ជាតិ
សិល្បករ​និង​សង្គម​ស៊ី​វិល​ថា តុលាការ មិនត្រូវ​ឲ្យ​បុរស ដែល​វាយ​កញ្ញា អា​វី​ហ្សា រួចខ្លួន​ឡើយ​
16, Nov 2016 , 3:49 pm        
រូបភាព
​ភ្នំពេញ​៖ សិល្បករ និង​ក្រុម​សង្គម​ស៊ីវិល ធ្វើការ​លើកស្ទួយ​សិទ្ធិ​ស្ត្រី មិនអាច​ទទួលយកបាន​ទេ ចំពោះ​អំពើហិង្សា​របស់លោក គៀង ហេង ដែល​វាយដំ​កញ្ញា ពេជ្រ អា​វី​ហ្សា ជា​តារា​សម្តែង ឲ្យ​រងរបួស​លើ​ផ្ទៃមុខ​យ៉ាងធ្ងន់ធ្ងរ​។ ពួកគេ ស្នើ​ឲ្យ​តុលាការ ដាក់ទោស​ទណ្ឌ​លើ​លោក គៀង ហេង ដែលជា​ប្អូនថ្លៃ​របស់​ឧកញ៉ា ទ្រី ភាព និង​ជា​អតីត​សង្សារ​របស់​កញ្ញា ពេជ្រ អា​វី​ហ្សា ទៅតាម​ផ្លូវច្បាប់​។



​លោកស្រី រស់ សុភាព ប្រធាន​អង្គការ យេនឌ័រ និង​អភិវឌ្ឍន៍ ដើម្បី​កម្ពុជា (GADC) បាន​លើកឡើងថា ការប្រើ​អំពើហិង្សា​លើក​ញ្ញា អា​វី​ហ្សា ដែលជា​តារា​សម្តែង គឺជា​រឿង​ខុសច្បាប់ និង​ខុសសីលធម៌​សង្គម​យ៉ាងធ្ងន់ធ្ងរ​។ លោកស្រី រស់ សុភាព មិន​រៀបរាប់​ពី​មូលហេតុ ដែល​នាំ​ឲ្យ​កើត​អំពើហិង្សា​នោះទេ តែ​លោកស្រី បញ្ជាក់ថា ទោះបី​ស្ថិតក្នុង​ស្ថានភាព​ណាក៏ដោយ ក៏​បុរស​មិនត្រូវ​ប្រើ​អំពើហិង្សា​លើ​សព៌ាង្គកាយ​របស់​ស្រី្ត​ជាដាច់ខាត​។

​លោកស្រី បន្តថា ទង្វើ​របស់លោក គៀង ហេង ដែលជា​ប្អូនថ្លៃ​របស់​ឧកញ៉ា ទ្រី ភាព ហើយក៏​ជា​អតីត​សង្សារ​របស់​កញ្ញា អា​វី​ហ្សា​ដែរនោះ មិន​ត្រឹមតែ​ជា​អំពើ​លើ្ម​ស​ច្បាប់ និង​ខុសសីលធម៌​សង្គម​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង ប៉ះពាល់​ដល់​ផែនការ​ជាតិ ដែល​រដ្ឋាភិបាល ដាក់ចេញ​នូវ​គោលនយោបាយ ក្នុងការ​ប្រឆាំងនឹង​ការប្រើ​អំពើហិង្សា​លើ​ស្ត្រី​ទៀតផង​។​

​ប្រធាន​អង្គការ ដែល​ធ្វើការ​លើកស្ទួយ​សិទ្ធិ​ស្ត្រី​រូបនេះ បាន​សង្កត់ធ្ងន់ៗ​បែបនេះ​ថា​៖«​យើង មិនអាច​រំលោភបំពាន​លើ​ស្ត្រី​បានទេ​។ យើង​ត្រូវតែ​លុបបំបាត់​អំពើហិង្សា​លើ​ស្ត្រី​។ យើង មិនត្រូវ​អនុគ្រោះ ឬ​បណ្តោយ​ឲ្យ​អ្នកប្រព្រឹត្ត រួច​ទោស​ឡើយ​»​។

​លោកស្រី រស់ សុភាព ទទូច​ឲ្យ​សមត្ថកិច្ច និង​តុលាការ ព្រមទាំង​ក្រសួង​កិច្ចការនារី គិតគូរ​និង​ទទួលខុសត្រូវ​ក្នុង​រឿងនេះ​។ លោកស្រី បាន​ផ្តោត​ខ្លាំង​ទៅលើ​ក្រសួង​កិច្ចការនារី​ថា មាន​តួនាទី​យ៉ាងសំខាន់ ក្នុងការ​ការពារ​ស្ត្រី ដូច្នេះ​ក្រសួង​មួយ​នេះ មិនត្រូវ​ព្រងើយកន្តើយ ឬ​នៅ​ស្ងៀម ចំពោះ​ករណី​របស់​កញ្ញា អា​វី​ហ្សា ឡើយ​។

