ភ្នំពេញ៖ តុលាការខេត្តព្រះសីហនុ បានបញ្ជូនជនល្មើស ដែលវាយដំកញ្ញា ពេជ្រ អាវីហ្សា ជាតារាសម្តែង ទៅឃុំបណ្តោះអាសន្ន។ ជនល្មើស ដែលជាប់សាច់ឈាមនឹងឧកញ៉ា ទ្រី ភាព ហើយក៏ជាអតីតសង្សាររបស់កញ្ញា ពេជ្រ អាវីហ្សា ផងនោះ ត្រូវបានដាក់ឲ្យសិ្ថតនៅក្រោមការស៊ើបអង្កេតរបស់តុលាការ ពាក់ព័ន្ធនឹងការប្រើអំពើហិង្សា។
ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រះសីហនុ ចេញដីកាមួយ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ដើម្បីបញ្ជាសមត្ថកិច្ច ឲ្យនាំលោក គៀង ហេង ដែលជាប់សាច់ឈាមជាមួយឧកញ៉ា ទ្រីភាព ហើយក៏ជាអតីតសង្សាររបស់កញ្ញា អាវីហ្សា ទៅឃុំបណ្តោះអាស្ន។ ការសម្រេចបែបនេះ គឺធ្វើឡើង បន្ទាប់ពី លោក គៀង ហេង និងកញ្ញា អាវីហ្សា ត្រូវបាននាំខ្លួន ទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីសួរចម្លើយពួកគេ ពីហេតុការណ៍ដែលបានកើតឡើង។
យោងតាមដីកាខាងលើ ចៅក្រមស៊ើបសួរ បានដាក់លោក គៀង ហេង ដែលវាយដំកញ្ញា អាវីហ្សា ឲ្យរងរបួសធ្ងន់ធ្ងរលើផ្ទៃមុខ ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ «ហិង្សាដោយចេតនា»។
ពាក់ព័ន្ធនឹងអំពើហិង្សាខាងលើ
ក្រុមសង្គមស៊ីវិលមួយចំនួន ដែលធ្វើការលើកស្ទួយសិទ្ធិស្ត្រីនៅកម្ពុជា បានចេញមុខរិះគន់លោក គៀង ហេង ដែលហ៊ានប្រើអំពើហិង្សា លើកញ្ញា អាវីហ្សា ដោយមិនគិតពីតម្លៃស្រី្ត។ សង្គមស៊ីវិលទាំងនោះ បានចាត់ទុកទង្វើរបស់លោក គៀង ហេង ថាធ្វើឲ្យប៉ះពាល់ដល់សីលធម៌សង្គមយ៉ាងធ្ងន់ធ្ងរ និងធ្វើឲ្យបាត់បង់តម្លៃជាបុរស។ ពួកគេ បានស្នើឲ្យតុលាការ ដាក់ទោសទណ្ឌលើលោក គៀង ហេង ទៅតាមផ្លូវច្បាប់។
ចំណែកឯ សមាគមសិល្បករខ្មែរ ដែលមាន លោក សុះ ម៉ាច ជាប្រធានឯណោះវិញ ក៏បានត្រៀមលក្ខណៈក្នុងការជួយជ្រោមជ្រែងដល់កញ្ញា អាវីហ្សាផងដែរ។ លោក សុះ ម៉ាច ដែលជាតារាចម្រៀងបែបមនោសញ្ចេតនា បានអះអាងថា ប្រសិនបើ កញ្ញា អាវីហ្សា ដាក់ពាក្យប្តឹងទៅកាន់តុលាការ ហើយត្រូវការមេធាវី នោះសមាគមសិល្បករខ្មែរ នឹងផ្តល់មេធាវីដល់កញ្ញា អាវីហ្សា។
ដោយឡែក លោក គឹម សន្តិភាព អ្នកនាំពាក្យរបស់ក្រសួងយុត្តិធម៌ ក៏បានបកស្រាយពីករណីខាងលើដែរ។ លោក បានពន្យល់តាមផ្លូវច្បាប់ថា ការប្រើអំពើហិង្សា គឺជាបទល្មើព្រហ្មទណ្ឌ ដូច្នេះស្ថាប័នអយ្យការ រួមទាំងសមត្ថកិច្ចដែលជាប់ព័ន្ធ កំពុងតែចាត់វិធានការយ៉ាងយកចិត្តទុកដាក់ ដើម្បីឈានដល់ការផ្តន្ទាទោសចំពោះជនល្មើស។ អ្នកនាំពាក្យរូបនេះ សង្កត់ធ្ងន់ថា ការសម្របសម្រួល ឬការទទួលយកសំណង គឺជាផ្នែកមួយនៃការដោះស្រាយផ្ទាល់រវាងជនរងគ្រោះ និងជនល្មើស តែនីតិវិធីផ្នែកព្រហ្មទណ្ឌ នៅតែបន្តដដែល។
ដោយសារតែសារព័ត៌មានជាច្រើន បានចុះផ្សាយយ៉ាងព្រោងព្រាត ហើយថែមទាំងភ្ជាប់ឈ្មោះរបស់ខ្លួនទៅនឹងរឿងរ៉ាវខាងលើ លោក ទ្រី ភាព ដែលមានងារជាឧកញ៉ា ក៏បានចេញមុខបកស្រាយ នៅលើទំព័រហ្វេសប៊ុក ដែលមានឈ្មោះថា «TRY PHEAP GROUP CO.,LTD»។ តាមរយៈទំព័រហ្វេស៊ុកនោះ លោក ទ្រី ភាព បានប្រកាសថា លោក គៀង ហេង ពិតជាសាច់ញាតិខាងប្រពន្ធរបស់ខ្លួនមែន ប៉ុន្តែ លោក ទ្រី ភាព នៅតែជំរុញឲ្យតុលាការចាត់ការ ទៅលើជនដែលប្រព្រឹត្តបទល្មើស។
លោក ទ្រី ភាព បានបញ្ជាក់ទៀតថា អំពើហិង្សាខាងលើ មិនជាប់ពាក់ព័ន្ធជាមួយនឹងរូបលោកឡើយ។ ជាងនេះទៀត ឧកញ៉ាល្បីឈ្មោះរូបនេះ ក៏បានស្នើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកទាំងអស់ កុំភ្ជាប់ករណីហិង្សានេះ ជាមួយនឹងរូបលោក ព្រោះវាជារឿងបុគ្គលផ្ទាល់ខ្លួន។
សូមរម្លឹកបន្តិចថា លោក គៀង ហេង បានវាយដំកញ្ញា អាវីហ្សា ឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរនៅលើផ្ទៃមុខ នៅក្លឹបកម្សាន្តមួយ ក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦។ ក្រោយមក កញ្ញា អាវីហ្សា ក៏បានទម្លាយហេតុការណ៍ខាងលើ នៅតាមបណ្តាញសង្គមហ្វេសប៊ុក តែម្តង៕