អន្តរជាតិ
លោក ពូ​ទីន និង ដូ​ណា​ល់ ត្រាំ ឯកភាពគ្នា​កម្ចាត់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម
16, Nov 2016 , 4:34 pm        
រូបភាព
​ប្រធានាធិបតី​ទើប​ជាប់ឆ្នោត​លោក ដូ​ណា​ល់ ត្រាំ បាន​ទូរ​សព្ទ​ទៅ​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ដើម្បី​ជជែក​ពិភាក្សា​ពី​ទំនាក់ទំនង​ទ្វេភាគី​និង​បញ្ហា​ចម្រូងចម្រាស​ពាក់ព័ន្ធ​ការប្រឆាំង​ភេរវកម្ម​និង​ដោះស្រាយ​បញ្ហា​ជម្លោះ​ស៊ី​រី​ផងដែរ​។  ប៉ុន្មាន​ម៉ោង​ក្រោយ​កិច្ចសន្ទនា យន្តហោះ​ចម្បាំង​រុស្ស៊ី​ចាប់ផ្តើម​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​វាយប្រហារ​ទីក្រុង Aleppo ដែលជា​សមរភូមិ​ចុងក្រោយ​ឡើងវិញ​ផងដែរ ក្រោមលេស​ប្រឆាំង​ភេរវកម្ម​។



​សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​៖




​ក្រោយ​ជាប់ឆ្នោត​បាន​ប៉ុន្មាន​ថ្ងៃ លោក ដូ​ណា​ល់ ត្រាំ បាន​ទូរ​សព្ទ​ទៅកាន់​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ដើម្បី​ជជែក​ពី​បញ្ហា​នានា​រួមទាំង​ទំនាក់ទំនង​ទ្វេភាគី​និង​បញ្ហា​ពិភពលោក​ផ្សេងទៀត​ដូចជា​វិបត្តិ​ស៊ី​រី​ជាដើម​។ សកម្មភាព​នេះ​បញ្ជាក់​ច្បាស់​ពី​ការឈាន​ឆ្ពោះទៅ​ស្តារ​ទំនាក់ទំនង​ទ្វេភាគី និង សហការគ្នា​ដោះស្រាយ​បញ្ហា​ពិភពលោក​រួមគ្នា​ផងដែរ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន  AFP លោក ដូ​ណា​ល់ ត្រាំ បានលើកឡើង​ពី​ឆន្ទៈ​ក្នុងការ​លើកស្ទួយ​ចំណង​ការទូត​រវាង​ប្រទេស​ទាំងពីរ​ដែល​ធ្លាក់ចុះ​ខ្លាំង​នោះ​។ សេចក្តីថ្លែងការណ៍​មួយ​របស់​ការិយាល័យ​លោក ដូ​ណា​ល់ ត្រាំ ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​ទី ១៤ វិច្ឆិកា បាន​បញ្ជាក់ថា ប្រធានាធិបតី​ទើប​ជាប់ឆ្នោត​ថ្មី​បញ្ជាក់ប្រាប់​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ថា លោក​ទន្ទឹងរង់ចាំ​ការបង្កើន​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី​និង​ប្រជាជន​រុស្ស៊ី​ឲ្យ​កាន់តែ​ស៊ីជម្រៅ និង​រឹងមាំ​ផងដែរ​។​

​ហើយ​លោក ដូ​ណា​ល់ ត្រាំ ក៏​សន្យា​រៀបចំ​កិច្ចពិភាក្សា​ទល់មុខ​គ្នា​នៅពេល​ខាងមុខ និង​បន្ត​រាល់​កិច្ចសន្ទនា​និង​រាល់​ទំនាក់ទំនង​តាម​ទូរ​សព្ទ​នេះ​ក្នុងករណី​ចាំបាច់​ដែរ​។​

