ជាតិ
ក្រសួងដាក់ឲ្យដំណើរការមន្ទីរពិសោធន៍ចល័តលើកដំបូង ដើម្បីទប់ស្កាត់អាហារខូចគុណភាព មន្ទីពិសោធន៍(រូបភាពពីក្រសួងពាណិជ្ជកម្ម)
×
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៧ ខែវិច្ឆិកា បានដាក់ឲ្យប្រើប្រាស់មន្ទីរពិសោធន៍ចល័ត (Mobile Lap) មួយគ្រឿង ដើម្បីទប់ស្កាត់ការចរាចរម្ហូបអាហារដែលប៉ះពាល់សុខភាព នៅលើទីផ្សារ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ដិ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា មន្ទីរពិសោធន៍ចល័តនៅលើរថយន្តនេះ នឹងអាចវិភាគផលិតផលម្ហូបអាហារនៅគ្រប់ទីកន្លែង ដោយទទួលបានលទ្ធផលវិភាគឆាប់រហ័ស ហើយអាចឲ្យមន្ត្រីជំនាញកាំកុងត្រូលចាត់វិធានការឆ្លើយតបទាន់ពេលវេលាចំពោះទំនិញមានផ្ទុកសារធាតុគីមី ឬខូចគុណភាព។
មន្ទីរពិសោធន៍ចល័ត ដែលបំពាក់លើរថយន្ត Ford Transit នេះ មានតម្លៃសរុបជិត ១២ម៉ឺនដុល្លារ។ លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឲ្យដឹងថា ជំហានដំបូង មន្ទីរពិសោធន៍នេះ នឹងត្រូវដាក់ឲ្យចល័តនៅរាជធានីភ្នំពេញ ពិសេសនៅតាមផ្សារ ។
លោក ប៉ាន សូរស័ក្ដិ អះអាងថា ក្រសួងបានដាក់សំណើសុំជំនួយពីភាគីចិន ដើម្បីរៀបចំឲ្យមានមន្ទីរពិសោធន៍ចល័តនៅគ្រប់ខេត្តទាំងអស់ និងមន្ទីរពិសោធន៍តាមច្រកព្រំដែន។ ទាក់ទិននឹងគម្រោងដំឡើងមន្ទីរពិសោធន៍នេះ លោក សូរស័ក្ដិ បញ្ជាក់ថា រដ្ឋាភិបាលបានកសាងមន្ទីរពិសោធន៍ចំនួនបីកន្លែង ដោយចំណាយថវិកាផ្ទាល់ខ្លួន នៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត បាវិត និងច្រកសមុទ្រខេត្តព្រះសីហនុ។
សាធារណជន អាចស្នើឲ្យមន្ត្រីកាំកុងត្រូលចុះទៅត្រួតពិនិត្យផលិតផលចំណីអាហារ ដែលសង្ស័យថាខូចគុណភាព ឬមានផ្ទុកសារធាតុគីមី ដោយប្រើមន្ទីរពិសោធន៍ចល័តនេះ តាមរយៈលេខទូរស័ព្ទ ០១២ ៥២៦ ៦៦០ ឬ ០១២ ២៧៨ ៧៨៩។ សេវាពិសោធន៍ម្ហូបអាហារនេះ មិនមានគិតកម្រៃនោះទេ៕
Tag:
មន្ទីរពិសោធន៍
ប៉ាន សូរស័ក្ដិ
© រក្សាសិទ្ធិដោយ thmeythmey.com