សង្គមអន្តរជាតិ​
អន្តរជាតិ
សិង្ហ​បុរី​ដែលជា​ប្រទេស​ដ៏​តូច​មួយ​តែមាន​សាកលវិទ្យាល័យ​ស្តង់ដា​ពិភពលោក​
30, Dec 2016 , 9:19 am        
រូបភាព
សកម្ម​ភាព​របស់ក្រុមនិស្សិតសាកលវិទ្យាល័យ NUS របស់សិង្ហបុរី
សកម្ម​ភាព​របស់ក្រុមនិស្សិតសាកលវិទ្យាល័យ NUS របស់សិង្ហបុរី
ដោយ: ធីតា
​សិង្ហ​បុរី ដែលមាន​ផ្ទៃដី​តែ​ជាង ៧០០​គីឡូម៉ែត្រ​ការ៉េ​នោះ គឺជា​ប្រទេស​រីកចម្រើន និង​ផុសផុល​បំផុត​លើ​គុណភាព​វិស័យ​អប់រំ​។ ក្នុង​បញ្ជី Best Global Universities ដែល​ចាត់ថ្នាក់​ដោយ​ភ្នាក់ងារ U.S.News កាលពីពេល​ថ្មីៗ​កន្លងមកនេះ សិង្ហ​បុរី មាន​សាកលវិទ្យាល័យ​ស្តង់ដារ​កំពូល​ចំនួន​២​ក្នុងចំណោម​សាកលវិទ្យាល័យ​កំពូលៗ​ចំនួន​១០០០​នៅលើ​ពិភពលោក​។



​យោង Indicator Rankings របស់ U.S.News ប្រចាំឆ្នាំ​២០១៧ សាកលវិទ្យាល័យ National University of Singapore (NUS) មាន​ចំណាត់​លេខ​៥០​លើ​ពិភពលោក​ក្នុងចំណោម​សកលវិទ្យា​ល័យ​ស្តង់ដា​កំពូលៗ​ចំនួន​១០០០​។​

​នៅ​តំបន់​អាស៊ី NUS ជាប់​ចំណាត់ថ្នាក់​លេខ​២ បន្ទាប់ពី University of Tokyo របស់​ជប៉ុន​។ សាកលវិទ្យាល័យ NUS មាន​កម្រិត​ខ្ពស់​លើ​ការអប់រំ​ជំនាញ​វិស្វកម្ម គីមីវិទ្យា វិទ្យាសាស្ត្រ​កុំព្យូទ័រ​, Material Sciences និង​ជំនាញ​ជាច្រើន​ទៀត​។​

​សាកលវិទ្យាល័យ​មួយទៀត​របស់​សិង្ហ​បុរី​ដែល​ស្ថិតក្នុង​ចំណាត់ថ្នាក់ Best Global Universities ផងដែរ​នោះ គឺ Nanyang Technological University (NTU) ដែល​ស្ថិតនៅ​ចំណាត់ថ្នាក់​៧៤​លើ​ពិភពលោក និង​ទី​៥​នៅ​តំបន់​អាស៊ី​។​

NTU មាន​ភាពល្បីល្បាញ​លើ​ការផ្តល់​ជំនាញ​អប់រំ​ផ្នែក វិទ្យាសាស្ត្រ​សម្ភារ (Materials Science), គីមីវិទ្យា​, វិទ្យាសាស្ត្រ​កុំព្យូទ័រ​, វិស្វកម្ម ផងដែរ​។ ក្រៅពីនេះ​មាន​ជំនាញ​ផ្សេងទៀត​ដូចជា សិល្បៈ និង​មនុស្ស ជីវវិទ្យា សេដ្ឋកិច្ច វិទ្យាសាស្ត្រ​សង្គម និង​សុខភាព​សាធារណ​ជាដើម​។​

​សាកលវិទ្យាល័យ​មួយទៀត​របស់​សិង្ហ​បុរី ដែល​មិន​ស្ថិតក្នុង​ចំណោម​សាកលវិទ្យាល័យ​កំពូលៗ​ទាំង​១០០០​លើ​ពិភពលោក​នោះ គឺ Singapore Management University​។ ទោះបីជា​យ៉ាងណាក៏ដោយ សាកលវិទ្យាល័យ​នេះ មាន​ស្តង់ដា​ខ្ពស់​លើ​ការអប់រំ​ជំនាញ សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​៕




Tag:
 Best Global Universities
  អប់រំ
  សាកលវិទ្យាល័យ
© រក្សាសិទ្ធិដោយ thmeythmey.com