​យ៉ាងណាមិញ ខាង​រុស្ស៊ី​ឯណេះ​វិញ​ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ផងដែរ​ពាក់ព័ន្ធ​ការ​ការសន្ទនា​គ្នា​រវាង​លោក ដូ​ណា​ល់ ត្រាំ ជាមួយ​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន​។ សេចក្តីថ្លែងការណ៍​នោះបាន​បញ្ជាក់ថា លោក ពូ​ទីន បាន​ចូលរួម​សាទរ​ជ័យជម្នះ​របស់លោក ដូ​ណា​ល់ ត្រាំ ក្នុងការ​បោះឆ្នោត​នេះ​ផងដែរ​។ ហើយ​អ្វីដែល​សំខាន់​លោក បាន​ប្រាប់​អនាគត​ប្រធានាធិបតី​អាមេរិក​ថា លោក ត្រៀមលក្ខណៈ​រួចជាស្រេច​ហើយ​ដើម្បី​បង្កើត​ភាពជា​ដៃគូ​សន្ទនា​រួមគ្នា​ក៏ដូចជា​ការពិភាក្សា​ផ្សេងទៀត​ដើម្បី​លើក​ស្ទូ​យ​ទំនាក់ទំនង​ក្រោម​គោលការណ៍​ស្មើភាព​គ្នា គោរព​ប្រយោជន៍​គ្នា​ទៅវិញទៅមក និង មិន​លូកលាន់​កិច្ចការ​ផ្ទៃក្នុង​គ្នា​ទៅវិញទៅមក​នោះ​។ 

​ក្រៅពី​ពិភាក្សា​ពី​បញ្ហា​ទ្វេភាគី លោក ពូ​ទីន និង​លោក ដូ​ណា​ល់ ត្រាំ ក៏បាន​ផ្លាស់ប្តូរ​មតិយោបល់​គ្នា​ផងដែរ​ពាក់ព័ន្ធ​ការដោះស្រាយ​បញ្ហា​ស៊ី​រី និង​ប្រឆាំង​ភេរវកម្ម​អន្តរជាតិ​។

១.​    ​ពូ​ទីន និង​ដូ​ណា​ល់​ត្រាំ​ឯកភាព​ប្រឆាំង​ភេរវកម្ម​រួមគ្នា​
​ក្នុង​កិច្ច​ពិ​ក្សា​តាម​ទូរ​សព្ទ​នេះ លោក ដូ​ណា​ល់ ត្រាំ និង​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ផ្តោត​សំខាន់​លើ​ការ​កម្ចាត់​ក្រុម​ភេរវជន​រដ្ឋ​អន្តរជាតិ ក៏ដូចជា​ការ​ឈានទៅ​ដោះស្រាយ​ជម្លោះ​ស៊ី​រី​ផងដែរ​។

​យ៉ាងណាមិញ មិនមាន​ការបញ្ជាក់​ច្បាស់​ពាក់ព័ន្ធ​កិច្ចពិភាក្សា​លើ​បញ្ហា​នេះ​លម្អិត​ឡើយ ប៉ុន្តែ​គេ​ត្រឹម​ដឹងថា ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា​លើ​ការប្រឆាំង​ភេរវកម្ម​រួមគ្នា​។ តាំងពីដើម​មក រាល់​ការឃោសនាបោះឆ្នោត គោលជំហរ​ចម្បង​របស់លោក ដូ​ណា​ល់ ត្រាំ គឺ​ធ្វើយ៉ាងណា​កម្ចាត់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​។​លោក​មិនសូវ​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​ស៊ី​រី​ឬ​ចង់​ទម្លាក់​មេដឹកនាំ​ស៊ី​រី ដូច​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា និង​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន​ឡើយ​។ លោក ដូ​ណា​ល់ ត្រាំ ក៏​ធ្លាប់​លើកឡើង​ថែមទៀត​ថា ការគាំទ្រ​របប​ដឹកនាំ​ស៊ី​រី​ជា​មធ្យោបាយ​ក្នុងការ​ឈានទៅ​យកជ័យ​ជម្នះ​លើ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ថែមទៀត​ផង​។​

​ដូច​ឃើញស្រាប់ ក្នុង​បទសម្ភាសន៍​ជាមួយ Wall Street Journal ចុង​សប្តាហ៍​នេះ លោក ដូ​ណា​ល់ ត្រាំ បាន​លើកឡើងថា ការគាំទ្រ​របប​លោក បា​សា អាល់​អាសាដ ដើម្បី​ប្រឆាំង​ភេរវជន​រដ្ឋ​ឥស្លាម ជា​អ្វីដែល​លោក នឹង​អនុវត្ត​។​
 