​ជាងនេះទៀត លោកស្រី រស់ សុភាព ដូចជា​មិន​ចង់​ឲ្យ​កញ្ញា អា​វី​ហ្សា សម្របសម្រួល​ជាមួយនឹង​លោក គៀង ហេង​នោះទេ​។ លោកស្រី ព្រួយបារម្ភ​ថា ប្រសិនបើ កញ្ញា អា​វី​ហ្សា ទទួលយក​សំណង​ពី​លោក គៀង ហេង សំណុំរឿង​ខាងលើ អាច​នឹងត្រូវ​បាន​បិទ​បញ្ចប់ ដូចនឹង​សំណុំរឿង​របស់​កញ្ញា ឯក សុជាតា ហៅ​សាលា ជាមួយនឹង​លោក សុខ ប៊ុន ដែរ​។

​លោកស្រី បាន​រម្លឹកថា ក្រោយ​កញ្ញា សា​សា ដែលជា​អតីត​ពិធី​ការិនី​នៃ​ទូរទស្សន៍​CTN សុខចិត្ត សម្របសម្រួល ជាមួយ​លោក សុខ ប៊ុន សំណុំរឿង ក៏​ចាប់ផ្តើម​ស្ងៀមស្ងាត់​បន្តិច​ម្តងៗ រហូតដល់​បច្ចុប្បន្ន​។ លោក សុខ ប៊ុន ដែលមាន​ងារ​ជា​ឧកញ៉ា បាន​វាយដំ​លើ​កញ្ញា​សា​សា រហូត​បណ្តាល​ឲ្យ​អតីត​ពិធី​ការិនី​នៃ​ទូរទស្សន៍ CTN រូបនេះ រងរបួស​យ៉ាងធ្ងន់ធ្ងរ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ កាលពី​ខែ កក្កដា ឆ្នាំ​២០១៥​។​

​លោកស្រី រស់ សុភាព យល់ឃើញថា ប្រសិនបើ ជនរងគ្រោះ គិតតែ​ពី​សម្របសម្រួល ឬ​ទទួលយក​សំណង​បែបនេះ អ្នក​ដែលមាន​លុយ​និង​មានអំណាច រឹតតែ​មិន​ខ្លាច​ច្បាប់ ហើយ​កាន់តែ​ផ្គើន​ឡើងៗ ក្នុងការ​ប្រព្រឹត្ត​អំពើហិង្សា​លើ​ស្ត្រី​។

​ចំណែកឯ លោកស្រី ចាន់ គ​ន្ធា មន្ត្រី​សម្របសម្រួល​ផ្នែក​កម្មវិធី​ថ្នាក់​តំបន់​អាស៊ី​អា​គ្នេ​ហ៍ (JASS) ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​ស្ត្រី​ដែរនោះ បាន​អះអាងថា សំណុំរឿង​ខាងលើ គឺ​ជាបទល្មើស​ព្រហ្មទណ្ឌ​ផង និង​ជា​បទល្មើស​រដ្ឋប្បវេណី​ផង​។ លោកស្រី សង្កត់ធ្ងន់ថា បើទោះបីជា កញ្ញា អា​វី​ហ្សា ទទួលយក​សំណង​ក៏ដោយ តែ​បណ្តឹងអាជ្ញា មិន​រលត់​ទេ​។

​លោកស្រី ចាន់ គ​ន្ធា ពន្យល់ថា តាមផ្លូវ​ច្បាប់ ព្រះរាជអាជ្ញា ដែល​ដើរតួនាទី​ជាដើម​បណ្តឹង ត្រូវតែ​ចាត់ការ​រឿងនេះ ឲ្យ​បាន​ម៉ត់ចត់ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ​។ លោកស្រី បញ្ជាក់​ដូច្នេះ​ថា​៖«​មិនមែន​គ្រាន់តែ​ឲ្យ​លុយ​ហើយ ចប់​នោះទេ​។ បើ​ធ្វើ​អ៊ីចឹង បញ្ហា​នឹង​កើតឡើង​ដដែលៗ​។ ការទទួលយក​សំណង ជា​រឿង​ដោយឡែក តែ​រឿង ព្រហ្មទណ្ឌ​នៅតែ​បន្ត​»​។​

