ខ្មែរ​ក្រហម
ជាតិ
ភាគី​នានា​ទាមទារ​ទោស​ធ្ងន់ធ្ងរ​ចំពោះ​នួន ជា និង​ខៀវ សំផន មុន​សាលដីកា​ស្ថាពរ​
17, Nov 2016 , 8:59 am        
រូបភាព
ដោយ:
​វ៉ាស៊ីនតោន​៖ ភាគី​នានា​ទាមទារ​ទោស​ធ្ងន់ធ្ងរ​ប្រឆាំងនឹង​ជនជាប់ចោទ នួន ជា និង ខៀវ សំផន អតីត​មេដឹកនាំ​ខ្មែរក្រហម​ជាន់ខ្ពស់ មុនពេល​តុលាការ​កំពូល​នៃ​សាលាក្ដី​ខ្មែរក្រហម សម្រេច​ប្រកាស​សាលដីកា​ស្ថាពរ ក្នុង​សំណុំរឿង​០០២ វគ្គ ១ នៅ​សប្តាហ៍​ខាងមុខ​។



​សាលាក្តី​កាត់ទោស​ខ្មែរក្រហម​ចូលរួម​ដោយ​អង្គការសហប្រជាជាតិ (​អ​.​ស​.​ប​.) នឹង​ប្រកាស​សាលដីកា​ស្ថាពរ​លើ​បណ្តឹងសាទុក្ខ​ក្នុង​សំណុំរឿង ០០២/០១ ប្រឆាំងនឹង​អតីត​មេដឹកនាំ​ខ្មែរក្រហម​ពីររូប​គឺ នួន ជា និង ខៀវ សំផន នៅ​ពាក់កណ្តាល​សប្តាហ៍​ទី​៣ នៃ​ខែវិច្ឆិកា​នេះ ក្រោយពេល​ជន​ទាំងពីរ​ដែលមាន​វ័យ​ជាង​៨០​ឆ្នាំនេះ មិនបាន​សុខចិត្ត​ទទួលយក​ការកាត់ទោស​មួយជីវិត​ពីបទ​ពាក់ព័ន្ធ​នឹង​អំពើ​ឧក្រិដ្ឋកម្ម​នានា ដែល​កើតឡើង​ក្នុង​ទសវត្សរ៍​១៩៧០ នោះ​។​

​កាលពីដើម​ខែសីហា​ឆ្នាំ​២០១៤ សាលាក្តី​កាត់ទោស​ខ្មែរក្រហម​ដែល​ចូលរួម​ដោយ​អ​.​ស​.​ប​. បាន​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​ទាំងពីរ​ដែល​នៅ​រស់រានមានជីវិត​នេះ ឲ្យ​ជាប់ពន្ធនាគារ​អស់​មួយជីវិត​។ មេដឹកនាំ​ទាំងពីរ​គឺ នួន ជា បងធំ​ទី​២ ជា​មេ​មនោគមន៍វិជ្ជា​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​របប​ខ្មែរក្រហម ហើយនឹង ខៀវ សំផន ប្រមុខរដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​។ សាលក្រម​នេះ​គឺ​ផ្តោតទៅលើ​ផ្នែក​ខ្លះ​នៃ​បទ​ឧក្រិដ្ឋកម្ម​ជាច្រើន គឺ​ការជម្លៀស​ពលរដ្ឋ​ដោយ​បង្ខំ​ចេញពី​ទីក្រុង​និង​ការសម្លាប់​ពលរដ្ឋ អ្នក​សាធារណរដ្ឋ​ខ្មែរ នៅ​ទួល​ពោធិ៍​ជ្រៃ ខេត្តពោធិ៍សាត់​។​

​ក្រុម​អ្នកការពារ​ក្តី ជនរងគ្រោះ​បានបង្ហាញ​អំពី​ការចង់បាន​សាលដីកា​ស្ថាពរ​ដ៏​ធ្ងន់ធ្ងរ​ពី​តុលាការ​កំពូល​នៃ​សាលាក្តី​ខ្មែរក្រហម​នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៦ ទៅតាម​អំណះអំណាង​រៀងៗ​ខ្លួន​ដែល​ទាក់ទង​នឹង​បទចោទប្រកាន់​ប្រឆាំងនឹង​អតីត​មេដឹកនាំ​ខ្មែរក្រហម​ទាំងពីរ​។​

