ជាតិ
សុវត្តិភាព ចរាចរណ៍
អុំទូកថ្ងៃទី១៖អ្នកស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ ថយចុះ២៩ភាគរយ
× ក្នុងរយៈពេលពិធីបុណ្យអុំទូកថ្ងៃទី១នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន១២លើក នៅទូទាំងប្រទេស។ ចំនួននេះ ថយចុះចំនួន ៦លើក ស្មើនឹង៣៣ភាគរយ ធៀបនឹងថ្ងៃទី១នៃបុណ្យអុំទូកកាលពីឆ្នាំ២០១៥។ នេះបើយោងតាមនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ។
លោក សក្ដិ ស៊ីនឧត្តម នាយរងការិយាល័យចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ បានប្រាប់សារព័ត៌មានថ្មីៗថា គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសក្នុងថ្ងៃបុណ្យអុំទូកថ្ងៃទី១ កើតឡើងចំនួន ១២ លើក បានឆក់យកជីវិតមនុស្សចំនួន ៥នាក់ ថយចុះ ២នាក់ ស្មើនឹង២៩ភាគរយ បើធៀបនឹងឆ្នាំមុន។ ដោយឡែកអ្នករបួសធ្ងន់មានចំនួន ១០នាក់ និងរបួសស្រាលមានចំនួន ៥នាក់។ ចំណែកយានយន្តដែលខូតខាតក្នុងគ្រោះថ្នាក់ចរាចរណ៍មានចំនួន ១៣គ្រឿង ក្នុងនោះម៉ូតូចំនួន ៦គ្រឿង រថយន្តធុនតូច ៣គ្រឿង រថយន្តធុនធំ ៣គ្រឿង និងយានយន្តផ្សេងៗចំនួន ១គ្រឿង។
នាយរងការិយាល័យចរាចរណ៍រូបនេះ បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ភាគច្រើន កើតឡើងដោយសារការមិនគោរពសិទ្ធិអាទិភាព និងការមិនប្រកាន់ស្ដាំ។ លោក សក្ដិ ស៊ីនឧត្តម បានបន្ថែមថា គ្រោះថ្នាក់ចរាចរណ៍កើតឡើងច្រើនជាងគេ គឺរាជធានីភ្នំពេញ មានចំនួន ៣លើក និងតាមបណ្ដាខេត្តផ្សេងៗរួមមាន កណ្ដាល កំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ធំ និងខេត្តព្រះសីហនុជាដើម។
លោក សក្ដិ ស៊ីនឧត្តម បានបន្តទៀតថា នៅថ្ងៃទី១ នៃបុណ្យអុំទូកនេះ មិនការកកស្ទះច្រើននោះទេ ព្រោះប្រជាពលរដ្ឋមានការគោរពច្បាប់ចរាចរណ៍ជាងរាល់ថ្ងៃ។ លោកបានអះអាងថា ចំពោះពិធីបុណ្យអុំទូក៣ថ្ងៃនេះ មន្ត្រីប៉ូលិសចរាចរណ៍មិនមានការផាកពិន័យនោះទេ ដោយគ្រាន់តែធ្វើការណែនាំដល់ប្រជាពលរដ្ឋឲ្យគោរពច្បាប់ចរាចរណ៍តែប៉ុណ្ណោះ។
គួររម្លឹកថា រយៈពេលបុណ្យអុំទូកក្នុងរាជធានីភ្នំពេញ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ បានចាត់កម្លាំងយាមប្រចាំការនៅតាមគោលដៅផ្ទាល់ចំនួន ២៣៣នាក់ ដែលមាន ២ វេន ចាប់ពីម៉ោង ៧ព្រឹក-៦ល្ងាច និងពីម៉ោង៦ល្ងាច-១២យប់៕
Tag:
គ្រោះថ្នាក់ចរាចរណ៍
សក្ដិ ស៊ីនឧត្តម
© រក្សាសិទ្ធិដោយ thmeythmey.com