឆ្នោត​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា បាន​និយាយ​ទូរ​សព្ទ​ជាមួយ​នាយករដ្ឋមន្ត្រី​អង់គ្លេស Theresa May ដោយ​លោក​បាន​អញ្ជើញ​នាយករដ្ឋមន្ត្រី​អង់គ្លេស ទស្សនកិច្ច​នៅ​អាមេរិក​ដែរ​។ លោក ដូ​ណា​ល់ ត្រាំ ប្រាប់​នាយករដ្ឋមន្ត្រី​អង់គ្លេស​ដែរ​ថា អង់គ្លេស​ជា​កន្លែង​ពិសេស​សម្រាប់​លោក ហើយ​ទំនាកទំនង​រវាង​អាមេរិក និង​ចក្រភព​អង់គ្លេស ក៏​ពិសេស​ដែរ​។

 
​នាយករដ្ឋមន្ត្រី​អង់គ្លេស លោកស្រី Theresa May បាន​ក្លាយជា​មេដឹកនាំ​ទី​៩ ដែល​និយាយ​ទូរ​សព្ទ​ជាមួយ​លោក ដូ​ណា​ល់ ត្រាំ ដែល​ទើប​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក​។ នៅមុននេះ លោក ត្រាំ និយាយ​ទូរ​សព្ទ​ជាមួយ​មេដឹកនាំ​ជាច្រើន​ជុំវិញ​ពិភពលោក លើកលែងតែ​នាយករដ្ឋមន្ត្រី​អង់គ្លេស​។ ប៉ុន្តែ​ចុងក្រោយ​លោកស្រី​ក៏​ទទួល​ទូរ​សព្ទ​ពី​លោក ត្រាំ និង​បាន​សាទរ​លោក ត្រាំ ចំពោះ​ជ័យជម្នះ​របស់លោក​។​
 
​ការិយាល័យ​នាយករដ្ឋមន្ត្រី​អង់គ្លេស ប្រកាសថា ប្រធានាធិបតី​ជាប់ឆ្នោត​ថ្មី បានលើកឡើង​ពី​ទំនាក់ទំនង​ជិតស្និទ្ធ​រវាង​លោក​ផ្ទាល់ និង​ទឹកដី​អង់គ្លេស​។ លោក ដូ​ណា​ល់ ត្រាំ ដែលមាន​យាយ​ជា​ជនជាតិ​ស្តុ​តលែ​ន​ប្រាប់​លោកស្រី Theresa May ថា ចក្រភព​អង់គ្លេស​ពិតជា​កន្លែង​ពិសេស​បំផុត​សម្រាប់​លោក និង​អាមេរិក​ផងដែរ​។ សារព័ត៌មាន BBC ផ្សាយ​ថា លោក ត្រាំ ក៏បាន​អញ្ជើញ​លោកស្រី​នាយករដ្ឋមន្ត្រី ទស្សនកិច្ច​នៅ​អាមេរិក​ផងដែរ​។ 
 
​ប្រភពពី​ការិយាល័យ​លោកស្រី Theresa May បញ្ជាក់ទៀតថា មេដឹកនាំ​ទាំងពីរ​ឯកភាពគ្នា​ថា «​ទំនាក់ទំនង​សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស​» ពិតជា​សំខាន់ និង​ពិសេស​ខ្លាំង​បំផុត​។ ហើយ​ការកសាង​ទំនាក់ទំនង​ទៅមុខទៀត គឺជា​រឿង​អាទិភាព​សម្រាប់​ប្រទេស​ទាំងពីរ​។ ជាមួយគ្នានេះ លោក ដូ​ណា​ល់ ត្រាំ គូស​បញ្ជាក់ដែរថា ទំនាក់ទំនង​ពិសេស​នេះ នឹង​កាន់តែ​រឹងមាំ​ទៅៗ​។​
 
​យ៉ាងណាក្ដី មកទល់ពេលនេះ គេ​មិនទាន់​ឃើញ​មានការ​ទាក់ទង​រវាង​មេដឹកនាំ​ថ្មី​អាមេរិក និង​មេដឹកនាំ​សហភាព​អឺរ៉ុប​ផ្សេង​ឡើយ​។ ក្រៅពី​នាយករដ្ឋមន្ត្រី Theresa May ប្រធានាធិបតី​ជាប់ឆ្នោត ដូ​ណា​ល់ ត្រាំ ក៏បាន​និយាយ​ទូរ​សព្ទ​ជាមួយ​មេដឹកនាំ​មួយចំនួនទៀត​ដែរ​ដូចជា អេ​ហ្ស៊ី​ប ម៉ិ​ក​ស៊ិ​ក កូរ៉េខាងត្បូង ជប៉ុន អៀរ​ឡង់ ឥណ្ឌា តួ​ក​គី និង​អ៊ីស្រាអែល​។ 
 
​ចំណែក​មេដឹកនាំ​ផ្សេងទៀត ក៏បាន​ផ្ញើ​សារ​អបអរសាទរ​លោក ព្រមទាំង​ប្រកាស​ត្រៀមខ្លួន​សហការ​ជាមួយ​ប្រធានាធិបតី​ថ្មី​អាមេរិក​ផងដែរ​។ ឯ​បណ្ដា​មេដឹកនាំ​ប្រទេស​អឺរ៉ុប​វិញ ហាក់​នៅ​ស្ងាត់ស្ងៀម​នៅឡើយ​ចំពោះ​រឿងនេះ​។​
 
​ជ័យជម្នះ​របស់លោក ដូ​ណា​ល់ ត្រាំ ធ្វើ​ឲ្យ​រ​ញ្ជូ​យ​នយោបាយ​ពិភពលោក​ខ្លាំង ព្រោះ​គ្មាន​នរណា​ជឿថា លោក​អាច​ផ្ដួល​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន បានឡើយ​។ យ៉ាងណាក្ដី លោក​ធ្វើបាន​យ៉ាង​ល្អ​ក្នុងការ​បោះឆ្នោត​នេះ នឹង​ត្រៀមខ្លួន​សម្រាប់​ស្នង​តំណែង​ប្រធានាធិបតី​ចប់​អាណត្តិ បា​រ៉ា​ក់ អូ​បា​ម៉ា ក្នុង​អាណត្តិ​បួន​ឆ្នាំ​ទៅមុខ​៕    
 

Tag:
 អាមេរិក​
  អង់គ្លេស​
  ដូ​ណា​ល់ ត្រាំ​
  Theresa May
© រក្សាសិទ្ធិដោយ thmeythmey.com