​លោក ហុង គឹម​សួន មេធាវី​ការពារ​ជនរងគ្រោះ​ជាដើម​បណ្តឹង​រដ្ឋប្បវេណី​បាន​ថ្លែងថា​៖ «​ជា​បំណង​របស់​ជនរងគ្រោះ​ដើម​បណ្តឹងរដ្ឋប្បវេណី​នៃ​របប​ខ្មែរក្រហម​នៃ​សាលាក្តី កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​គឺ​គាត់​ចង់​ឃើញថា ការផ្តន្ទាទោស​ហ្នឹង​ឲ្យ​បាន​ធ្ងន់​ឲ្យ​សម​ជាមួយនឹង​ទង្វើ​របស់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ឬក៏​ថ្នាក់ដឹកនាំ​ប្រទេស​នៃ​សម័យ​ខ្មែរក្រហម​និង​បក្សពួក​របស់គាត់​ទាំងអស់​ហ្នឹង​ទទួលទោស​ហ្នឹង​ឲ្យ​ធ្ងន់ធ្ងរ​បំផុត ឲ្យ​សម​ជាមួយនឹង​ភាពឈឺចាប់​វិនាស​អន្តរាយ​ជីវិត​របស់​ប្រជាពលរដ្ឋ​ខ្មែរ​រាប់លាន​នាក់​ន‍េះ​»​។​

​លោក​បាន​បន្ថែមថា ជនរងគ្រោះ​ជាច្រើន​ពាន់​នាក់​ដែល​ដាក់ពាក្យ​ប្តឹង​ជាដើម​បណ្តឹងរដ្ឋប្បវេណី ហើយនឹង​ជនរងគ្រោះ​ដទៃទៀត​ចង់​ឮ​ពាក្យពិត​ចុងក្រោយ​របស់​មេដឹកនាំ​ទាំងពីរ គឺ​មិនមែន​ការទទួលស្គាល់​ត្រឹមតែ​ជាការ​សោកស្តាយ​លើ​ផ្នែក​សីលធម៌​និង​មិន​ទទួលស្គាល់​ពី​ការកាប់សម្លាប់​នោះទេ​។ លោក​ថា នេះ​ជា​រឿង​មិនអាច​ទទួលយកបាន​ឡើ​យ‍​។​

«​ជាពិសេស​គាត់​ចង់​ឮ​សម្តី​របស់​ជនជាប់ចោទ ខៀវ សំផន និង នួន ជា ហ្នឹង​។ គាត់ និយាយ​បណ្តាំ​ចុង​ក្រោយមក ទោះបីថា​វ័យ​គាត់​ចំណាស់​ហ្នឹង​ទៅហើយ ប្រវត្តិ​រឿងរ៉ាវ ទាក់ទង​នឹង​ការបដិសេធ​ហ្នឹង​គាត់ យ៉ាងម៉េច​ចង់​ឲ្យ​គាត់​និយាយ ហេតុផល​អី​ដែល​គាត់​និយាយ​បដិសេធថា​គាត់​មិនបាន​ប្រព្រឹត្ត​នូវ​អំពើ​សម្លាប់​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ឲ្យ​ប្រទេសជាតិ​កម្ពុជា​ធ្លាក់​ចូលក្នុង​នរកអវិចី​យ៉ាងហ្នឹង​នោះ​ណ‍ា​»​។​

​លោក​ថា បើ​មានការ​សម្រាលទោស​វិញ នោះ​ជាការ​ខកចិត្ត និង​សោកស្តាយ​ព្រោះ​ការស្លាប់ ព្រាត់ប្រាស​និង​ខូចខាត​នោះ​គឺ​ធំធេង​ណាស់​។​