​កន្លងមក មន្ត្រី​សង្គម​ស៊ីវិល​រូបនេះ ធ្លាប់​សង្កេតឃើញថា ពេល​ជនរងគ្រោះ ទទួលយក​សំណង​រួចហើយ សំណុំរឿង​ក៏ត្រូវ​បិទ​បញ្ចប់​។ លោកស្រី បន្ថែមទៀតថា តុលាការ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច ត្រូវតែ​អនុវត្ត​ច្បាប់ ដោយ​ស្មើភាព​គ្នា ដើម្បី​ឲ្យ​អ្នកប្រព្រឹត្ត រាងចាល​។​

​យ៉ាងណា លោកស្រី រស់ សុភាព និង​លោកស្រី ចាន់ គ​ន្ធា មិនទាន់មាន​សកម្មភាព​ណាមួយ ដើម្បី​ប្រឆាំងនឹង​ទង្វើ​របស់លោក គៀង ហេង នៅឡើយ​ទេ​។ ស្រី្ត​ទាំងពីរ​ខាងលើ ដែល​ធ្វើការ​លើកស្ទួយ​សិទ្ធិ​ស្ត្រី អះអាង​ដូចគ្នា​ថា នឹង​បន្ត​តាមដាន​រឿងរ៉ាវ​របស់​កញ្ញា អា​វី​ហ្សា ហើយ​បន្ទាប់មក អាច​នឹង​ជជែក​គ្នា​ក្នុងការ​ស្ថាប័ន​របស់ខ្លួន មុននឹង​សម្រេច​ថា ត្រូវ​ជួយ​ជ្រោមជ្រែង ដល់ក​ញ្ញា អា​វី​ហ្សា ដោយរបៀប​ណា​។

​ទាក់ទង​នឹង​បញ្ហា​នេះ កញ្ញា ពេជ្រ អា​វី​ហ្សា ដែលជា​ជនរងគ្រោះ មិនបាន​រៀបរាប់​ច្រើន ដល់​សារព័ត៌មាន​ថ្មីៗ​នោះទេ ដោយសារតែ​កញ្ញា កំពុងតែ​ជាប់រវល់​។ កញ្ញា គ្រាន់តែ​បញ្ជាក់​យ៉ាងខ្លី​ថា ក្រោយ​រង​អំពើហិង្សា សិល្បករ រួមទាំង​មន្ត្រី​សង្គម​ស៊ីវិល​មួយចំនួន បាន​ហៅ​ទូរ​សព្ទ​ទៅកាន់​នាង ដើម្បី​លើកទឹកចិត្ត និង​បង្ហាញ​ពី​ការ​ឈឺឆ្អាល ចំពោះ​នាង​។

​ម្យ៉ាងទៀត ជុំវិញ​ការសម្របសម្រួល​ជាមួយ​លោក គៀង ហេង កញ្ញា អា​វី​ហ្សា មិនទាន់​សម្រេច យ៉ាងណា​នោះទេ​។ កញ្ញា បញ្ជាក់​បែបនេះ​ថា​៖«​ខ្ញុំ​អត់​ដឹង​ទេ (​រឿង​ទទួលយក​សំណង​)​។ ចាំ​ខ្ញុំ​ពិភាក្សា​ជាមួយ​មេធាវី​របស់ខ្ញុំ​សិន ទើប​ខ្ញុំ​ដឹងថា​ត្រូវ​សម្រេច​យ៉ាងម៉េច​»​។​

​ដោយ​លែ​ក លោក សុះ ម៉ាច តារាចម្រៀង និង​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ បាន​អះអាងថា លោក រួមទាំង​សិល្បករ​ដទៃទៀត ត្រៀមខ្លួន​ជានិច្ច ដើម្បី​ជួយ​ជ្រោមជ្រែង កញ្ញា អា​វី​ហ្សា​។ លោក សង្កត់ធ្ងន់ថា សមាគម នឹង​ផ្តល់​មេធាវី ដើម្បី​ការពារ​ក្តី​ឲ្យ​កញ្ញា អា​វី​ហ្សា ប្រសិនបើ​កញ្ញា អា​វី​ហ្សា ដាក់ពាក្យ​ប្តឹងទៅ​តុលាការ ហើយ​ត្រូវការ​មេធាវី​។​

​តារាចម្រៀង​ខាង​មនោសញ្ចេតនា​រូបនេះ បានបង្ហាញ​ទឹកចិត្ត​ឈឺឆ្អាល​ដូច្នេះ​ថា​៖«​ក្នុងនាម​យើង​ជា​សិល្បករ​ដូចគ្នា យើង​ចាំ​ជួយ​កញ្ញា អា​វី​ហ្សា ជានិច្ច​។ សមាគម​យើង មាន​មេធាវី ដើម្បី​ឲ្យ​កញ្ញា អា​វី​ហ្សា បើក​ញ្ញា អា​វី​ហ្សា ត្រូវការ​»​។

