ជាតិ
ពៅ បញ្ញាពេជ្រ អង្គុយលើកៅអីច្រៀងក្នុងទូរទស្សន៍លើកដំបូង
× កញ្ញា ពៅ បញ្ញាពេជ្រ បានបង្ហាញវត្តមានលើកដំបូងនៅក្នុងកញ្ចក់ទូរទស្សន៍ បន្ទាប់ពីការប្រហារកាលពីជាង១០ឆ្នាំមុន។ ជាវត្តមានលើកដំបូងនៅក្នុងកញ្ចក់ទូរទស្សន៍ ប៉ុន្តែកន្លងមក បញ្ញាពេជ្រ ក៏ធ្លាប់ចូលរួមក្នុងកម្មវិធីសប្បុរសធម៌មួយចំនួនផងដែរ។
អតីតតារាចម្រៀង ពៅ បញ្ញាពេជ្រ បានបង្ហាញវត្តមានដ៏កម្ររបស់ខ្លួន នៅក្នុងកម្មវិធីតន្ត្រី Pocari sweat របស់ទូរទស្សន៍ស៊ីអ៊ិនស៊ី នៅរាត្រីថ្ងៃទី១៨ ខែវិច្ឆិកា។ នេះជាវត្តមាននៅលើ កញ្ចក់ទូរទស្សន៍លើកដំបូងរបស់ ពៅ បញ្ញាពេជ្រ បន្ទាប់ពីនាងត្រូវគេបាញ់ប្រហារកាលពីជាង១០ឆ្នាំមុន។
ស្ថិតក្នុងសំលៀកបំពាក់យ៉ាងសាមញ្ញ គឺអាវពណ៌ខ្មៅ និងខោខ្លីពណ៌ផ្កាឈូក ពៅ បញ្ញាពេជ្រ បានអង្គុយលើកៅអី ដើម្បីបង្ហើរសំនៀងដែលនៅតែផ្អែមស្រន់របស់ខ្លួន ជូនទស្សនិកជន។ ជាមួយនឹងស្នាមញញឹមជាប់ផង បញ្ញាពេជ្រ បានច្រៀងចម្រៀងចំនួន២ បទ គឺបទទី១ មានចំណងជើងថា ដានស្នេហ៍ និងបទទី២ គឺបទ ANA ។
ជាមួយវត្តមានលើកដំបូងនេះ ក៏មានកិច្ចសម្ភាសន៍ពិសេសជាមួយអតីតតារាចម្រៀងដែលមានសំនៀងផ្អែមស្រទន់រូបនេះផងដែរ បន្ទាប់ពីច្រៀងចប់បទទី១ ។ តាមរយៈកិច្ចសម្ភាសន៍នេះ ពៅ បញ្ញាពេជ្រ រៀបរាប់ថាស្ថានភាពជំងឺរបស់នាង បានល្អប្រសើរបន្តិច ប៉ុន្តែឱកាសដែលខ្លួនអាចដើរបានវិញ គឺនៅស្រពិចស្រពិលនៅឡើយ។ បើតាមអតីតតារាចម្រៀងរូបនេះ ស្ថានភាពរបស់នាង គឺទាក់ទងនឹងសសៃខួរឆ្អឹងខ្នង ដែលពិបាកព្យាបាល ដូច្នេះត្រូវការពេលវេលាយូរ និងការប្រឹងប្រែងព្យាបាលតាមបែបវិទ្យាសាស្ត្រ។
ទោះជាយ៉ាងនេះក្តី បញ្ញាពេជ្រ បញ្ជាក់ថា នាងត្រូវធ្វើចិត្តឲ្យសប្បាយ និងទទួលយកលទ្ធផលនៅថ្ងៃអនាគត។ បញ្ញាពេជ្រ បន្តរៀបរាប់ទាំងរលីងរលោងទឹកភ្នែក ដូច្នេះថា៖«បើសិនជាយើងអាចមានសំណាង ឬឱកាសល្អ យើងអាចដើរដោយធម្មជាតិ ប៉ុន្តែបើសិនជាយើងមិនមានសំណាងទេ ដូចនាងខ្ញុំរាងធ្ងន់អ៊ីចឹង អាចនឹងពិការរហូត ប៉ុន្តែយើងធ្វើចិត្ត។ បើសិនជាពិការមួយជីវិតក៏យើងទទួលយក បើសិនជាអាចដើរបាននៅថ្ងៃណាមួយ ក៏នាងខ្ញុំបានសប្បាយចិត្ត»។
នៅក្នុងកិច្ចសម្ភាសន៍ដដែលនោះ កញ្ញា ពៅ បញ្ញាពេជ្រ បានឲ្យដឹងរយៈពេលជាង១០ឆ្នាំមកនេះ នាងបានចំណាយប្រាក់អស់ប្រមាណ២០ម៉ឺនដុល្លារហើយ ក្នុងការព្យាបាល។ ថវិកាទាំងនោះ គឺបានមកពីសប្បុរសជនក្នុងស្រុក និងក្រៅស្រុក រួមនឹងការលក់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនផង។
អតីតតារាចម្រៀងសំនៀងផ្អែម ពៅ បញ្ញាពេជ្រ ត្រូវឃាតករបាញ់ប្រហារនៅកណ្តាលក្រុងភ្នំពេញ កាលពីខែកុម្ភៈ ឆ្នាំ២០០៧។ នាង ត្រូវបានបញ្ជូនទៅព្យាបាលនៅប្រទេសវៀតណាមក្រោយការបាញ់ប្រហារ ហើយបញ្ជូនទៅព្យាបាលបន្តនៅក្នុងប្រទេសថៃ រហូតមកដល់ពេលនេះ៕
Tag:
ពៅ បញ្ញាពេជ្រ
សិល្បៈ
© រក្សាសិទ្ធិដោយ thmeythmey.com