​លោក ឡា​ត់ គី មន្ត្រី​សម្របសម្រួល​សាលាក្តី​ខ្មែរក្រហម​នៃ​អង្គការសិទ្ធិមនុស្ស​អាដ​ហុក ដែល​ធ្វើការ​ជាមួយ​ជនរងគ្រោះ​ជាច្រើន​ជាពិសេស​ដើមបណ្តឹង​រដ្ឋប្បវេណី​បាន​ថ្លែងថា​៖ «​សម្រាប់​ជនរងគ្រោះ គឺ​ចង់​ឲ្យ​តែមាន​ការផ្តន្ទាទោស ធ្វើ​យ៉ាងម៉េច​ឲ្យ​អ្នក​ទាំងពីរ​ទទួលខុស​ត្រូវ​ក្នុងនាម​ជា​មេដឹកនាំ​ជាន់ខ្ពស់​នៅក្នុង​របប​ហ្នឹង​។ មានន័យថា ត្រូវ​ទូទាត់​ជាមួយនឹង​ព្យសនកម្ម​ដែល​គាត់​រងគ្រោះ​។ នេះ​គឺជា​ការទាមទារ​ខាង​ជនរងគ្រោះ ដែល​យើងខ្ញុំ​បានធ្វើការ​ជា​មួ​យ‍​»​។​

​ក្នុងចំណោម​ដើមបណ្តឹង​រដ្ឋប្បវេណី​ជាង​៣.០០០​នាក់ តាំងពី​ដំបូង ហើយនឹង​ជនរងគ្រោះ​ផ្សេងទៀត​មិន​ពេញចិត្ត ខកចិត្ត​នឹង​ចម្លើយ​ដោះសា​របស់​មេដឹកនាំ​ខ្មែរក្រហម​ដែល​មិន​ព្រម​និយាយ​ការពិត អំពី​ការទទួលខុសត្រូវ​ក្នុងនាម​ជា​អ្នកដឹកនាំ អំពី​ផែនការ​កាប់សម្លាប់​មនុ​ស្ស​តាម​វិធី​ផ្សេងៗ​នៅ​សម័យ​៣​ឆ្នាំ​៨​ខែ​ហើយនឹង​២០​ថ្ងៃ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​នោះ​។​

​លោក ឡា​ត់ គី បាន​បន្ថែមថា គាត់​ជា​មេដឹកនាំ​ជាន់ខ្ពស់​ក្នុង​របប​មួយ​គ្មាន​វិធានការ ទប់​ស្គា​ត់ ដឹងឮ​ហើយ មិនបាន​ទប់ស្កាត់​គឺជា​ចំណែក​មួយ​នៃ​ការទទួលខុសត្រូវ​។​

«​អញ្ចឹង​ហើយ​បានជា​ការច្រានចោល ការ​ដោះ​បន្ទុក​នេះ​ជា​ចំណុច​មួយ​ដែល​ពួក​ជនរងគ្រោះ​ភាគច្រើន​គាត់​យល់ថា អត់​សម​ហេតុ​សម​ផល នៅក្នុង​ការដែល​អះអាង​របស់​ជន​ជាប់​ចោ​ទ‍​»​។​

​ទោះជា​យ៉ាងណាក៏ដោយ លោក គង់ សំអុន មេធាវី ការពារ​ក្តី លោក ខៀវ សំផន ដែលជា​ជនជាប់ចោទ​ម្នាក់​ក្នុងចំណោម​ពីរ​នាក់ បាន​ថ្លែងថា ការបកស្រាយ​របស់​តុលាការ​កំពូល​មាន​ភាពស្របគ្នា​មួយចំនួន​ទៅនឹង​តុលាការ​សាលាដំបូង ថ្វីត្បិតតែ​មាន​ភាពខុស​គ្នា​ខ្លះ​ក្តី​។ លោក​ថា ការ​ចោទ​នឹង​ទំនងជា​មិនមាន​ការប្រែប្រួល​ទេ​ទោះជា​អង្គហេតុ និង​អង្គច្បាប់​ខ្លះ​អាចមាន​ការប្រែប្រួល​ក៏ដោយ​។ ទំនោរ​គាំទ្រ​សាលក្រម​សាលាដំបូង​ច្រើនជាង តែ​លោ​កថា ការដាក់ទោសទណ្ឌ​កូនក្តី​របស់លោក​ក្នុង​សំណុំរឿង​០០២​វគ្គ​១​នេះ​ធ្ងន់ធ្ងរ គឺជា​រឿង​គ្មាន​ន័យ​សម្រាប់​សំណុំរឿង​០០២ វគ្គ ២ ដែល​គេ​ដឹងថា​មានការ​ចោទប្រកាន់​លើ​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​ជាច្រើន​ទៀត​នោះ​។​