​លោក​បន្តថា លោក​មិន​ចូលចិត្ត​ប្រធានាធិបតី អាសាដ ឡើយ ប៉ុន្តែ​ការជួយ​គាំទ្រ​របប​លោក អាសាដ ជា​វិធី​តែមួយគត់​និង​ល្អ​បំផុត​ក្នុងការ​កម្ចាត់​ក្រុម​ភេរវជន​និង​ចលនា​ជ្រុលនិយម​ដែល​គំរាមកំហែង​ពិភពលោក​និង​សហរដ្ឋអាមេរិក​ផង​នោះ​។​

២.​រុស្ស៊ី​ចាប់ផ្តើម​វាយប្រហារ​ផ្លូវអាកាស​នៅ​ស៊ី​រី​ឡើ​វិញ ក្រោយ​លោក ពូ​ទីន​ជជែក​ជាមួយ​ត្រាំ​
​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ក្រោយ​មេដឹកនាំ​ទាំងពីរ​ជជែក​គ្នា គេ​ឃើញ​យន្តហោះ​ចម្បាំង​រុស្ស៊ី​ចាប់ផ្តើម​ការវាយប្រហារ​តំបន់​ជាច្រើន​នៅ​ស៊ី​រី​រួមទាំង​ក្រុង Aleppo ឡើងវិញ​ដែរ​។

​រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី​លោក Sergei Shoigu បាន​ចេញមុខ​អះអាង​ផងដែរ​ពាក់ព័ន្ធ​ការចាប់ផ្តើម​យុទ្ធនាការ​វាយប្រហារ​ផ្លូវអាកាស​ឡើងវិញ​នេះ​។ លោក​បាន​ពន្យល់ថា ការវាយប្រហារ​នេះ​ធ្វើឡើង​ដើម្បី​ប្រឆាំង​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​និង​ក្រុម Jabhat al-Nusra នៅ​ទីក្រុង Idlib និង Homs​។ ប៉ុន្តែ​លោក មិនបាន​បញ្ជាក់​ឡើយ​ថា ទ័ព​រុស្ស៊ី​បាន​វាយប្រហារ​លើ​ទីក្រុង Aleppo នោះ​។

​ការវាយប្រហារ​តាមផ្លូវ​អាកាស​នេះ​កើត​ឡើងជា​លើកដំបូង​រាប់​ចាប់​ពីថ្ងៃ ១៨ ខែតុលា នៅពេលដែល​រុស្ស៊ី​ឯកភាព​ផ្អាក​ការទម្លាក់​គ្រាប់បែក​សិន​ដើ​ម្ប​អនុញ្ញាត​ឲ្យ​មានការ​ផ្តល់ជំនួយ​មនុ​ស្ស​ធម៌​ដល់​ប្រជាជន​នៅក្នុង​តំបន់​រងគ្រោះ​។ ហើយ​ការវាយប្រហារ​ជាថ្មី​នេះ​កើតឡើង​ក្រោយ​ពេលដែល​រុស្ស៊ី​ចល័ត​នាវា​ដឹក​យន្តហោះ​ចម្បាំង Admiral Kuznetsov ពី​រុស្ស៊ី​ទៅកាន់​សមុទ្រ​ម៉េ​ឌី​ទែ​រ៉ា​ណេ​រួចរាល់​នោះ​។​

​យ៉ាងណាក៏ដោយ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បានបង្ហាញ​ក្តីបារម្ភ ហើយ​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក ច​ន ឃែ​រី បាន​ព្រមាន​ជាមុន​ចំពោះ​ការទម្លាក់​គ្រាប់បែក​នៅ​ក្រុង Aleppo ព្រោះ​គេ​មិនទាន់មាន​កិច្ចព្រមព្រៀង​ឬ​បទ​ឈប់​បាញ់​ត្រឹមត្រូវ​ឡើយ​គិត​មកដល់ពេលនេះ​៕


© រក្សាសិទ្ធិដោយ thmeythmey.com