ជាតិ
ក្រសួង​ដាក់​ឲ្យ​ដំណើរការ​មន្ទីរពិសោធន៍​ចល័ត​លើកដំបូង ដើម្បី​ទប់ស្កាត់​អាហារ​ខូចគុណភាព​
18, Nov 2016 , 8:19 am         9936
រូបភាព
មន្ទីពិសោធន៍(រូបភាពពីក្រសួងពាណិជ្ជកម្ម)
មន្ទីពិសោធន៍(រូបភាពពីក្រសួងពាណិជ្ជកម្ម)
 
​ភ្នំពេញ​៖ ក្រសួងពាណិជ្ជកម្ម នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា បានដាក់​ឲ្យ​ប្រើប្រាស់​មន្ទីរពិសោធន៍​ចល័ត (Mobile Lap) មួយគ្រឿង ដើម្បី​ទប់ស្កាត់​ការ​ចរាចរ​ម្ហូបអាហារ​ដែល​ប៉ះពាល់​សុខភាព នៅលើ​ទីផ្សារ​។

 
​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្ដិ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា មន្ទីរពិសោធន៍​ចល័ត​នៅលើ​រថយន្ត​នេះ នឹង​អាច​វិភាគ​ផលិតផល​ម្ហូបអាហារ​នៅ​គ្រប់​ទីកន្លែង ដោយ​ទទួលបាន​លទ្ធផល​វិភាគ​ឆាប់រហ័ស ហើយ​អាច​ឲ្យ​មន្ត្រី​ជំនាញ​កាំកុងត្រូល​ចាត់វិធានការ​ឆ្លើយតប​ទាន់ពេលវេលា​ចំពោះ​ទំនិញ​មាន​ផ្ទុក​សារធាតុ​គីមី ឬ​ខូចគុណភាព​។​
 
​មន្ទីរពិសោធន៍​ចល័ត ដែល​បំពាក់​លើ​រថយន្ត Ford Transit នេះ មានតម្លៃ​សរុប​ជិត ១២​ម៉ឺន​ដុល្លារ​។ លោក​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម ឲ្យ​ដឹងថា ជំហាន​ដំបូង មន្ទីរពិសោធន៍​នេះ នឹងត្រូវ​ដាក់​ឲ្យ​ចល័ត​នៅ​រាជធានី​ភ្នំពេញ ពិសេស​នៅតាម​ផ្សារ ។ 
  
 
​លោក ប៉ាន សូរ​ស័ក្ដិ អះអាងថា ក្រសួង​បានដាក់​សំណើសុំ​ជំនួយ​ពី​ភាគី​ចិន ដើម្បី​រៀបចំ​ឲ្យ​មាន​មន្ទីរពិសោធន៍​ចល័ត​នៅ​គ្រប់​ខេត្ត​ទាំងអស់ និង​មន្ទីរពិសោធន៍​តាម​ច្រកព្រំដែន​។ ទាក់ទិន​នឹង​គម្រោង​ដំឡើង​មន្ទីរពិសោធន៍​នេះ លោក សូរ​ស័ក្ដិ បញ្ជាក់ថា រដ្ឋាភិបាល​បាន​កសាង​មន្ទីរពិសោធន៍​ចំនួន​បី​កន្លែង ដោយ​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន នៅ​ច្រកព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត បាវិត និង​ច្រក​សមុទ្រ​ខេត្ត​ព្រះសីហនុ​។​
 
​សាធារណជន អាច​ស្នើ​ឲ្យ​មន្ត្រី​កាំកុងត្រូល​ចុះទៅ​ត្រួតពិនិត្យ​ផលិតផល​ចំណីអាហារ ដែល​សង្ស័យថា​ខូចគុណភាព ឬ​មាន​ផ្ទុក​សារធាតុ​គីមី ដោយ​ប្រើ​មន្ទីរពិសោធន៍​ចល័ត​នេះ តាមរយៈ​លេខ​ទូរស័ព្ទ ០១២ ៥២៦ ៦៦០ ឬ ០១២ ២៧៨ ៧៨៩​។ សេវា​ពិសោធន៍​ម្ហូបអាហារ​នេះ មិនមាន​គិត​កម្រៃ​នោះទេ​៕
  


Tag:
 មន្ទីរពិសោធន៍​
  ប៉ាន សូរ​ស័ក្ដិ​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev123next