កីឡាជាតិ
កីឡាអន្តរជាតិ
AFF Suzuki Cup៖ គ្រូ​ម៉ាឡេស៊ី​ជឿថា ក្រុម​លោក​អាច​ផ្ដួល​គ្រប់​ក្រុម​ទាំងអស់​
17, Nov 2016 , 9:39 pm        
រូបភាព
គ្រូបង្វឹកជម្រើសជាតិម៉ាឡេស៊ី លោក Ong Kim Swee (រូបភាពី affsuzukicup.com)
គ្រូបង្វឹកជម្រើសជាតិម៉ាឡេស៊ី លោក Ong Kim Swee (រូបភាពី affsuzukicup.com)
​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ី លោក Ong Kim Swee  បានបង្ហាញ​ទំនុកចិត្ត​ខ្ពស់​ក្នុង​ការដណ្ដើម​ពានរង្វាន់ AFF Suzuki Cup 2016 ដែល​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា​។ គ្រូបង្វឹក​ជម្រើសជាតិ​ម៉ាឡេស៊ី​រូបនេះ ជឿជាក់ថា ការរួបរួម​គ្នា និង​ភាពរឹងមាំ​របស់​កីឡាករ​ខ្សែប្រយុទ្ធ នឹង​នាំ​ជោគជ័យ​ឲ្យ​ក្រុម​ម៉ាឡេស៊ី​មិន​ខាន​។



​ការ​ប្រ​កួ​ត​ពានរង្វាន់​ប្រចាំ​តំបន់ AFF នឹង​ចាប់ផ្ដើម​នៅ​ចុង​សប្ដាហ៍​នេះ ដោយមាន​សហ​ម្ចាស់ផ្ទះ​ពីរ គឺ​ហ្វីលីពីន និង​មី​យ៉ាន់​ម៉ា​។ នៅមុន​ការប្រកួត​មកដល់ ក្រុម​ជម្រើសជាតិ​ទាំង​៨​ក្រុម សុទ្ធតែ​បាន​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ការប្រកួត​ដ៏​ធំ​នេះ​។ ដោយឡែក គ្រូបង្វឹក​ជម្រើសជាតិ​ម៉ាឡេស៊ី លោក Ong Kim Swee មាន​ជំនឿ​ចិត្ត​ថា កូនក្រុម​របស់លោក នឹងធ្វើ​បានល្អ និង​អាច​ផ្ដួល​គ្រប់​ក្រុម​ទាំងអស់​។​
 
ក្នុង​កិច្ច​សម្ភាស​ជាមួយ affsuzukicup.com គ្រូបង្វឹក​វ័យ​៤៥​ឆ្នាំ​រូបនេះ​បានបង្ហាញ​ពី​ទំនុកចិត្ត​លើ​កូនក្រុម​របស់លោក បើទោះជា​កីឡាករ​សំខាន់​មួយចំនួន ចូលនិវត្តន៍​ក៏ដោយ​។ លោក Ong Kim Swee និយាយថា​៖ «​នេះ​គឺជា​ការប្រកួត​ធំ​បំផុត​សម្រាប់​អាស៊ីអាគ្នេយ៍​ទាំងមូល​។ ខ្ញុំ​គិតថា គ្រប់​ក្រុម​ទាំងអស់​មាន​កម្រិត​លេង​ស្មើគ្នា លើកលែង​ទាំង​ជម្រើសជាតិ​ថៃ​ប៉ុណ្ណោះ ដ្បិត​តំបន់​ប្រយុទ្ធ​របស់គេ ផ្លាស់​ទី​បាន​រហ័ស​។​»

​គ្រូបង្វឹក​រូបនេះ ជឿថា ក្រុម​ដែលមាន​ការលេង​រឹងមាំ នឹងមាន​ឱកាស​ច្រើន​ដើម្បី​ក្លាយជា​ជើងឯក​។ ចំពោះ​ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ី​វិញ លោក​សង្ឃឹមថា កីឡាករ​ទាំងអស់​នឹង​ប្រឹង​អស់ពី​សមត្ថភាព ហើយ​ម៉ាឡេស៊ី ក្លាយជា​ជើងឯក​ប្រចាំឆ្នាំ​២០១៦ ក្រោយ​ខកខាន​ប្រាំ​មួយឆ្នាំ​មកហើយ​។

​លោក Ong Kim Swee សង្កត់ធ្ងន់ថា​៖ «​ជា​បច្ចេកទេស យើង​មាន​កម្រិត​ស្មើគ្នា​ដូច​ក្រុម​ដទៃទៀត​។ ប៉ុន្តែ​នៅ​ថ្ងៃ​ប្រកួត ប្រសិនបើ​យើង​មាន​ទិច​និ​ច​ល្អ ព្រមជាមួយ​ការប្រមូលផ្ដុំ​អារម្មណ៍​បានល្អ​ទៀត យើង​អាច​ផ្ដួល​គ្រប់​ក្រុម​ទាំងអស់​បាន​»​។​

​សូមបញ្ជាក់ថា ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ី ស្ថិតនៅក្នុង​ពូ​ល B ដែលមាន​ម្ចាស់ផ្ទះ​មី​យ៉ាន់​ម៉ា កម្ពុជា និង​វៀតណាម​។ ក្រុម​ម៉ាឡេស៊ី នឹង​បើកឆាក​ការប្រកួត​នេះ តទល់​នឹង​ក្រុម​ជម្រើសជាតិ​កម្ពុជា នៅ​ថ្ងៃទី​២០ ខែវិច្ឆិកា ក្នុង​ទីក្រុង​យ៉ាំង​ហ្គោ​ន​។ ចំណែកឯ​ពូ​ល A មាន​សហ​ម្ចាស់ផ្ទះ​ហ្វីលីពីន ថៃ សិង្ហ​បុរី និង​ឥណ្ឌូណេស៊ី​៕


Tag:
 ម៉ាឡេស៊ី​
 ​បាល់ទាត់​
  AFF Suzuki Cup
© រក្សាសិទ្ធិដោយ thmeythmey.com