«​បើសិនជា​តុលាការ​រកឃើញថា លោក ខៀវ សំផន មានទោស អញ្ចឹង​វា​មានន័យថា ការជំនុំជម្រះ​ទៅលើ​សំណុំរឿង​០០២ វគ្គ​២ ក្រោយនេះ វា​មិនសូវ​ជាមាន​អត្ថន័យ​ទៀត​ទេ ពីព្រោះថា លោក ខៀវ សំផន ត្រូវបាន​សាលាដំបូង​រកឃើញថា មានទោស​ហើយ កាត់ទោស អស់​មួយជីវិត​រួចទៅហើយ​។​អញ្ចឹង​វា​មិនមាន​អ្វី​ដូច​ថា​ដែលជា​ផលប្រយោជន៍ សម្រាប់​លោក ខៀវ សំផន ចំពោះ​ដំណើរការ​រឿងក្តី​០០២ វគ្គ​ទី​២ ទៀត​ទ‍េ​»​។​

​លោក គង់ សំអុន ថា សំណុំរឿង​កូនក្តី​របស់លោក​ប្រឈមមុខ​នឹង​បញ្ហា​ជាច្រើន ដូចជា​ការបិទ​សិទ្ធិ ជនជាប់ចោទ សាក្សី​និង​ភស្តុតាង​មិនមែន​ភាគ​ចុងចោទ​ជា​អ្នក​រើស តែ​តុលាការ​បានកំណត់​រួចជាស្រេច​។ ហើយ​សាក្សី​សំខាន់ៗ​ជាពិសេស​មន្ត្រី​រដ្ឋាភិបាល​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​កោះហៅ ហើយ​ការសួរដេញដោល​រឿង​ភស្តុតាង​និង​សាក្សី​មិនសូវមាន​តម្លាភាព​។​

«​ហើយ​ឧទាហរណ៍​មួយទៀត​គឺ​ទាក់ទង​នឹង​សាក្សី​សំខាន់ៗ ដែល​ភាគី​ស្នើសុំ​បែរជា​មិនបាន​កោះហៅ​ទេ ជាពិសេស​បុគ្គល​ជា​ឥស្សរជន​មួយចំនួន​នៅក្នុង​រដ្ឋា​ភិ​បា​ល‍​»​។​

​លោក​បន្តថា​សាលាក្តី​ខ្មែរក្រហម​នេះ​ហាក់ដូចជា​លើកយក​តែ​ផ្នែក​មួយ​តូច​បំផុត​ដែល​បាន​កើតឡើង​ក្នុងសម័យ​ខ្មែរក្រហម​ក្នុង​ទសវត្សរ៍​១៩៧០​នោះ ដោយសារ​បរទេស​ដែល​ពាក់ព័ន្ធ នឹង​បុគ្គល​ដែល​ប្រព្រឹត្ត​បទឧក្រិដ្ឋ​កម្ម​ជាច្រើន​មិន​ត្រូវគេ​នាំយកមក​កាត់ទោស​និង​ស៊ើបអង្កេត​។​

«​មែនទែនទៅ បើ​យើង​និយាយ​អំពី​តុលាការ​វា​ត្រូវតែ​ដើម្បី​ស្វែងរក​យុត្តិធម៌​។ នេះ​ទិសដៅ​របស់​តុលាការ ហើយ​បើសិនជា​យើង​និយាយ​ពី​ក្របខណ្ឌ​នយោបាយ​វា​អាច​ទៅ​ស្វែងរក​សន្តិភាព​ដើម្បី​ផ្សះផ្សា​ជាតិ​អញ្ចឹង​ទៅ​។ ប៉ុន្តែ​បើ​យើង​ប្រើប្រាស់​តុលាការ​ក្នុងទិសដៅ​ផ្សះផ្សា​ជាតិ​ផង ដើម្បី​រក្សា​សន្តិភាព​ផង​។ អញ្ចឹង​ទៅ​វា​ធ្វើ​ឲ្យ​មាន​ភាពច្របូកច្របល់​នៅក្នុង​ការអនុវត្តន៍​ច្បាប់​ហ្នឹង​ហើ​យ‍​»​។​