​ក្រៅពី​អះអាង​ក្នុងការ​ផ្តល់ជំនួយ​ផ្លូវច្បាប់​ដល់ក​ញ្ញា អា​វី​ហ្សា លោក សុះ ម៉ាច ក៏បាន​រិះគន់ថា ទង្វើ​របស់លោក គៀង ហេង បានធ្វើ​ឲ្យ​តម្លៃសង្គម ធ្លាក់ចុះ​យ៉ាងខ្លាំង និង​ធ្វើ​ឲ្យ​បាត់បង់​តម្លៃ​ជា​បុរស ផងដែរ​។ លោក បញ្ជាក់​ចុងក្រោយ​ថា បើ​តុលាការ មិន​ដាក់ទោស​អ្នកប្រព្រឹត្ត ទៅតាម​ផ្លូ​ច្បាប់​ទេ អំពើហិង្សា​លើ​ស្រី្ត នៅតែ​កើតមាន​ជា​បន្តបន្ទាប់​។

​នៅថ្ងៃនេះ​សារព័ត៌មាន​ថ្មីៗ នៅ​មិនទាន់​អាចទាក់ទង​សុំ​ការបកស្រាយ​ពី​លោក គៀង ហេង បានទេ​។ យ៉ាងណា លោក ទ្រី ភាព បាន​ចេញមុខ​បកស្រាយ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្រុមហ៊ុន​របស់លោក​ឈ្មោះ TRY PHEAP GROUP CO.,LTD ថា លោក គៀង ហេង មាន​ជាប់​សាច់ញាតិ​ខាង​ប្រពន្ធ​របស់លោក​ខ្លះៗ ហើយ​លោក​ប្រកាស​ឲ្យ​តុលាការ​ធ្វើការ​តាម​នីតិវិធី​ចាត់ការ​ទៅលើ​ជន​ដែល​ប្រព្រឹត្ត ព្រោះ​វា​មិន​ពាក់ព័ន្ធ​ជាមួយ​រូបលោក​ឡើយ​។ លោក ទ្រី ភាព ក៏​ស្នើ​ឲ្យ​អ្នកប្រើប្រាស​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ទាំងអស់ កុំ​ភ្ជាប់​ករណី​ហិង្សា​នេះ​ជាមួយនឹង​រូបលោក ព្រោះ​វា​ជា​រឿង​បុគ្គល​ផ្ទាល់ខ្លួន​។​

​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បាន​បរិយាយ​​លើ​ទំព័​ហ្វេ​ស​ប៊ុ​កលោក​នៅថ្ងៃនេះ​ថា ករណី​បង្ក​ហិង្សា​ប៉ុន្មាន​ថ្ងៃ​មកនេះ​(​លើក​ញ្ញា អា​វី​ហ្សា​) គឺជា​ករណី​ព្រហ្មទណ្ឌ ដែល​ស្ថាប័ន​អយ្យការ និង​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ កំពុង​ចាត់វិធានការ​ស៊ើបអង្កេត​យ៉ាង​យកចិត្តទុកដាក់ ដើម្បី​ឈានដល់​ការផ្តន្ទាទោស​ជនល្មើស​តាមច្បាប់​។ លោក បញ្ជាក់ថា ការសម្របសម្រួល​សំណង​ជា​ផ្នែក​មួយ​នៃ​ដំណោះស្រាយ​ផ្ទាល់​រវាង​ភាគី​រងគ្រោះ តែ​ពុំ​អាច​ផ្អាក​ឬ​បញ្ចប់​នីតិវិធី​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​បាន​នោះទេ​។​

​សូម​រម្លឹកថា កញ្ញា អា​វី​ហ្សា ត្រូវបាន​លោក គៀង ហេង ដែលជា​អតីត​សង្សារ​របស់​នាង  វាយដំ​នៅ​ក្លឹប​កម្សាន្ត​មួយ ក្នុង​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៦​។ ការវាយដំ​នេះ បណ្តាល​ឲ្យ​កញ្ញា អា​វី​ហ្សា រងរបួស​យ៉ាងធ្ងន់ធ្ងរ នៅលើ​ផ្ទៃមុខ​។ ក្រោយ​រង​អំពើហិង្សា តារា​សម្តែង​រូបនេះ ក៏​ទម្លាយ​ហេតុការណ៍​ទាំង​អម្បាលម៉ាន នៅតាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក តែម្តង​៕



Tag:
 ពេជ្រ អា​វី​ហ្សា​
  សង្គម​ស៊ីវិល​
  អំពើហិង្សា​
© រក្សាសិទ្ធិដោយ thmeythmey.com