អន្តរជាតិ
ចិន ខឹងសម្បារ និង​ទទូច​ឲ្យ​វៀតណាម រុះរើ​សំណង់​ចេញពី​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ជាបន្ទាន់
19, Nov 2016 , 8:19 pm        
រូបភាព
ដោយ:
​រឿង​ជម្លោះទឹកដី​សមុទ្រ​ចិន​ខាងត្បូង មិនចេះ​ស្ងាត់​ឡើយ​។ មិន​ស្ងាត់​នោះ​គឺ ចិន និង​វៀតណាម បាន​ប្រឈមមុខគ្នា​សារ​ថ្មី ដោយ ចិន​បាន​ទទូច​ឲ្យ​វៀតណាម ដកខ្លួន​ចេញពី​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ដែល​ចិន អះអាងថា​ជា​អធិបតេយ្យ​របស់ខ្លួន ក្រោយពី​អ្នកជំនាញ​អាមេរិក បានចេញ​របាយការណ៍​មួយ​ថ្មី​ចុងក្រោយ​ថា វៀតណាម បាន​សាង់សង់​សំណង់​ថ្មី​នៅក្នុង​ប្រជុំ​កោះ​សមុទ្រ​ចិន​ខាងត្បូង​នោះ​។



​ឆ្លើយ​នឹង​សំណួរ​នា​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​១៨ ខែវិច្ឆិកា ថា​តើ​ចិន គិត​បែបណា​ចំពោះ​របាយការណ៍​របស់​អ្នកជំនាញ​អាមេរិក​ដែលថា វៀតណាម​កំពុងតែ​សាងសង់​ផ្លូវ​ចុះចត​យន្តហោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង មន្ត្រី​ក្រសួងការបរទេស​ចិន បាន​បញ្ជាក់ថា ចិន ពិតជា​ប្រឆាំង​ដាច់ខាត​រាល់​សកម្មភាព​គ្រប់គ្រង​ដោយ​ខុសច្បាប់ និង​សំណង់​នៅលើ​តំបន់​កោះ​មួយចំនួន​ដែល​ស្ថិតនៅក្នុង​អធិបតេយ្យ​ចិន​នៃ​សមុទ្រ​ចិន​ខាងត្បូង​។

​លោក Geng Shuang អ្នកនាំពាក្យ​ក្រសួងការបរទេស​រូប​នេះ បាន​សង្កត់​យ៉ាង​ដូច្នេះ​ថា​៖ «​យើង ទទូច​យ៉ាង​មុតមាំ​ឲ្យ​រាល់​ប្រទេស​ពាក់ព័ន្ធ​គោរព​អធិបតេយ្យ​និង​សិទ្ធិ​ស្របច្បាប់ និង​ផលប្រយោជន៍​របស់​ចិន បញ្ឈប់​សកម្មភាព​គ្រប់គ្រង និង​សាងសង់​ជាបន្ទាន់ និង​ដក​រាល់​សម្ភារ និង​សំណង់​ផ្សេងៗ​ពី​តំបន់​ប្រជុំ​កោះ​មួយចំនួន​នៃ​សមុទ្រ​ចិន​ខាងត្បូង​»​។

​ប្រតិកម្ម​ខ្លាំង​របស់​ក្រុង​ប៉េកាំង ធ្វើឡើង​បន្ទាប់ មាន​រូបភាព​ដែល​ចាប់​ដោយ​ប្រព័ន្ធ​ផ្កាយរណប បានបង្ហាញ​ពី​សកម្មភាព​វាតទី​របស់​វៀតណាម​នៅក្នុង​ប្រជុំ​កោះ​ស្ព្រា​ត​លី ដែលជា​ប្រជុំ​កោះ​ដ៏​សំខាន់​នៃ​សមុទ្រ​ចិន​ខាងត្បូង​។ រូបភាព​ដែល​ត្រូវបាន​រាយការណ៍​លម្អិត​ដោយ​គំនិត​ផ្តួចផ្តើម​តម្លាភាព​សមុទ្រ​ក្រុង​វ៉ាស៊ីនតោន​ដែលជា​គម្រោង​មួយ​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ CSIS បាន​អះអាងថា វៀតណាម បាន​នឹង​កំពុងតែ​សាងសង់​ចំណត​យន្តហោះ​ដែលមាន​រយៈ​ចម្ងាយ​ចន្លោះ ៧៦០ ម៉ែត និង ១០០០​ម៉ែត​។ របាយការណ៍​នោះ ក៏បាន​បន្ថែម​ដែរ​ថា សំណង់​នោះ អាច​នឹង​បន្ត​ក្នុង​រយៈ​ចម្ងាយ​ជាង​១.២ គីឡូ​ម៉ែត​ឯនោះ​។

​សូម​ជម្រាប​ផងដែរ​ថា ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង គឹជា​ជម្លោះ​អធិបតេយ្យ​ដែលមាន​រដ្ឋ​ពាក់ព័ន្ធ​ជា​សមាជិក​អាស៊ាន​មានដូចជា ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម ជាមួយនឹង​ចិន​។ តំបន់​វិវាទ​ខ្លាំង និង​ជា​តំបន់​ត្រួតស៊ីគ្នា​រវាង​រដ្ឋ​ពាក់ព័ន្ធ​នោះ​គឺ ប្រជុំ​កោះ​ស្ព្រា​ត​លី និង​ប្រជុំ​កោះ​ប៉ា​រ៉ា​ស្សែ​ល ដែល​ចិន បានទាមទារ​គ្រប់គ្រង​ស្ទើរតែ​ទាំងស្រុង​នោះ​។​

​រយៈពេល​ចុងក្រោយ បន្ទាប់ពី​ហ្វីលីពីន បន្ទន់ឥរិយាបថ​បន្តិច​ទៅរក​ការចរចា​ទ្វេភាគី​ជាមួយនឹង​ចិន មានតែ​វៀតណាម ប៉ុណ្ណោះ​នោះទេ ដែល​បន្ត​តទល់​ជាមួយនឹង​ចិន​។ ភាគី​ទាំងពីរ តែងតែ​ចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស​គ្នា​ទៅវិញទៅមក ក្រោយពី​ភាគី​ណាមួយ​ធ្វើ​សកម្មភាព​លើសលួស​គ្នា​នោះ​។ តែ​ការប្រឈមមុខ​ផ្នែក​អាវុធ​ទ្រង់ទ្រាយ​ធំ មិនទាន់​កើតមាន​នៅក្នុង​តំបន់​ជម្លោះ​នេះ​នៅឡើយ​នោះទេ​៕


Tag:
 ចិន​
  វៀតណាម​
  សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com