​លោក សំអុន បានផ្តល់​ការពន្យល់​បន្ថែមថា​៖ «​ឧ​ទា​រហ​រណ៍​ថា ទាក់ទង​ទៅនឹង​ការ ស៊ើបសួរ បើសិនជា​មានការ​ស៊ើបសួរ​ហ្នឹង​វា​ធ្ងន់ធ្ងរ វា​ច្រើន​តទៅទៀត វា​ធ្វើ​ឲ្យ​មាន​បញ្ហា​អសន្តិសុខ​អញ្ចឹង​ទៅ មិនអាច​ធ្វើការ​ស៊ើបសួរ​បាន​។ អញ្ចឹង​វា​មាន​យុត្តិធម៌​មកពីណា ពីព្រោះថា បើ​យើង​ស្វែងរក​យុត្តិធម៌ វា​ត្រូវតែ​ជម្នះ​រាល់​បញ្ហា​ទាំងអស់ មិនមែន និយាយថា ខ្វះ​ថវិកា ខ្វះ​ធនធាន​មិនអាច​ធ្វើការ​ស៊ើបអង្កេត​កើត​ទេ វា​ត្រូវធ្វើ​ការស៊ើបអង្កេត​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​។ ហើយ​បើ​យើង​និយាយ​ពី​ការទទួលខុសត្រូវ​ព្រហ្មទណ្ឌ​របស់​បុគ្គល គឺថា​បុគ្គល​ណាក៏ដោយ​ដែល​ធ្វើ​ខុស ត្រូវតែ​ទទួល​ការស៊ើបអង្កេត វិនិច្ឆ័យ​ក្តី​អញ្ចឹង​ទៅ​។ ក៏ប៉ុន្តែ​ដោយឡែក​យើង​ឃើញថា ក្នុងករណី​របស់​ខ្មែរក្រហម​នេះ យើង​មានតែ​មេដឹកនាំ​ធំៗ​ប៉ុន្មាន​នាក់​នៅក្នុងពេល​បច្ចុប្បន្ន​នេះ​មានតែ​ពីរ​នាក់​ទេ​ដែល​នៅ​ស​ល‍់​»​។​

​បើតាម​ការអះអាង​រប​ស់លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម បាន​ថ្លែងថា ការប្រកាស​សាលក្រម​គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត​របស់​សាលាក្តី​ខ្មែរក្រហម​នៅក្នុង​ការស្វែងរក​ការពិត​និង​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ហើយ​ការប្រកាស​សាលដីកា​ស្ថាពរ​នេះ​គឺ​បញ្ជាក់ថា នឹង​បញ្ចប់​ទាំងស្រុង​លើ​ដំណើរការ​និង​ការជំនុំជម្រះ​ក្តី​ក្នុង​សំណុំរឿង​០០២ វគ្គ​១​ដែល ផ្តោតទៅលើ​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ​ពាក់ព័ន្ធ​ជាមួយនឹង​អង្គហេតុ ជម្លៀស ប្រជាជន​ដោយ​បង្ខំ​ដំណាក់កាល​ទី​១ និង ទី​២ ហើយនឹង​ការសម្លាប់​អតីតមន្ត្រី​រាជការ សម័យ​សាធារណរដ្ឋ​នៅ​ទួល​ពោធិ៍​ជ្រ‍ៃ​។​

«​ប៉ុន្តែ​ទោះបីជា​យ៉ាងណា​យើង​សង្ឃឹមថា គ្រប់ភាគី​ទាំងអស់​នឹង​អាច​ទទួលយកបាន​នូវ​ការសម្រេច​របស់​អង្គជំនុំជម្រះ​តុលាការ​កំពូល​ពីព្រោះ​ដំណើរការ​នីតិវិធី​នៅក្នុង​ការជំនុំជម្រះ​ក្តី​និង​ការពិនិត្យ​ទៅលើ​សំណុំរឿង ក៏ដូចជា​ពិនិត្យ​ទៅលើ បណ្តឹងសាទុក្ខ​នេះ គឺ​បាន​គោរព​ទៅតាម​នីតិវិធី​ច្បាប់ ហើយ​គ្រប់ភាគី​ទាំងអស់​គឺមាន​សិទ្ធិ​ស្មើគ្នា​នៅ​ចំពោះមុខ​ច្បាប់ តតាំង​គ្នា​នៅ​ចំពោះមុខ​ច្បាប់​។ អញ្ចឹង​យើង​រំពឹងថា ជនរងគ្រោះ​និង​ជនជាប់ចោទ លោក​នឹង​ទទួលបាន​ទាំងអស់គ្នា​នូវ​ការសម្រេច​របស់​អង្គជំនុំជម្រះ​នៃ​តុលាការ​កំ​ពូ​ល‍​»​។​

​លោក​បាន​បន្ថែម​សេចក្តី​ថា តុលាការ​កំពូល​នៃ​សាលាក្តី​ខ្មែរក្រហម​នឹង​ពិចារណា​ចំពោះ​ការប្តឹង​ឧទ្ធរណ៍​នេះ ហើយ​ការសម្រេច​យ៉ាងណា​ជា​សិទ្ធិ​របស់​ចៅក្រម​ដែលមាន​ភាគី ខ្មែរ​និង​អន្តរជាតិ​ចូលរួម​។​
​លោក ឡុង បញ្ញាវុធ មន្ត្រី​កម្មវិធី​នៃ​គម្រោង​ផ្តួចផ្តើម​យុត្តិធម៌​នៅ​កម្ពុជា បាន​ថ្លែងថា ការប្តឹង​សាទុក្ខ និង ការកាត់ក្តី​របស់​តុលាការ​កំពូល​យូរណាស់​មកហើយៗ​ការកាត់ក្តី​លើ​សំណុំ​រឿងនេះ​ក៏​យូរណាស់​មកហើយ​ដែរ តែ​ការប្រកាស​សាលក្រម​នេះ​គឺជា​រឿង​ស្វាគមន៍​។​

«​ប៉ុន្តែ​ព័ត៌មាន​ដែលថា ថ្ងៃទី​២៣ ខែ​១១ ដែលថា តុលាការ​កំពូល​នឹង​ប្រកាស​សាលក្រម​របស់ខ្លួន​នោះ ជា​ព័ត៌មាន​ដែល​យើង​សូម​សាទរ ហើយ​យើង​រង់ចាំ​ទាំងអស់គ្នា​ថា តើ​តុលាការ​កំពូល​របស់​សាលាក្តី​ខ្មែរក្រហម​ពិនិត្យ​ទៅលើ​អង្គហេតុ​និង​អង្គច្បាប់ ទៅនឹង​ការប្តឹង​របស់​ជនជាប់ចោទ​លោក ខៀវ សំផន ហើយនឹង នួន ជា នោះ មានការ​ប្រែប្រួល​យ៉ាង​ណ‍ា​»​។​

​សាលាក្តី​ខ្មែរក្រហម​ដែល​ចូលរួម​ដោយ​អ​.​ស​.​ប​.​បាន​ចំណាយ​ទឹកប្រាក់​អស់​២៦០​លាន​ដុល្លារ ចាប់តាំងពី​ឆ្នាំ​២០០៦​មក ដោយបាន​កាត់ទោស​ប្រធាន​គុក​ទួលស្លែង​គឺ កាំ​ង ហ្កេ​ច​អ៊ា​វ ហៅ ឌុ​ច​ដែល​ទទួលខុសត្រូវ​ចំពោះ​ជីវិត​មនុស្ស​ប្រមាណ​ជាង​១២.០០០​នាក់ និង​មេដឹកនាំ​ខ្មែរក្រហម​កំពូល​២​នាក់​តែប៉ុណ្ណោះ​ក្រោយ​ឧក្រិដ្ឋកម្ម​បានកើត​ឡើង​៤​ទសវត្សរ៍​មក​នោះ​។ សាលាក្តី​នេះ​នៅមាន​សំណុំរឿង​០០២ វគ្គ​ទី​២ ជា​វគ្គ​បញ្ចប់​និង​សំណុំរឿង​០០៣ ហើយនឹង​០០៤ ដែលមាន​ជនជាប់ចោទ​ជា​អតីត​កម្មាភិបាល​ខ្មែរក្រហម​៤​នាក់​ទៀត ដែល​ត្រូវ​បន្ត​នីតិវិធីតុលាការ​នោះ​៕

សូមចុចទៅប្រភពដើម VOA ត្រង់នេះ


© រក្សាសិទ្ធិដោយ thmeythmey.com